ប្រភពពីលោក អ៊ុយ សំអាត ប្រធាននាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយនៃកាកបាទក្រហមកម្ពុជា បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីថា ទឹកជំនន់និងខ្យល់ព្យុះកេតសាណានោះបានធ្វើឲ្យលិចស្រូវនៅក្នុងស្រែចំនួនជាច្រើនម៉ឺនហិកតារនាពេលនេះ។
លោក អ៊ុយ សំអាត បានឲ្យដឹងថា ៖ «ស្បៀងអាហារចំពោះមុខសម្រាប់ធ្វើការសង្គ្រោះបន្ទាន់ គឺរហូតមកដល់ថ្ងៃនេះយើងបានទទួលជាបន្តបន្ទាប់ថា មិនតិចជាង៣០០តោនទេ ទាំងចែកហើយ ទាំងកំពុងចូល ហើយស្រែស្រូវអីហ្នឹងគឺតាមឯកឧត្ដម ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានយកអង្ករ៣០តោនទៅប្រគល់ឲ្យកាកបាទក្រហមព្រឹកមិញហ្នឹង ថា ចំពោះការលិចទឹកហ្នឹងវាម្ភៃប្លាយម៉ឺនហិកតារ ហើយគាត់បានមានប្រសាសន៍បន្ថែមទៀតដែរថា ខូចខាតប្រហែលជាពាក់កណ្ដាល អ៊ីចឹងវាអាចខូចខាត១០ម៉ឺនហិកតារ»។
ទាក់ទងនឹងបញ្ហាខាងលើនេះ មន្រ្តីជាន់ខ្ពស់មួយរូបនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ទទួលបន្ទុកផ្នែកស្ថិតិ បានមានប្រសាសន៍ថា បរិមាណផលស្រូវសម្រាប់ឆ្នាំ២០០៩នេះ លោករំពឹងទុកថា នឹងទទួលបានចំនួន៧លានតោនដូចឆ្នាំ២០០៨កន្លងទៅនេះផងដែរ។
លោកបានបន្តថា ៖ «ការប៉ះពាល់ហ្នឹងវាមានម្ភៃម៉ឺនប្លាយមែន (ហិកតារ) ជាងម្ភៃម៉ឺន ប៉ុន្តែការខូចខាតវាមិនដល់ប៉ុណ្ណឹងទេ ការខូចខាតយើងមានថា ប្រហែលជាអាច២ម៉ឺនប៉ុណ្ណឺងទេ។ ប៉ះពាល់ហ្នឹង លិចលង់មួយថ្ងៃពីរថ្ងៃហ្នឹង វាអត់នាំឲ្យខូចខាតអីទេ។ បើមានភ្លៀងគ្រប់គ្រាន់ពីពេលនេះទៅដល់ពាក់កណ្ដាលខែ១១ ហើយមិនមានរងគ្រោះអីធ្ងន់ធ្ងរទៀតទេ ផលស្រូវគឺមានប្រហាក់ប្រហែលឆ្នាំទៅ ឬក៏កើនលើសតិចតួច»។
ទាក់ទងនឹងស្ថានការណ៍ទឹកជំនន់ដោយសារខ្យល់ព្យុះកេតសាណាកាលពីសប្តាហ៍កន្លងទៅនេះ ប្រជាពលរដ្ឋចំនួនប្រមាណ៤០គ្រួសារនៅក្នុងភូមិគោកអណ្តែត ឃុំស្រទ្បៅ ស្រុកបារ៉ាយ ខេត្តកំពង់ធំ ជាតំបន់ដាចស្រយាល បានថែ្លងថា ប្រជាពលរដ្ឋកំពុងតែត្រូវការស្បៀងអាហារជាចាំបាច់នាពេលនេះ ដោយសារពួកគាត់កំពុងតែស្ថិតនៅក្នុងស្ថានការណ៍ទ័លច្រក ទឹកជំនន់កំពុងតែលិចផ្ទះនិងលិចស្រែរបស់ពួកគាត់។
តំណាងប្រជាពលរដ្ឋរូបនោះបានត្អូញត្អែរថា ៖ «ខ្ញុំចង់ឲ្យរាជរដ្ឋាភិបាលជួយខ្ញុំផង កន្លែងស្រុកខ្ញុំនេះលិចទឹកណាស់ ជំនន់ទឹកឆ្នាំណេះឡើងខុសពីធម្មតាទាំងអស់។ ចង់បានស្បៀងអាហារ ហ្នឹងអត់បាយហើយ មានតែដើរខ្ចីគ្នាស៊ី គេខ្ចីខ្ញុំ ខ្ញុំខ្ចីគេ ឥឡូវអស់ទាំងអស់គ្នាហើយ ទៅណាក៏ទៅមិនរួច ខ្យល់ព្យុះ។ ចង់ឲ្យរាជរដ្ឋាភិបាលជួយជាអង្ករ ជួយជាលុយកាក់បន្តិចបន្តួចសម្រាប់ខ្ញុំចិញ្ចឹមគ្រួសារ»។
សូមជម្រាបថា ប្រទេសកម្ពុជាបានទទួលរងគ្រោះដោយសារខ្យល់ព្យុះឈ្មោះ កេតសាណា កាលពីសប្តាហ៍កន្លងទៅនេះ បានញ៉ាំងឲ្យស្រូវចំនួនប្រមាណ២០ម៉ឺនហិកតាររងការលិចលង់ដោយសារទឹកជំនន់នោះ គឺស្ថិតនៅក្នុងខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តសៀមរាប ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តកំពង់ចាម ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ ជាដើម។
ស្របពេលគ្នានេះដែរ ប្រភពពីមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឲ្យដឹងទៀតថា មានខេត្តចំនួន១០ទៀតកំពុងតែរងគ្រោះដោយសារគ្រោះរាំងស្ងួតទៅវិញ៕
