ទៀ បាញ់​បដិសេធ​ការ​រំលោភ​សិទ្ធិ​ពី​សំណាក់​កង​យោធពល​ខេមរ​ភូមិន្ទ​ខ្មែរ

លោក ទៀ បាញ់ ឧប​នាយក​រដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​នៃ​រាជា​ណាចក្រ​កម្ពុជា បាន​បដិសេធ​សេចក្ដី​រាយការណ៍ ដែល​ថា កង​ពល​មួយ​ចំនួន​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ជាប់​ទាក់​ទិន​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

ប៉ុន្តែ​លោក​បាន​ទទួល​ស្គាល់​ថា នាយ​ទាហាន​ជាន់​ខ្ពស់​មួយ​ចំនួន​នៃ​ក្រសួង​ការពារ​ជាតិ បាន​ត្រូវ​សហរដ្ឋ​អាមេរិក​បដិសេធ​មិន​ផ្ដល់​ទិដ្ឋាការ ឬ​វីសា ឲ្យ​ចូល​ប្រទេស​អាមេរិក​ឡើយ ដោយសារ​ករណី​រំលោភ​សិទ្ធិ​មនុស្ស​នេះ។

សេចក្ដី​បដិសេធ​និង​ការ​ទទួល​ស្គាល់​របស់​លោក​រដ្ឋមន្រ្តី ទៀ បាញ់ នេះ បាន​ធ្វើ​ឡើង​ក្នុង​ពេល​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​អ្នក​ផ្សាយ​សំឡេង​វិទ្យុ​អាស៊ីសេរី និង​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក វីអូអេ កាល​ពី​ព្រលឹម​ថ្ងៃ​អង្គារ ទី​២២ ខែ​កញ្ញា​នេះ បន្ទាប់​ពី​លោក​បាន​បញ្ចប់​ជំនួប​ផ្លូវការ​ជាមួយ​នឹង​សមភាគី​របស់​លោក គឺ​លោក រ៉ូប៊ើត ហ្កេតស៍ (Robert Gates) រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​ប្រទេស​អាមេរិក​នៅ​រសៀល​ថ្ងៃ​ច័ន្ទ ដែល​ត្រូវ​នឹង​ពេល​រំលង​អធ្រាត្រ​ម៉ោង​នៅ​កម្ពុជា រួច​មក​នេះ។

ឆ្លើយ​នឹង​សំណួរ​របស់​វិទ្យុ​អាស៊ីសេរី​ស្ដីពី​សំណួរ​របស់​អ្នក​តំណាងរាស្រ្ដ​អាមេរិក ៨​នាក់ ដែល​តម្រូវ​ឲ្យ​លោក​រដ្ឋមន្រ្តី​ការពារ​ជាតិ រ៉ូប៊ើត ហ្កេតស៍ ឆ្លើយ​តប​អំពី​ការ​ជាប់​ទាក់ទង​របស់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ក្នុង​កង​ពល​មួយ​ចំនួន ក្នុង​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក​រដ្ឋមន្រ្តី​ការពារ​ជាតិ ទៀ បាញ់ បាន​បដិសេធ​ថា ព័ត៌មាន​ទាំង​អស់​នោះ គឺ​ជា​ព័ត៌មាន​មិន​ពិត។

លោក ទៀ បាញ់ ថ្លែង​យ៉ាង​ដូច្នេះ ៖ «កង​ពល​ដូច​ជា ៣១, ៦១១, ៧០ រហូត​ដល់​អង្គរក្ស​របស់​សម្ដេច​នាយក​រដ្ឋមន្រ្តី ដែល​គេ​បាន​លើក​ឡើង​ក្នុង​សំបុត្រ​នោះ ខ្ញុំ​បាន​ដឹង បាន​ឮ​ដែរ​ហើយ។ នោះ​ហើយ​ដែល​ខ្ញុំ​បាន​ចាត់​ទុក​ថា ក្នុង​សំបុត្រ​នោះ គឺ​ព័ត៌មាន​ខុស​ទាំង​អស់។ ហេតុ​អី​បាន​ខ្ញុំ​ថា​ព័ត៌មាន​ហ្នឹង​ខុស? រឿង​មួយ​ចំនួន គេ​បាន​ធ្វើ​ជាក់​ស្ដែង ដូច​ជា​បញ្ហា​ពាក់ព័ន្ធ​ជាមួយ​នឹង​ការ​គប់​គ្រាប់​បែក​នៅ​... នៅ​ក្នុង​ខែ​៣ ឆ្នាំ​៩៧​នោះ រឿង​នោះ​គឺ​គេ​ធ្វើ​ការងារ​យ៉ាង​សកម្ម​ណាស់​កន្លង​មក រហូត​ដល់​សហរដ្ឋ​អាមេរិក​នេះ បាន​បញ្ជូន FBI ចូល​ធ្វើ​ការងារ​ហ្នឹង​ទៀត មិន​អស់​ចិត្ត​មក​ចោទ​ថា... នេះ​គឺ​បាន​ន័យ​ថា នោះ​ឯង​ជា​រឿង​មួយ​មិន​មែន​ជា​ការ​ពិត។ រឿង ៩១១ ពុំ​មាន​ស្អី​សោះ គឺ​ជា​អង្គភាព​មួយ​មាន​ប្រតិបត្តិការ​យ៉ាង​ល្អ​ប្រសើរ»

ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក​ឧប​នាយក​រដ្ឋមន្រ្តី ទៀ បាញ់ ក៏​បាន​ឆ្លើយ​តប​ទៅ​កាន់​លោក តាំង សារ៉ាដា នៃ​វិទ្យុ វីអូអេ ថា ដោយសារ​តែ​ហេតុ​ផល​រំលោភ​សិទ្ធិ​មនុស្ស​នេះ មាន​មន្រ្តី​យោធា​ខ្លះ ដែល​លោក​មិន​បាន​ប្រាប់​ចំនួន​និង​ឈ្មោះ​នោះ ពុំ​បាន​ទទួល​ការ​អនុញ្ញាត​ឲ្យ​ចូល​ប្រទេស​អាមេរិក​ទេ។

តាំង សារ៉ាដា ៖ ឯក​ឧត្ដម​មាន​យន្តការ​អី​ក្នុង​ការ​ធានា​កុំ​ឲ្យ​ក្រុម​យោធា​ខ្មែរ​ដែល​ធ្លាប់​រំលោភ​សិទ្ធិ​មនុស្ស​ផ្សេងៗ​ហ្នឹង បាន​ទទួល​ផល​ប្រយោជន៍​ពី​សហរដ្ឋ​អាមេរិក​ដែរ?

ទៀ បាញ់ ៖ សូម​ជម្រាប​ខ្លី​ទៅ​ចុះ សហរដ្ឋ​អាមេរិក​សម្រេច​លើ​កិច្ចការ​អ្វី​មួយ មិន​មែន​ជា​រឿង​ធម្មតា​ទេ សុទ្ធ​សឹង​តែ​បាន​ធ្វើការ​យ៉ាង​ល្អិត​ណាស់។ ខ្ញុំ​ចង់​និយាយ​ថា បើ​មាន​ស្អី​លេច​មួយ​មិន​សមរម្យ ហើយ​នាំ​ទៅ​ប៉ះពាល់​ដល់​នយោបាយ​របស់​សហរដ្ឋ​អាមេរិក សហរដ្ឋ​អាមេរិក​គឺ​ជូន​ដំណឹង​ឲ្យ​ភ្លាម។ និយាយ​ឲ្យ​ចំ ឥឡូវ​គឺ​មាន​ទាហាន​មួយ​ចំនួន មិន​បាន​អនុញ្ញាត​ឲ្យ​ចូល​សហរដ្ឋ​អាមេរិក​ទេ។ មាន​មួយ​ចំនួន ខ្ញុំ​មិន​ចង់​និយាយ​ក្នុង​ពេល​នេះ ព្រោះ​ខ្ញុំ​ក៏​ចង់​បន្ត​ដើម្បី​អប់រំ​អ្នក​ទាំង​នោះ ឲ្យ​មាន​ការ​កែប្រែ​ឡើង​វិញ មិន​មាន​អី​ធំ​ដុំ​ទេ។ មាន​មួយ​ចំនួន មិន​ច្រើន​ទេ