មានប្រសាសន៍ពីប្រទេសស៊ុយអែដ លោកគ្រូអតីតចៅអធិការ ទឹម សាខន បានឲ្យដឹងថា លោកត្រូវបង្ខំចិត្តលាចាកសិក្ខាបទពីសាមណេរភាវៈជាថ្មីទៀតដើម្បីសម្រួលក្នុងការធ្វើដំណើរឆ្លងកាត់ប្រទេសជាច្រើនទៅកាន់ទីមួយ ដែលពុំទាន់មានអារាមពុទ្ធសីមាព្រះពុទ្ធសាសនានៅឡើយ។
លោកអតីតចៅអធិការវត្តភ្នំដិនរូបនេះ ដែលមានប្រសាសន៍នៅលាយឡំពាក្យសង្ឃស័ព្ទផងនោះ បានឲ្យដឹងថា លោកប្រាថ្នាបំពេញផ្នួសក្នុងពុទ្ធសាសនាជាថ្មីឡើងវិញ ៖ «ខ្ញុំជម្រាប ជាដំបូង ខ្ញុំមកប្រទេសថៃនោះជាសង្ឃសាមណេរ អ៊ីចឹងដោយ UN ទទួលការភៀសខ្លួនពីប្រទេសថៃ មកកាន់ប្រទេសទី៣ទៀត ដោយមានការលំបាកតាមផ្លូវ ហើយណាមួយប្រទេសដែលមកនេះ អត់មានវត្តអារាម អ៊ីចឹងអាត្មាក៏សម្រេចចិត្តនិងពិគ្រោះយោបល់គ្នាជាមួយបងប្អូនពុទ្ធបរិស័ទនៅទីនោះ ដើម្បីចាកសិក្ខាបទបណ្ដោះអាសន្នសិន។ អ៊ីចឹងមកដល់ប្រទេសស៊ុយអែដនេះ អាត្មាមានទឹកចិត្តនៅតែចង់បួសជាព្រះសង្ឃក្នុងព្រះពុទ្ធសាសនាដដែល»។
ទាក់ទងនឹងការចង់បំពេញផ្នួសជាថ្មីឡើងវិញរបស់អតីតព្រះគ្រូចៅអធិការវត្តភ្នំដិនរូបនេះ នាយកប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោក គឺលោក ថាច់ ង៉ុកថាច់ បានមានប្រសាសន៍ថា លោកនឹងពិភាក្សាជាមួយគណៈអធិបតីសង្ឃខែ្មរកម្ពុជាក្រោមដើម្បីសម្រេចសង្ឃកិច្ចនិងធ្វើការបំពេញឧបសម្បទាជាថ្មីឡើងវិញទៅតាមប្រពៃណីព្រះពុទ្ធសាសនាតាមការគួរ ៖ «ទាក់ទិនចំពោះលោកគ្រូ ទឹម សាខន មុនពេលដែលលោកបានធ្វើដំណើរមកប្រទេសស៊ុយអែដ ថាគាត់បានពិគ្រោះគ្នាពីការលំបាកក្នុងការធ្វើដំណើរ ដូច្នេះយើងយល់ថា មានតែលាចាកសិក្ខាបទមួយរយៈសិន ហ្នឹងទី១។ ទី២ យើងបានពិនិត្យមើលនៅប្រទេសស៊ុយអែដ គឺថាគ្មានវត្តខ្មែរនៅទីនោះ អ៊ីចឹងមានការលំបាក។ ហើយយើងខ្ញុំក៏បានពិគ្រោះគ្នាទៀតដែរ ដោយលោកគ្រូ ទឹម សាខន ចង់សាងផ្នួសឡើងវិញ យើងខ្ញុំនឹងពិគ្រោះគ្នាជាមួយគណៈសង្ឃខ្មែរក្រោម តើត្រូវរៀបចំធ្វើយ៉ាងណា ទៅតាមសំណូមពររបស់លោកគ្រូ ទឹម សាខន ដែលជាអ្នកកាន់ខ្ជាប់ មានជំនឿលើព្រះពុទ្ធសាសនា»។
អតីតចៅអធិការវត្តភ្នំដិនខាងជើង ទឹម សាខន ឲ្យដឹងថា នៅមានខ្មែរក្រោមច្រើននាក់ទៀតកំពុងគេចភៀសខ្លួនចេញពីប្រទេសវៀតណាម ហើយស្វែងរកការជ្រកកោនយ៉ាងលំបាកបំផុតនៅក្នុងប្រទេសថៃបច្ចុប្បន្ន។
លោកបានអំពាវនាវសុំអង្គការអន្តរជាតិឲ្យជួយរកដំណោះស្រាយជូនអ្នកទាំងនោះយ៉ាងឆាប់ដែលអាចធ្វើទៅបាន ៖ «ខ្ញុំដែលបានមកដល់ប្រទេសទី៣នេះ មានអារម្មណ៍សប្បាយរីករាយ ហើយនិងថ្លែងអំណរអរគុណដល់អង្គការសហប្រជាជាតិ ដែលបានជួយខ្ញុំបាទឲ្យឆ្លងផុតពីការតាមចាប់ តាមធ្វើបាប ពីសំណាក់ប្រទេសវៀតណាម អាត្មាភិតភ័យជាទីបំផុតនៅប្រទេសថៃនោះ ក្នុងរយៈជិត៣ខែ គ្មានចេញទៅណាទេ លាក់ខ្លួនដោយលំបាកជាទីបំផុត។ បានអន្តរជាតិជួយមកដល់ប្រទេសទី៣នេះ គឺមានសេចក្ដីត្រេកអរ ហើយអាត្មាក៏ឃើញទុក្ខវេទនារបស់បងប្អូនខ្មែរយើងដែលភៀសខ្លួនមកនៅប្រទេសថៃនេះ មានការយ៉ាប់យ៉ឺនជាទីបំផុត។ អ៊ីចឹងសូមអំពាវនាវដល់អង្គការសហប្រជាជាតិសុំជួយបងប្អូនទាំងនោះឲ្យបានឆាប់មកកាន់ប្រទេសទី៣ ដូចខ្ញុំបាទនេះ»។
លោក ទឹម សាខន ធ្លាប់បានប្រាប់វិទ្យុអាស៊ីសេរីថា លោកត្រូវសម្តេចសង្ឃរាជគណៈមហានិកាយចេញសង្ឃបញ្ជាឲ្យផ្សឹក ហើយចាប់ដាក់រថយន្តបញ្ជូនទៅឲ្យអាជ្ញាធរយៀកណាមដាក់ក្នុងមន្ទីរឃុំឃាំងនៅខេត្តគៀនយ៉ាង៕