សាមណេរ ទឹម សាខន បានឲ្យវិទ្យុអាស៊ីសេរីដឹងមុនការផ្សាយនេះបន្តិចថា នៅមុនការសម្រេចព្រះទ័យរបស់ព្រះអង្គគេចចេញពីប្រទេសកម្ពុជា គឺដោយសារតែព្រះអង្គឃើញសញ្ញាផ្សេងៗដែលព្រះអង្គយល់ថា មិនមែនជាស្ថានភាពអនុគ្រោះដល់ព្រះអង្គឲ្យអាចរស់នៅដោយសុខសាន្តជួបជុំញាតិសន្តាននិងញោមប្រុសចំណាស់របស់ព្រះអង្គឡើយ បើទោះបីព្រះអង្គធ្លាប់មានការធានាពីអាជ្ញាធរខ្មែរថ្នាក់ខ្ពស់ស្តីអំពីភាពស្របច្បាប់នៃការរស់នៅរបស់ព្រះអង្គក្នុងប្រទេសកម្ពុជាក្តី។
សាមណេរ ទឹម សាខន មានដីកាយ៉ាងដូច្នេះ ៖ «មូលហេតុគឺអត់មានសុវត្ថិភាព ព្រោះអាត្មាបានចុះទៅធ្វើអត្តសញ្ញាណប័ណ្ណដល់ភូមិ ដល់ឃុំស្រុកហ្នឹង ដល់អធិការស្រុកគិរីវង់ និងស្នងការខេត្ត អ៊ីចឹងគឺគាត់និយាយតៗគ្នាថាឲ្យក្រសួងមហាផ្ទៃហ្នឹង បញ្ជាក់លាយលក្ខណ៍អក្សរអំពីការធ្វើអត្តសញ្ញាណប័ណ្ណជូនអាត្មាហ្នឹង។ ដល់មួយឆ្លើយដាក់មួយៗ អាត្មាក៏ភ័យខ្លាច ទ្រាំរស់នៅស្រុកខ្មែរមិនបាន អាត្មាក៏និមន្តមកកាន់ប្រទេសថៃ រកទីកន្លែងជ្រកកោន សុវត្ថិភាពជូនអាត្មាផ្ទាល់»។
សាមណេរ ទឹម សាខន ជាអតីតព្រះគ្រូចៅអធិការវត្តភ្នំដិន នៅស្រុកគិរីវង់ ខែត្រតាកែវ រងការចាប់ផ្សឹកដោយរាជាគណៈសង្ឃនៃប្រទេសកម្ពុជា កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០០៧ ហើយបានបញ្ជូនទាំងបង្ខំទៅដាក់គុកអស់រយៈពេលមួយឆ្នាំនៅឯប្រទេសវៀតណាម ចោទពីបទថា លោកបានបំបែកបំបាក់សាមគ្គីភាពរវាងកម្ពុជានិងវៀតណាម។
នៅចុងសប្តាហ៍មុននេះ អតីតព្រះគ្រូចៅអធិការ ទឹម សាខន បានបំពេញបព្វជ្ជាជាថ្មីឡើងវិញជាសាមណេរភាវៈក្នុងពុទ្ធសីមាមួយនៅរាជធានីភ្នំពេញនិងបាននិមន្តចេញនៅថ្ងៃដដែលទៅកាន់ប្រទេសថៃ តាមច្រកបឹងត្រកួននៃដែនដីខ្មែរ ៖ «អាត្មាបួសតាំងពីថ្ងៃ១១ នៅទីក្រុងភ្នំពេញ។ អាត្មាមិនអាចជម្រាបឈ្មោះឧបជ្ឈា ឬគ្រូសូត្រ ឬក៏សាក្សី ឬវត្ត ទីតាំងដែលបួសនោះបានទេ។ អាត្មាបួសហើយ អាត្មាធ្វើដំណើរនិមន្តតាមម៉ូតូឌុប ឆ្ពោះមកកាន់ស្រុកថៃ»៕