មន្ត្រី​ជាន់​ខ្ពស់​បដិសេធ​ព័ត៌មាន​ថា កែ គឹមយ៉ាន ត្រូវ​គេ​ចាប់​ឃុំ​ខ្លួន

មន្រ្តី​ជាន់​ខ្ពស់​ក្រសួង​ការពារ​ជាតិ​និង​អ្នក​នាំ​ពាក្យ​នៃ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​បាន​បដិសេធ​ពាក្យ​លេច​ឮ​ដែល​ថា លោក​នាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន អគ្គ​មេបញ្ជាការ​កងទ័ព​ជាតិ ដែល​បាន​ត្រូវ​ដក​តំណែង​កាលពី​ចុង​ខែ​មករា​កន្លង​មក​នោះ​បាន​ត្រូវ​នាំ​ខ្លួន​មក​រក្សា​ទុក​នៅ​ទី​បញ្ជាការដ្ឋាន​កង​រាជ​អាវុធហត្ថ​ជាតិ​នៅ​ចុង​សប្តាហ៍​នេះ។

ឧប​នាយក​រដ្ឋមន្រ្តី​និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​គឺ​លោក​នាយ​ឧត្តមសេនីយ៍ ទៀ បាញ់ បាន​មាន​ប្រសាសន៍​បដិសេធ​ខ្លី​ទៅ​កាន់​វិទ្យុ​អាស៊ីសេរី​កាលពី​រសៀល​នេះ​ថា ពុំ​មាន​ព្រឹត្តិការណ៍​ដូច​ពាក្យ​លេច​ឮ​នោះ​ឡើយ ៖ «ទៅ​ជឿ​ចចាមអារ៉ាម​ហ្នឹង... ថា​គ្មាន​គេ​ចាប់ គេ​ចោទ​អី​ឯ​ណា! អត់​មាន​ទេ...»

ពាក្យ​ចចាម​អារ៉ាម​អំពី​ការនាំ​ខ្លួន​លោក​នាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន និង​លោក​ឧត្តមសេនីយ៍ ឈិន ចាន់ពណ៌ អតីត​មេ​បញ្ជាការ​រង​កង​រាជ​អាវុធហត្ថ​ជាតិ និង​ឃាត់​ខ្លួន​មន្រ្តី​យោធា​ជាន់​ខ្ពស់​ទាំង​ពីរ​រូប​នេះ​បាន​លេច​ឮ​នៅ​ក្នុង​មជ្ឈដ្ឋាន​មន្រ្តី​ជាន់​ខ្ពស់​និង​អ្នក​នយោបាយ​មួយចំនួន។

លោក​រដ្ឋលេខាធិការ ផៃ ស៊ីផាន នៃ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​ដែល​បាន​ស្តី​បន្ទោស​ចំពោះ​អ្នក​ដែល​បាន​ធ្វើ​ឲ្យ​លេច​ឮ​នូវ​សេចក្តី​រាយការណ៍​សម្ងាត់​ដែល​ជា​កម្មសិទ្ធិ​ផ្តាច់​មុខ​របស់​រដ្ឋាភិបាល​ស្តីពី​អង្គប្រជុំ​របស់​គណៈ​រដ្ឋមន្រ្តី​ចុះ​ថ្ងៃ​ទី​២៩ ខែ​មករា ទាក់​ទង​នឹង​ការសម្រេច​ចាត់​វិធានការ​ផ្លូវ​ច្បាប់​កាលពី​ពេល​ថ្មីៗ​នេះ​បាន​មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​អាច​បញ្ជាក់​ជា​ផ្លូវការ​អំពី​ដំណឹង​ឃាត់​ខ្លួន​នេះ​បាន​ឡើយ។

លោក ផៃ ស៊ីផាន បាន​មាន​ប្រសាសន៍​ថា ៖ «ចំពោះ​ម៉ោង​នេះ​ផ្អើល​ពេញ​ស្រុក​ថា​គេ​ឃាត់​ឯកឧត្ដម កែ គឹមយ៉ាន អញ្ជើញ​គាត់​ទៅ​នៅ​ក្នុង​កន្លែង​កង​រាជ​អាវុធហត្ថ​ការពារ​ផ្ទៃ​ប្រទេស អា​ហ្នឹង​វា​ជា Rumor (ពាក្យ​ចចាម​អារ៉ាម)។ ខ្ញុំ​អត់​ដឹង​សាច់​រឿង​ទេ ខ្ញុំ​ឆ្លើយ​តប​មិន​បាន​ទេ​ពីព្រោះ​វា​ថ្មី​ពេក ហើយ​ព័ត៌មាន​នេះ​ជា​ព័ត៌មាន​ឮ​តាម​គេ ឮ​តាម​ថា ដឹង​តាម​គេ គេ​ហ្នឹង​ដឹង​ត​គ្នា មិន​ទាន់​ថា​ព័ត៌មាន​ហ្នឹង​ជា​ព័ត៌មាន​ពិត​ប្រាកដ​ដែល​អាច​ផ្សព្វផ្សាយ​ជា​សាធារណៈ​បាន​ទេ លើកលែង​តែ​អ្នក​ធ្វើ​ព័ត៌មាន​ហ្នឹង​ស៊ើបសួរ​បញ្ជាក់​ច្បាស់​ពី​អាជ្ញាធរ​ឬ​មន្ត្រី​ដែល​ពាក់ព័ន្ធ​ទទួល​ការខុស​ត្រូវ​ក្នុង​ហ្នឹង»

វិទ្យុ​អាស៊ីសេរី​បាន​ព្យាយាម​ធ្វើការ​ទាក់ទង​មន្រ្តី​ផ្លូវការ​នៃ​បញ្ជាការដ្ឋាន​កង​រាជ​អាវុធហត្ថ​ការពារ​លើ​ផ្ទៃ​ប្រទេស​ដើម្បី​សុំ​សេចក្តី​បញ្ជាក់​អំពី​វត្តមាន​របស់​លោក​នាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន នៅ​ទី​នោះ ប៉ុន្តែ​សេចក្តី​ព្យាយាម​នោះ​ពុំ​បាន​សម្រេច​នៅ​ឡើយ​ទេ។

ទោះ​បី​យ៉ាង​ណា​ក្តី​ប្រភព​ជិត​ស្និទ្ធ​នឹង​ទីបញ្ជាការដ្ឋាន​នៃ​កង​រាជ​អាវុធហត្ថ​ការពារ​លើ​ផ្ទៃ​ប្រទេស​ដែល​បាន​មាន​ប្រសាសន៍​ក្នុង​លក្ខខណ្ឌ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា ព័ត៌មាន​លេច​ឮ​នោះ​ជា​រឿង​ពិត។

សុន ឆ័យ ប្រតិកម្ម​ចំពោះ​ការចាត់​វិធានការ​របស់​រដ្ឋាភិបាល​ទៅ​លើ​ នាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន

ក្នុង​ចម្លើយ​ទៅ​នឹង​វិធានការ​ថ្មីៗ​ដែល​រដ្ឋាភិបាល​កម្ពុជា​អាច​នឹង​ចាត់​ទៅ​លើ​ការជាប់​ពាក់​ព័ន្ធ​នៃ​លោក​នាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន ទៅ​នឹង​ការរកស៊ី​និង​មាន​កម្ម​សិទ្ធិ​ដី​ធ្លី​នោះ លោក សុន ឆ័យ ប្រធាន​ក្រុម​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សមរង្ស៊ី​មាន​ប្រសាសន៍​ថា គេ​គប្បី​ចាត់ការ​រឿង​នេះ​ជា​បែប​ប្រព័ន្ធ​ច្បាប់ មិន​មែន​តាម​របៀប​មេ​ដឹកនាំ​កំពូល​បែប​នេះ​ទេ។

លោក សុន ឆ័យ បាន​បញ្ជាក់​ថា ៖ «យើង​មិន​ដែល​ឃើញ​ក្នុង​ប្រទេស​ណា​មួយ​ការចាត់​វិធានការ​បែប​នេះ​គឺ​ត្រូវតែ​ចេញ​ពី​ថ្នាក់​ដឹកនាំ​កំពូល​របស់​ជាតិ អត់​ទេ គឺ​ចេញ​ពី​យន្តការ​របស់​ជាតិ​គេ មាន​ស្ថាប័ន​គេ​ស៊ើប​អង្កេត​ហើយ​គេ​តម្រូវ​ឲ្យ​ធ្វើ​ជា​បណ្ដឹង​ទៅ​តុលាការ​ជាដើម​ដែល​គេ​ធ្វើ។ កាល​ណា​មាន​ការបញ្ជា​ចុច​ចំ​ឈ្មោះ​ជា​បុគ្គល ចង់​មិន​ចង់​វា​អាច​ក្លាយ​ទៅ​ជា​ការលូក​ដៃ​ដោយ​ប្រការ​ណា​មួយ​ទៅ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​របស់​ជាតិ ដូច្នេះ​បាន​ជា​ប្រទេស​យើង​ជា​ទូទៅ​មាន​ការរិះគន់​ថា វា​ហាក់​ដូច​ជា​ចង្អុល​ចំ​តែ​បុគ្គល​ម្នាក់ ប៉ុន្តែ​វា​មាន​ការពាក់ព័ន្ធ​មនុស្ស​ជា​ច្រើន​ប្រើប្រាស់​បែប​ហ្នឹង​ដូចៗ​គ្នា ដូច្នេះ​វា​ត្រូវតែ​មាន​យន្តការ​មួយ​រៀបរយ​ទាំងអស់ ចៀសវាង​កុំ​ឲ្យ​មាន​ការចោទ​ប្រកាន់​ថា ដោយសារ​តែ​មាន​ទំនាស់​ផ្ទាល់​ខ្លួន​ហ្នឹង​បាន​ជា​រដ្ឋាភិបាល​ចាត់​វិធានការ​ទៅ​លើ​បុគ្គល​ណា​មួយ ឯ​ការប្រព្រឹត្ត​ល្មើស​ដូច​គ្នា​ឬ​ក៏​អាក្រក់​ជាង​សម្រាប់​អ្នក​ដទៃ​ដែល​មិន​មាន​ទំនាស់​ជា​បុគ្គល​ជាមួយ​ថ្នាក់​ដឹកនាំ​នោះ គឺ​គាត់​រួច​ខ្លួន»