គម្រោងសំខាន់នេះ គឺដើម្បីធានាថា កុមារកម្ពុជាមានសុវត្ថិភាពនៅក្នុងវិស័យទេសចរណ៍ នៅគ្រាភ្ញៀវទេសចរបរទេស បានមកទស្សនាកម្ពុជា ជាពិសេស ប្រាសាទអង្គរវត្ត បានកើនដល់ចំនួនជាង២លាន៨សែននាក់ នៅឆ្នាំ២០១១ កន្លងមកនេះ។
គម្រោងប្រឆាំងការជួញដូរផ្លូវភេទកុមារនោះ គឺមានតម្លៃសរុប៧លាន៥សែនដុល្លារអាមេរិក សម្រាប់រយៈពេល៤ឆ្នាំ សម្រាប់ប្រទេសកម្ពុជា វៀតណាម ឡាវ និងថៃ នៅក្នុងអនុតំបន់ទន្លេមេគង្គ។ ថវិកានេះ បានផ្តល់ដោយទីភ្នាក់ងារអូស្ត្រាលី សម្រាប់ការអភិវឌ្ឍអន្តរជាតិ អូសអេដ (Aus-Aid)។
រដ្ឋលេខាធិការនៃក្រសួងទេសចរណ៍ លោក ហោ សារ៉ុន និងជាប្រធានគណៈកម្មការដើម្បីសុវត្ថិភាពកុមារ នៅក្នុងវិស័យទេសចរណ៍ បានមានប្រសាសន៍ប្រាប់អ្នកកាសែត នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១២ ថា ប្រទេសកម្ពុជា បានចាប់ផ្ដើមអនុវត្តគម្រោងនេះ នៅខែតុលា ឆ្នាំ២០១១ ដល់ខែកញ្ញា ឆ្នាំ២០១៤៖ «បាទ! នៅក្នុងនេះ គម្រោងយើងហៅគម្រោងកុមារភាព ផ្នែកបង្ការ។ ផ្នែកបង្ការយើងធ្វើការចំពោះបង្ការ ដោយយើងមានគណៈកម្មការសុវត្ថិភាពកុមារក្នុងវិស័យទេសចរណ៍ ដែលយើងប្រកាន់យកវិធានការពីរជាចម្បង គឺវិធានការអប់រំ និងរដ្ឋបាល»។
ក្រសួងទេសចរណ៍កម្ពុជា បានសហការជាមួយអង្គការទស្សនៈពិភពលោក ប្រឆាំងការជួញដូរផ្លូវភេទកុមារ តាំងពីឆ្នាំ២០០១ កន្លងមក ដោយបានបង្កើតឲ្យមានគណៈកម្មការដើម្បីសុវត្ថិភាពកុមារ នៅក្នុងវិស័យទេសចរណ៍។
វិធានការក្នុងការបង្ការ និងបង្ក្រាបការជួញដូរផ្លូវភេទលើកុមារនោះ មានដូចជា ការប្រមូលព័ត៌មាន ការតាមដានស៊ើបអង្កេតជនសង្ស័យ និងការផ្តល់ព័ត៌មានជាបន្ទាន់មកការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៅខេត្តព្រះសីហនុ កំពង់ឆ្នាំង កំពង់ធំ សៀមរាប បន្ទាយមានជ័យ និងហៅមកទូរស័ព្ទលេខពិសេស ១២៨០ ពីគ្រប់ប្រព័ន្ធទូរស័ព្ទ។
ប្រធានអង្គការទស្សនៈពិភពលោក លោក ជេស៊ិន អ៊ីវ៉ាន់ (Jason Evans) បានមានប្រសាសន៍ថា ការរីកចម្រើនខាងវិស័យទេសចរណ៍នៅឆ្នាំ២០១១ កន្លងទៅនេះ បាននាំមកនូវប្រាក់ចំណូល និងកំណើនសេដ្ឋកិច្ច សម្រាប់ប្រជាពលរដ្ឋខ្មែរជាច្រើន ប៉ុន្តែយើងមានភារកិច្ចបង្ការ ដើម្បីធានាថា កុមារកម្ពុជា មានសុវត្ថិភាពពីការជួញដូរផ្លូវភេទ៖ «យើងធ្វើការជាមួយគ្នា ដើម្បីការពារកុមារ។ នេះជាការទទួលខុសត្រូវរបស់យើង នៅតាមលំដាប់ ដូចជា សហគមន៍ មូលដ្ឋាន ថ្នាក់រដ្ឋាភិបាល និងកម្រិតអន្តរជាតិ ជាដើម»។
របាយការណ៍ប្រចាំឆ្នាំ២០១១ ចេញផ្សាយដោយក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១២ កន្លងទៅនេះ ដោយរដ្ឋលេខាធិការក្រសួងមហាផ្ទៃ អ្នកស្រី ជូ ប៊ុនអេង បានឲ្យដឹងថា ក្រុមនគរបាលបានល្បាត និងឃ្លាំមើលសកម្មភាពសញ្ចរកម្មចំនួន៤៥៧គោលដៅ និងចាប់ខ្លួនជនសង្ស័យជាច្រើននាក់។
ទាក់ទងនឹងការបង្ក្រាបអំពើកេងប្រវ័ញ្ចផ្លូវភេទកុមារនេះដែរ នគរបាលជាតិកម្ពុជា បានចាប់ខ្លួន និងបណ្ដេញមហាសេដ្ឋីជនជាតិរុស្ស៊ីម្នាក់ឈ្មោះ អាឡិចសាន់ដ៏ ត្រូហ្វីមូហ្វ (Alexander Trofimov) ចេញពីប្រទេសកម្ពុជា កាលពីខែមិថុនា ឆ្នាំ២០១២ កន្លងទៅនេះ ក្រោមបទជួញដូរផ្លូវភេទលើកុមារកម្ពុជា។
ជនជាតិរុស្ស៊ីនោះ ធ្លាប់ត្រូវបានតុលាការកម្ពុជា បានកាត់ទោសឲ្យជាប់គុក១៧ឆ្នាំ ក្រោមបទជួញដូរផ្លូវភេទលើកុមារអាយុរវាង១១ឆ្នាំទៅ១២ឆ្នាំ កាលពីឆ្នាំ២០០៧ កន្លងទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
