អ្នកស្រី កែន សុធា ប្រជាពលរដ្ឋរស់នៅភូមិ២ ផ្លូវ៣៥១ សង្កាត់បឹងកក់១ ខណ្ឌទួលគោក បានត្អូញត្អែរថា ពួកគាត់រស់នៅទីនេះតាំងពីឆ្នាំ១៩៨៤ មកម្ល៉េះ ស្រាប់តែនៅពេលថ្មីៗ ពួកគាត់ទទួលបានសេចក្តីជូនដំណឹងរបស់អាជ្ញាធរខណ្ឌដែលតម្រូវឲ្យពួកគាត់រុះរើលំនៅនៅថ្ងៃទី២២ ខែមីនា ហើយទទួលយកដីចំនួន៦ម៉ែត្រគុណនឹង១២ម៉ែត្រ ដែលស្ថិតនៅស្រុកពញាឮ ខេត្តកណ្តាល ក្នុងមួយគ្រួសារទៅវិញ។
អ្នកស្រី កែន សុធា បានឲ្យដឹងដូច្នេះ ៖ «ភ័យពេក ពួកខ្ញុំមិនរឹងទទឹងទេ ត្រូវតែចេញ តែគិតគោលការណ៍ឲ្យពួកខ្ញុំ បើមិនបានសមស្របដល់ច្រើនក៏ដោយ ពួកខ្ញុំសុំតែដីហ្នឹង១ឡូត៍ ប្រាក់៣ពាន់ដុល្លារ។ គេថា បើសិនជាតវ៉ាពេក តែដីក៏មិនឲ្យដែរកុំថាឡើយលុយ។ ពួកខ្ញុំភ័យណាស់ ញ័រអស់ហើយ មួយយប់ៗអត់ហ៊ានដេកទេ ព្រោះយើងជាអ្នកក្រីក្រ តែគេសម្លុតយើងខ្លាចហើយ»។
ស្រ្តីអ្នកភូមិម្នាក់ទៀតបានអះអាងថា អាជ្ញាធរជំរុញឲ្យពួកគាត់រុះរើនេះ គឺដោយសារតែផ្ទះរបស់ពួកគាត់សាងសង់ជាប់នឹងរបងផ្ទះអ្នកធំម្នាក់ ដែលពួកគាត់ពុំស្គាល់ច្បាស់នោះទេ។ ពួកគាត់ស្នើសុំឲ្យអាជ្ញាធរ ធ្វើយ៉ាងណាគិតគូរផ្តល់សំណងសមរម្យនិងឯកភាពពីប្រជាពលរដ្ឋជាមុនសិន ដោយសុំឲ្យមានថវិកាសម្រាប់សាងសង់ផ្ទះនៅទីតំាងថ្មី។
ស្រ្ដីអ្នកភូមិដែលមិនបញ្ចេញឈ្មោះបានរៀបរាប់ថា ៖ «ដីថ្មីខ្ញុំថាខ្ញុំព្រមយក តែខ្ញុំសុំលុយ៣ពាន់ដុល្លារដើម្បីរុះរើចេញយកទៅសាងសង់ថ្មី។ មុនដំបូងផ្ទះខ្ញុំនៅសព្វថ្ងៃហ្នឹង ដំបូងគេធ្វើថ្នល់ ដល់ឥឡូវគេពង្រីកគេអីហើយ គេថា នៅបានទៀតនៅចុះ។ នៅបានប្រហែលមួយគ្រែហ្នឹង ដល់ឥឡូវទទួលដីឡូត៍អ្នកធំគេមកនៅទៀត ប៉ះជាប់របងគេអ្នកធំហ្នឹង ឥឡូវគេឲ្យចេញ»។
ឆ្លើយតបទៅនឹងបញ្ហានេះចៅសង្កាត់បឹងកក់ទី១ លោក វិត ដារិទ្ធ មានប្រសាសន៍ថា ប្រជាពលរដ្ឋបានរស់នៅលើដីចិញ្ចើមថ្នល់ដែលសាលារាជធានីភ្នំពេញ ត្រូវតែធ្វើការជួសជុលដើម្បីកែលម្អស្ថានភាពក្រុង។ លោកស្នើសុំឲ្យប្រជាពលរដ្ឋធ្វើការសហការ រុះរើលំនៅទៅកាន់ទីតាំងថ្មី នៅថ្ងៃទី២២ ខែមីនា ខាងមុខនេះ ចៀសវាងការប្រើប្រាស់កម្លាំងរបស់អាជ្ញាធរ។
លោក វិត ដារិទ្ធ មានប្រសាសន៍ដូច្នេះ ៖ «យើងកំណត់ជូនដំណឹងឲ្យគាត់ ដើម្បីប្ដូរទីលំនៅទៅនៅទីតាំងថ្មីហ្នឹង។ យើងកែលម្អកន្លែងហ្នឹងដើម្បីរៀបចំឲ្យបានស្អាត រៀបចំជាព្រព័ន្ធលូអីដើម្បីឲ្យស្អាត ចៀសវាងស្ថានភាពទឹកនិងផ្លូវកន្លែងហ្នឹងវាមានបញ្ហា ព្រោះគាត់ចុះតែពីកាំជណ្ដើរមាត់ទ្វារមកដល់ផ្លូវឡានតែម្ដង។ ប៉ុន្តែយើងដាក់សំណូមពរទៅប៉ុន្មានសាប៉ុន្មានលើកដែលគាត់លើកឡើងហ្នឹងហាក់ដូចជាខ្ពស់»។
តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា កន្លងមកពួកគាត់បានទទួលដំណឹងពីអាជ្ញាធរឲ្យពួកគាត់រុះរើជាលើកច្រើនសាមកហើយ ក៏ប៉ុន្តែនៅថ្ងៃទី២៥ ខែកុម្ភៈនេះ អាជ្ញាធរសង្កាត់បឹងកក់១ បានបង្ហាញឲ្យពួកគាត់ឃើញនូវសេចក្តីជូនដំណឹងមួយច្បាប់ ដែលដាក់ឱសានវាទនៅថ្ងៃទី២២ ខែមីនានេះ ឲ្យពួកគាត់រុះរើទៅកាន់ទីតាំងថ្មី៕
