ទឹម សាខន ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ដោះលែង​ពី​ពន្ធនាគារ​នា​ដើម​ខែ​សីហា

ប្រភព​ពី​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ខ្មែរ​ក្រោម​បាន​ឲ្យ​ដឹង​ថា អតីត​ព្រះសង្ឃ​ដើម​កំណើត​ខ្មែរ​ក្រោម ទឹម សាខន ត្រូវ​បាន​គេ​បញ្ជូន​ចេញ​ពី​ពន្ធនាគារ ឲ្យ​មក​រស់នៅ​ក្នុង​ភូមិ​វិញ ចាប់តាំង​ពី​ដើម​ខែ​សីហា​នេះ បន្ទាប់ពី​ឃុំឃាំង​ព្រះអង្គ​អស់​រយៈពេល ១​ឆ្នាំ​មក​ហើយ។

0:00 / 0:00

លោក អាង ចាន់រិទ្ធិ នាយក​ប្រតិបត្តិ​នៃ​អង្គការ​នេះ មាន​ប្រសាសន៍​ថា នោះ​មិនមែន​ជា​ការដោះលែង​ឲ្យ​មាន​សេរីភាព​ទេ ពីព្រោះ​គេ​ពុំ​បាន​ឃើញ​មាន​លិខិត​លាយលក្ខណ៍​អក្សរ​ណា​មួយ ស្តី​អំពី​ការដោះលែង ឬ​ការប្រកាស​សាលក្រម​ឡើយ ប៉ុន្តែ គេ​គ្រាន់តែ​បាន​ឲ្យ ទឹម សាខន មក​រស់នៅ​ក្នុង​ភូមិ ដោយ​មាន​ប៉ូលិស​យាមកាម។

លោក អាង ចាន់រិទ្ធិ មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «អាច​ជា​ការដោះលែង​ក្រៅ​ផ្លូវការ ឬ​បើ​ជា​ការបំភ័ន្ត​ភ្នែក​សាធារណជន​ជាតិ ឬ​អន្តរជាតិ ដើម្បី​ឲ្យ​ដឹង​ថា វៀតណាម​ហ្នឹង បាន​ដោះលែង​ព្រះអង្គ​ហើយ។ តាមពិត​ទៅ​ជា​ការឃុំ​ខ្លួន​ដដែល នៅ​ក្នុង​ពន្ធនាគារ ឬ​ក៏​ក្នុង​ផ្ទះ​ហ្នឹង យើង​មិន​អាច​គិត​ថា ជា​ការដោះលែង​ឲ្យ​មាន​សិទ្ធិ​សេរីភាព ឬ​បញ្ជូន​ព្រះអង្គ ត្រឡប់​មក​វិញ​ទេ គ្រាន់​តែ​ជា​លេស​មួយ​ដើម្បី​បំភ័ន្ត​ភ្នែក ហើយ​ឲ្យ​គេ​បន្ធូរបន្ថយ​លើ​ការចាប់​អារម្មណ៍ ប្រទេស​វៀតណាម​ប៉ុណ្ណឹង បើ​តាម​ការគិត​របស់​ពួក​ក្រុម​សិទ្ធិ​មនុស្ស»

ប្រភព​ដដែល​នេះ និយាយ​ថា ពេល​នេះ ទឹម សាខន កំពុង​រស់នៅ​ក្នុង​ភូមិ​អណ្ដូង ស្រុក​ស្វាយទង ខេត្ត​មាត់ជ្រូក ជាមួយ​នឹង​ម្ដាយ​មីង ដោយ​ហាមប្រាម​មិន​ឲ្យ​មក​រស់នៅ​កម្ពុជា​វិញ​ឡើយ ដែល​ជា​ទីលំនៅ​បច្ចុប្បន្ន។

ប្អូន​ប្រុស​របស់ ទឹម សាខន ឈ្មោះ ចៅ បាន និយាយ​ថា សុខភាព​របស់ ទឹម សាខន ទ្រុឌ​ទ្រោម ហើម​ខ្លួន និង​កម្រើក​ដៃ​ឆ្វេង​លែង​កើត។ គាត់​ទៅ​ណា​មក​ណា ឬ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​ភូមិ ត្រូវ​បាន​ហាមឃាត់ ៖ «ឡើង​មក​ស្រុក​ខ្មែរ អត់​បាន ហើយ​ដើរលេង​នៅ​ហ្នុង កាលណា​យើង​ចង់​ដើរ​ទៅ​ហូប​បបរ ឬ​ក៏​ទៅ​ដើរ​លេង​ផ្ទះ​បង​ប្អូន មាន​គេ​តាម​ឆ្គក​យើង​ទៅ អត់​មាន​សេរីភាព​ទេ។ គាត់​ថា​អាហ្នឹង ជា​បញ្ជា​របស់​ថ្នាក់​លើ ខ្ញុំ​មិន​អាច​គេច​បាន​ទេ រឿង​ឆ្គក​ហ្នឹង»

អតីត​ព្រះសង្ឃ​ដើម​កំណើត​ខ្មែរ​ក្រោម ទឹម សាខន សង្រ្គាជ​វត្ត​ភ្នំដិន ខេត្ត​តាកែវ ត្រូវ​បាន​អាជ្ញាធរ​ខ្មែរ​ចាប់​ផ្សឹក​យ៉ាង​ទាន់ហន់​កាល​ពី​ឆ្នាំ​មុន រួច​បញ្ជូន​ទៅ​ដាក់​គុក​នៅ​ប្រទេស​វៀតណាម ដោយ​ចោទ​ប្រកាន់​ថា ព្រះអង្គ​បាន​បង្ក​ឲ្យ​មាន​ការបែកបាក់​ចំណង​មិត្តភាព កម្ពុជា​-វៀតណាម ក្រោយពី​ព្រះសង្ឃ​អង្គ​នេះ ឧស្សាហ៍​ទំនុក​បម្រុង​ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​ភៀស​ខ្លួន​ចេញ​ពី​កម្ពុជា​ក្រោម មក​ដល់​កម្ពុជា ហើយ​សុំ​ស្នាក់​អាស្រ័យ​នៅ​ក្នុង​ទី​អារាម។

ការចាប់​បញ្ជូន ទឹម សាខន នាំ​ឲ្យ​មាន​ការភ្ញាក់​ផ្អើល​និង​ថ្កោល​ទោស​ទៅ​ដល់​អាជ្ញាធរ​ខ្មែរ​និង​វៀតណាម ពី​សំណាក់​សហគមន៍​អន្តរជាតិ​និង​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សាសនា​ថា ជា​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​និង​ផ្នែក​សាសនា​យ៉ាង​កម្រោល។ ក្រោយ​មក​ទៀត ទឹម សាខន ក៏​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​១​ឆ្នាំ ដែល​ត្រូវ​ផុត​កំណត់​នៅ​ឆ្នាំ​នេះ។

ស្ថានទូត​វៀតណាម​នៅ​កម្ពុជា នៅ​ថ្ងៃ​ដដែល​នេះ មិន​ធ្វើ​អត្ថាធិប្បាយ​ណា​មួយ​នៅ​ឡើយ​ទេ។ សហព័ន្ធ​ខ្មែរ​ក្រោម​និង​ក្រុម​សិទ្ធិ​មនុស្ស​ខ្មែរ​ក្រោម នឹង​តវ៉ា​ត​ទៅ​ទៀត​ដើម្បី​ទាមទារ​ឲ្យ ទឹម សាខន មាន​សេរីភាព​មក​រស់នៅ​កម្ពុជា​វិញ៕