វិទ្យុអាស៊ីសេរីបានទៅដល់ទីកើតហេតុនិងសង្កេតឃើញរថយន្តដឹកជញ្ជូនមួយក្រឡាប់ផ្ងារជើងនៅតាមផ្លូវក្នុងខេត្តជិតអតីតរោងអារឈើតៃវ៉ាន់ចាស់ ស្ថិតក្នុងភូមិមួយក្នុងសង្កាត់ឡាបានសៀក ក្រុងបាន់លុង ដោយមានមន្ត្រីព្រៃឈើខេត្តកំពុងត្រួតពិនិត្យនិងធ្វើការរឹបអូសឈើនាំមកកាន់ខណ្ឌរដ្ឋបាលព្រៃឈើ។
អ្នកទទួលខុសត្រូវក្នុងការដឹកជញ្ជូនឈើឈ្មោះ ជា អាន បញ្ជាក់ថា គាត់ជាអាជីវករមានលំនៅឯទីក្រុងភ្នំពេញ បានប្រមូលទិញឈើពីបណ្តាស្រុកមួយចំនួនក្នុងខេត្ត ហើយមានបំណងដឹកជញ្ជូនទៅកាន់ទីក្រុងភ្នំពេញដើម្បីសាងសង់លំនៅនិងធ្វើគ្រឿងសង្ហារិម ក៏ប៉ុន្តែទទួលស្គាល់ថា មិនមានច្បាប់អនុញ្ញាតក្នុងការចរាចរឈើនោះទេ ៖ «ច្បាប់វាអត់មានទេ គ្រាន់តែថា យើងអាចទៅ បើតាមផ្លូវគេទាន់ ឲ្យគេចាយខ្លះទៅ បើមិនទាន់ក៏ហីទៅ»។
នេះគឺជាការរកឃើញសកម្មភាពចរាចរណ៍ឈើខុសច្បាប់ចេញពីខេត្តរតនគិរី ក្នុងចំណោមសេចក្តីរាយការណ៍ពីសហគមន៍មូលដ្ឋានដែលបានអះអាងថា ឈើនៅតែមានលួចកាប់ចេញពីព្រៃ ហើយត្រូវឈ្មួញជាច្រើនក្រុមមានខ្នងបង្អែកអ្នកមានអំណាច ប្រមូលទិញនិងដឹកជញ្ជូនឥតឈប់ឈរចេញពីខេត្តរតនគិរី នាវេលាយប់ទៅកាន់ទីក្រុងភ្នំពេញនិងតាមផ្លូវជាតិលេខ៧៨ ឆ្លងចូលទៅប្រទេសវៀតណាម។
នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី លោក យ៊ូកាន វិមាន មិនអត្ថាធិប្បាយពិស្តារជុំវិញសកម្មភាពចរាចរណ៍ឈើនោះទេ ដោយបញ្ជាក់យ៉ាងខ្លីថា ៖ «រដ្ឋបាលព្រៃឈើមូលដ្ឋានខ្ញុំកំពុងចាត់ការទៅតាមនីតិវិធីច្បាប់ព្រៃឈើ»។
មិនទាន់មានប្រភពអះអាងណាមួយបញ្ជាក់ថា ឈើនោះកាប់ចេញពីតំបន់ណាពិតប្រាកដនោះទេ ក៏ប៉ុន្តែមន្ត្រីស៊ើបអង្កេតសមាគមអាដហុក លោក ប៉ែន ប៊ុណ្ណារ៍ មានប្រសាសន៍ថា អ្នកទទួលខុសត្រូវលើបញ្ហានេះគឺមន្ត្រីរដ្ឋបាលព្រៃឈើដែលមានភារកិច្ចការពារនិងទប់ស្កាត់រាល់បទល្មើសព្រៃឈើ។
លោក ប៉ែន ប៊ុណ្ណារ៍ ថ្លែងដូច្នេះថា ៖ «បើសិនជាមិនមានការក្រឡាប់ទេ ឈើហ្នឹងប្រហែលជាទៅដល់ភ្នំពេញបាត់ហើយ។ អបិយជំនឿយើងថា កាលណាធ្វើអាក្រក់បានអាក្រក់ ធ្វើអំពើបាប គង់ថ្ងៃណាមួយអំពើបាបរបស់ខ្លួនត្រូវគេទាន់ទេ។ យើងសូមទាមទារឲ្យមានការផ្ដន្ទាទោស។ ឈើហ្នឹងគឺកើតឡើងពីការប្រព្រឹត្តកាប់រំលំ»។
កាលពីឆ្នាំ២០០៦ អាជ្ញាធរខេត្តរតនគិរី ចាប់បានករណីចរាចរណ៍ឈើប្រណីតមួយរថយន្តធំ ជាង១០ម៉ែត្រគូបដោយឈ្មួញដែលប្រើប្រាស់ឈ្មោះសាច់ញាតិលោកនាយករដ្ឋមន្ត្រីគំរាមមិនឲ្យសមត្ថកិច្ចចាប់ឃាត់រថយន្តដឹកឈើនោះ ហើយបន្ទាប់មក រថយន្តដឹកឈើត្រូវគេសម្រួលឲ្យដឹកឈើចេញពីខេត្តដោយពុំមានច្បាប់។
ប្រជាសហគមន៍ជនជាតិដើមអ្នកការពារព្រៃឈើក្នុងខេត្តលោក ជុ សាវ៉ាត និយាយថា នៅក្នុងសប្តាហ៍នេះ ឈើជាច្រើនឡានធំត្រូវគេប្រទះឃើញដឹកជញ្ជូនចេញពីស្រុកវ៉ឺនសៃ និងស្រុកតាវែង ពីតំបន់ដីសម្បទានសេដ្ឋកិច្ចដែលស្ថិតក្នុងគម្រោងសិក្សាពីផលប៉ះពាល់នៅឡើយ៕
