អតីតព្រះគ្រូចៅអធិការវត្តភ្នំឌិនខាងជើង ទឹម សាខន បានទទួលការការពារពេញលេញពីឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកជនភៀសខ្លួន (UNHCR) ហើយក៏ត្រូវបានប្រទេសមួយនៅអឺរ៉ុបផ្ដល់សិទ្ធិជ្រកកោនជូនផងដែរ។
អតីតចៅអធិការវត្តភ្នំដិនខាងជើង លោក ទឹម សាខន។
ព្រះអធិបតីរងនៃគណៈសង្ឃក្នុងសហព័ន្ធខ្មែរកម្ពុជា ព្រះភិក្ខុបញ្ញាបជោតោ ថាច់ បេរ៉ុង បានឲ្យដឹងថា ការបំពេញឧបសម្បទាអតីតព្រះគ្រូចៅអធិការវត្តភ្នំឌិនខាងជើងជាថ្មីឡើងវិញ ដែលនឹងត្រូវធ្វើនៅមុនថ្ងៃចូលព្រះវស្សានោះត្រូវផ្អាកសិន ដោយហេតុថា អតីតចៅអធិការរូបនេះបានត្រូវអង្គការសហប្រជាជាតិទទួលយកជាជនភៀសខ្លួនស្របច្បាប់ ហើយបានទទួលក្តីប្រណីពីប្រទេសមួយក្នុងទ្វីបអឺរ៉ុបផ្តល់ទីជម្រកទៀត ដែលជាជម្រើសប្រសើរជាងការបំពេញផ្នួសជាថ្មីឡើងវិញនោះ។
ចំណែកឧទ្ទេសាចារ្យ៥រូបទៀតនៃសាលាបាលីជាន់ខ្ពស់ក្នុងខែត្រឃ្លាំងនៃទឹកដីកម្ពុជាក្រោមដែលត្រូវអាជ្ញាធរវៀតណាមបានចាប់ផ្សឹកក្នុងព្រឹត្តិការណ៍មិនស្ងប់មួយនៅឆ្នាំ២០០៧នោះ ក៏ពុំទាន់មានកាលបរិច្ឆេទច្បាស់លាស់ថា នឹងត្រូវបំពេញឧបសម្បទាឡើងវិញនៅពេលណាដែរ។
ព្រះបញ្ញាបជោតោ ថាច់ បេរ៉ុង បានប្រាប់វិទ្យុអាស៊ីសេរីតាមទូរស័ព្ទពីប្រទេសថៃកាលពីរំលងអាធ្រាត្រយប់ម៉ិញនេះដូច្នេះ ៖ «សហព័ន្ធខ្មែរកម្ពុជាក្រោមបានរៀបចំកិច្ចការថានឹងឧបសម្បទាលោកគ្រូ ទឹម សាខន ឡើងវិញ និងឧទ្ទេសាចារ្យទាំង៥ព្រះអង្គហ្នឹង ឥឡូវនេះគឺសហព័ន្ធបានត្រៀមឯកសារជាមួយនឹងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន គឺយើងមិនទាន់បានរៀបចំឧបសម្បទានៅឡើយ ដោយសារអង្គការសហប្រជាជាតិបានទទួលលោកគ្រូ ទឹម សាខន ថានឹងនិមន្តចេញទៅប្រទេសទី៣ស្របច្បាប់។ អ៊ីចឹងលោកគ្រូចៅអធិការ ទឹម សាខន នោះ ឥឡូវនេះក្រោមការថែរក្សានិងការពារដ៏មានសុវត្ថិភាពបំផុតនៃអង្គការសហប្រជាជាតិនេះឯង»។
ព្រះអធិបតីរងនៃគណៈសង្ឃក្នុងសហព័ន្ធខ្មែរកម្ពុជា ព្រះបញ្ញាបជោតោ បេរ៉ុង បានឲ្យដឹងទៀតថា សហព័ន្ធខ្មែរក្រោមរបស់ព្រះអង្គមានប្រាថ្នាចង់ឃើញវាសនាឧទ្ទេសាចារ្យ៥រូបទៀតនោះមានដំណើរដូចអតីតព្រះគ្រូចៅអធិការវត្តភ្នំឌិន ទឹម សាខន ផងដែរ។
ព្រះបញ្ញាបជោតោ បេរ៉ុង បានមានដីកាថា ៖ «ការការពារសុវត្ថិភាពនៃឧទ្ទេសាចារ្យទាំង៥ព្រះអង្គនេះ ឥឡូវនេះគឺខ្ញុំករុណាអាត្មាភាពកំពុងតែរៀបចំឯកសារក្រដាសស្នាម ធ្វើយ៉ាងណាឲ្យអង្គការសហប្រជាជាតិលោកបានទទួលស្គាល់ ធ្វើអន្តរាគមន៍ដើម្បីការពារសុវត្ថិភាព គឺជាការដែលយើងបានរៀបចំ។ ហើយគោលបំណងយើងចង់បាននោះគឺប្រហាក់ប្រហែលដូចជាលោកគ្រូ ទឹម សាខន ដើម្បីឲ្យបានប្រទេសទី៣ លោកទទួលស្គាល់ជាផ្លូវការ។ ហ្នឹងគឺការសង្ឃឹម ហើយទន្ទឹមនឹងការសង្ឃឹមនោះគឺសហព័ន្ធខ្មែរកម្ពុជាក្រោមកំពុងទាក់ទងជាមួយនឹងការទូតនិងស្ថាប័ននៃជនភៀសខ្លួន ក៏ដូចជាអង្គការសហប្រជាជាតិ។ វេលាថ្ងៃស្អែកយើងនឹងទៅជួបមន្រ្តីទាំងអស់នោះដើម្បីជំរុញយ៉ាងណាឲ្យបានទាន់ពេលវេលា»៕
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
|
|
ចែករំលែករឿងនេះ |
អាជ្ញាធរវៀតណាមហាមខ្មែរក្រោមមិនឲ្យធ្វើស្រែ
ព្រះសង្ឃខែ្មរក្រោម៥អង្គសុំឲ្យរដ្ឋាភិបាលឈប់តាមចាប់ទៀត
ខ្មែរក្រោមមួយចំនួនដែលរស់នៅលាក់ខ្លួននៅកម្ពុជាប្រឈមនឹងជំងឺ
អាជ្ញាធរតាមចាប់សង្ឃខ្មែរក្រោម៥អង្គពីបទបាចត្រាក់ប្រឆាំងថ្ងៃ៧មករា
ខ្មែរក្រោម១៩នាក់ស្នើសុំឲ្យអាជ្ញាធរខ្មែរផ្ដល់ប័ណ្ណគ្រួសារ
ពលរដ្ឋខ្មែរក្រោម២៤នាក់រិះគន់អង្គការUNHCR
ខ្មែរក្រោម២៤នាក់ស្វែងរកការជួយអន្តរាគមន៍ពីUNHCR
ខ្មែរក្រោម២៤នាក់បារម្ភពីសុវត្ថិភាពខ្លាចមានការបញ្ជូនចេញ
ខែ្មរក្រោម២៤នាក់មកភ្នំពេញសុំសិទ្ធិជ្រកកោន
ខ្មែរក្រោម២៤នាក់ដែលកំពុងសុំសិទ្ធិជ្រកកោនខ្វះស្បៀងអាហារ
មតិ
បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួលនិងអាចចុះផ្សាយបានយោងតាមលក្ខខណ្ឌនៃការប្រើប្រាស់របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរីមិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។
មើលមតិទាំងអស់.