ក្ដី​បារម្ភ​អំពី​ការ​ខាត​បង់​ប្រាក់​ចំណូល​ពី​វិស័យ​ទេសចរណ៍

វិស័យ​ទេសចរណ៍​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ឧស្សាហកម្ម​គ្មាន​ផ្សែង ហើយ​បាន​ផ្ដល់​ផល​ប្រយោជន៍​យ៉ាង​ច្រើន​ដល់​សេដ្ឋកិច្ច សង្គម វប្បធម៌ និង​បរិស្ថាន ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល។
ដោយ ខែ សុណង
2012-07-04
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន ផ្ដល់​សម្ភាសន៍​ដល់​អ្នក​កាសែត​នៅ​ក្នុង​សាល​សន្និសីទ​ចតុមុខ ថ្ងៃ​ទី​៣ ខែ​កក្កដា ឆ្នាំ​២០១២។
រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន ផ្ដល់​សម្ភាសន៍​ដល់​អ្នក​កាសែត​នៅ​ក្នុង​សាល​សន្និសីទ​ចតុមុខ ថ្ងៃ​ទី​៣ ខែ​កក្កដា ឆ្នាំ​២០១២។
RFA/Khe Sonorng

ជាង​នេះ​ទៅ​ទៀត វិស័យ​នេះ​បាន​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច បង្កើន​ចំណែក​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប និង​បង្កើន​ឱកាស​ការងារ មុខរបរ ចំណូល​ជូន​ប្រជាពលរដ្ឋ ហើយ​បាន​ចូលរួម​ដល់​កាត់​បន្ថយ​ភាព​ក្រីក្រ។ យ៉ាង​នេះ​ក្ដី ចំណូល​ដែល​បាន​មក​ពី​វិស័យ​នេះ កំពុង​បាត់បង់​ទៅ​ក្រៅ​ប្រទេស​វិញ​យ៉ាង​ច្រើន​ក្រាស់ក្រែល​ផង​ដែរ។

ក្រុម​អ្នក​ធ្វើការ​ពាក់ព័ន្ធ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា កំពុង​មាន​ក្ដី​ព្រួយ​បារម្ភ​ចំពោះ​ការ​ខាតបង់​ចំណូល​ដែល​បាន​មក​ពី​វិស័យ​ទេសចរណ៍​រាប់​រយ​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ ដោយសារ​តែ​ការ​នាំ​ចូល និង​ការ​ប្រើប្រាស់​ផលិតផល និង​ទំនិញ​ពី​បរទេស។

ឧប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច អ្នកស្រី ម៉ែន សំអន ថ្លែង​នៅ​ក្នុង​សន្និបាត​បូក​សរុប​ការងារ​ទេសចរណ៍​នៅ​ថ្ងៃ​ទី​៣ កក្កដា ថា ចំណូល​ដែល​បាន​ពី​វិស័យ​ទេសចរណ៍​មាន​មួយ​ផ្នែក​ត្រូវ​បាន​ធ្លុះធ្លាយ​ចេញ​ទៅ​ក្រៅ​ប្រទេស​វិញ​យ៉ាង​ច្រើន ស្រប​ពេល​ដែល​ផល​ប្រយោជន៍​សេដ្ឋកិច្ច​សង្គម និង​បរិស្ថាន​ដែល​ទទួល​បាន​ពី​វិស័យ​នេះ ត្រូវ​បាន​កាត់​បន្ថយ ឬ​ខាតបង់។

អ្នកស្រី​បន្ត​ថា ការ​ខាត​បង់​ចំណូល​ពី​វិស័យ​ទេសចរណ៍ គឺ​តាម​រយៈ​ការ​នាំ​ចូល​គ្រឿង​ឧបភោគ បរិភោគ សម្ភារៈ​សំណង់ និង​ផលិតផល​ផ្សេងៗ​ទៀត​មក​ពី​បរទេស​សម្រាប់​ប្រើប្រាស់​នៅ​តាម​សណ្ឋាគារ និង​ភោជនីយដ្ឋាន​ជា​ដើម ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​អ្នក​ទេសចរ។

អ្នកស្រី ម៉ែន សំអន៖ «នេះ​គឺ​ខ្ញុំ​សូម​ជូន​ជា​យោបល់​ដើម្បី​ធ្វើការ​នៃ​ការ​ធ្លុះធ្លាយ​នេះ។ ខ្ញុំ​ក៏​មិន​ច្បាស់​ថា ម៉េច​បាន​គេ​ប្រើ​ពាក្យ​ធ្លុះធ្លាយ​នេះ ក្នុង​វិស័យ​ទេសចរណ៍។ សួរ​ជំនាញ​ទៅ​បាន​គាត់​ថា ជួន​កាល​សណ្ឋាគារ​ហ្នឹង​ក៏​របស់​បរទេស​គេ​កសាង ផលិតផល​នាំ​ចូល​ក៏​របស់​គេ ហើយ​ភ្ញៀវ​ទិញ​ទំនិញ​នោះ ហើយ​នាំ​ទៅ​សម្រាក​នៅ​សណ្ឋាគារ​នោះ​ក៏​ភ្ញៀវ​របស់​ជនជាតិ​នោះ​ទៅ​ទៀត។ អ៊ីចឹង​ទេ​យើង​ការ​បាត់​បង់​ធ្លុះធ្លាយ​ក៏​ច្រើន​ជាង​ហ្នឹង​ទៅ​ទៀត»

របាយការណ៍​ក្រសួង​ទេសចរណ៍​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១១ កន្លង​ទៅ​នេះ កម្ពុជា​ទទួល​បាន​អ្នក​ទេសចរ​អន្តរជាតិ​ជាង ២,៨​លាន​នាក់ កើន ១៥% បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១០ និង​ទេសចរ​ក្នុង​ស្រុក​បាន​កើន​ឡើង​ប្រមាណ ៧​លាន​នាក់ គិត​ជា​ភាគរយ​ប្រមាណ ៣%។ វិស័យ​នេះ​បាន​នាំ​ចំណូល​ប្រមាណ ១.៩១២​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ឬ​ស្នើ​នឹង ១២% នៃ​ផលិតផល​ក្នុង​ស្រុក​សរុប និង​បង្កើត​ការងារ​ដោយ​ផ្ទាល់​ប្រមាណ ៣៥​ម៉ឺន​នាក់។ ដោយ​ឡែក​ក្នុង​រយៈពេល ៥​ខែ ដើម​ឆ្នាំ​២០១២ កម្ពុជា​ទទួល​ទេសចរ​អន្តរជាតិ​បាន​ជាង ១,៥​លាន​នាក់ ក្នុង​អត្រា​កំណើន​ជាង ២៦% ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១១។

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន កំពុង​មាន​មោទនភាព​ចំពោះ​កំណើន​អ្នក​ទេសចរណ៍​មក​កម្ពុជា​ជា​រៀងរាល់​ឆ្នាំ​នេះ។ ប៉ុន្តែ​អត្រា​នៃ​ការ​ខាតបង់​ផ្នែក​សេដ្ឋកិច្ច​នៅ​ក្នុង​វិស័យ​ទេសចរណ៍​ក៏​ជា​ក្ដី​កង្វល់​មួយ​ដែរ។

លោក ថោង ខុន មាន​ប្រសាសន៍​ថា អត្រា​នៃ​ការ​ខាតបង់​ផ្នែក​សេដ្ឋកិច្ច​ក្នុង​វិស័យ​ទេសចរណ៍ មាន​ប្រមាណ ២៥% គឺ​ប្រហែល​ជាង ៤០០​លាន​ដុល្លារ នៃ​ចំណូល​សរុប​ជាង ១.៩០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។ លោក​ថា បញ្ហា​នេះ​ក្រសួង​កំពុង​គិត​គូរ​រក​ដំណោះស្រាយ។ លោក​ថា ជា​ដំណោះស្រាយ​ចំពោះ​ការ​ខាត​បង់​ចំណូល​ពី​វិស័យ​ទេសចរណ៍​នេះ កម្ពុជា​គឺ​មាន​តែ​បង្កើន និង​ជំរុញ​ផលិតផល​ក្នុង​ស្រុក​ដើម្បី​បំពេញ​តម្រូវ​ការ​ដល់​អ្នក​ទេសចរណ៍។

លោក​ ថោង ខុន បញ្ជាក់​ទៀត​ថា ការ​បាត់បង់​ចំណូល​ត្រឡប់​ទៅ​វិញ​នេះ គឺ​ចង់​មិន​ចង់​ត្រូវ​តែ​ខាត​បង់​ដោយ​ជៀស​មិន​រួច៖ «វិស័យ​ទេសចរណ៍​គឺ​មិន​អាច​គិត​ទៅ​ដល់​ហ្នឹង​បាន​ទេ។ ទី​១ ចំពោះ​មុខ​បើ​សិន​ជា​យើង​អត់​មាន​អ្នក​វិនិយោគ​មាន​តែ​ទីភ្នាក់ងារ​ទេសចរណ៍​របស់​បរទេស ក៏​ទេសចរណ៍​គេ​មិន​កក់​ក្ដៅ​ប៉ុន្មាន​ក្នុង​ការ​មក​ស្រុក​ទេស​យើង​ដែរ។ ដូច្នេះ​យើង​ត្រូវ​តែ​មាន​រូបមន្ត​មួយ​គឺ​ថា ការ​រក​ស៊ី​របស់​ទេសចរណ៍​តាម​ច្បាប់​របស់​យើង​ឲ្យ​បរទេស​គេ​ធ្វើការ​វិនិយោគ​គេ​រក​ស៊ី​នៅ​ស្រុក​យើង​ហើយ ខ្លួន​យើង​ក៏​ត្រូវ​ខិត​ខំ​ប្រឹង​ប្រែង​ឡើង។ ឧទាហរណ៍​កូរ៉េ​អ៊ីចឹង ឲ្យ​ភ្នាក់ងារ​ទេសចរណ៍​ខ្មែរ​យើង​ទៅ​បោះ​ទីតាំង​នៅ​កូរ៉េ ហើយ​ទៅ​រក​ភ្ញៀវ​កូរ៉េ យើង​មិន​រក​បាន​ច្រើន​ដូច​ទីភ្នាក់ងារ​ទេសចរណ៍​កូរ៉េ​គេ​រក​ទេ គេ​ទុក​ចិត្ត​គ្នា​គេ​មក​ជាង បើ​យើង​មិន​ធ្វើ​តាម​ហ្នឹង​យើង​ខាត​ច្រើន។ ខាត​ខ្លះ​ត្រូវ​តែ​មាន​ដូច​ថា ១.៩០០​លាន ខាត​ទៅ​វិញ​ប្រហែល ៣០០ ឬ ៤០០​លាន អាហ្នឹង​មាន​អី​នៅ​ស្រុក​ណា​ក៏​ខាត​ដែរ»

បើ​ទោះ​បី​ជា​មាន​ការ​អះអាង​យ៉ាង​នេះ​ក្ដី សហ​ប្រធាន​ក្រុម​ការងារ​ទេសចរណ៍​ផ្នែក និង​ឯកជន លោក ហូ វណ្ឌី ថ្លែង​ថា បញ្ហា​ការ​បាត់បង់​ប្រាក់​ចំណូល​ពី​វិស័យ​ទេសចរណ៍​បច្ចុប្បន្ន​អាច​លើស​ជាង ២៥% ទៅ​ទៀត។ លោក​ថា ភាព​ធូរ​រលុង​នៃ​ការ​ទប់ស្កាត់​ផលិតផល​មួយ​ចំនួន​ពី​ប្រទេស​ជិត​ខាង បាន​ធ្វើ​ឲ្យ​ចំណូល​ដែល​បាន​មក​ពី​វិស័យ​នេះ ធ្លាក់​មក​ដល់​ដៃ​ពលរដ្ឋ​ក្នុង​សហគមន៍​តិច​តួច​ប៉ុណ្ណោះ។ តែ​ផ្ទុយ​ទៅ​វិញ ផល​ប្រយោជន៍​មួយ​ផ្នែក​ធំ​គឺ​បាន​តែ​ទៅ​លើ​ប្រទេស​ជិត​ខាង។

លោក ហូ វណ្ឌី ថ្លែង​ទៀត​ថា ជា​ដំណោះស្រាយ​នោះ គួរ​មាន​ការ​លើក​ទឹក​ចិត្ត​ពី​ស្ថាប័ន និង​អាជ្ញាធរ​ពាក់ព័ន្ធ​ជំរុញ​ដល់​កសិករ​ដើម្បី​បង្កើន​ផលិតផល​ក្នុង​ស្រុក៖ «បញ្ហា​ធ្លុះធ្លាយ​អាច​ដោះស្រាយ​បាន​បើ​សិន​ជា​ស្ថាប័ន​ទាំង​នោះ​លោក​រួម​ដៃ​ទប់ស្កាត់​ផលិតផល​មួយ​ចំនួន កសិផល​មួយ​ចំនួន​ដែល​ប្រទេស​ជិតខាង​យើង​នាំ​ចូល​មក។ ដូច្នេះ​យើង​ត្រូវ​លើក​ទឹក​ចិត្ត​ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​យើង ជា​ពិសេស​គេ​ហៅ​ថា អេស​អ៊ឹម​អ៊ី (SME)នេះ ក្រុម​សិប្បកម្ម ឬ​មួយ​ក៏​ការ​ដាំ​បន្លែ​បង្ការ​នៅ​តាម​ភូមិ​ឃុំ​នេះ កសិផល​មួយ​ចំនួន និង​ផ្នែក​កសិកម្ម​ខ្លះ។ ដូច​យើង​ឃើញ​ហើយ​ការ​ចិញ្ចឹម​សត្វ​យក​សាច់​ត្រូវ​តែ​ធ្វើការ​លើក​ទឹក​ចិត្ត​ដល់​ពួកគាត់»

ចំណែក​អ្នក​គ្រប់គ្រង​ទូទៅ​នៃ​សណ្ឋាគារ ហ្គោលឌិន ថេមផល (Golden Temple) ខេត្ត​សៀមរាប លោក ពៅ វិចិត្រ មាន​ប្រសាសន៍​ថា សម្រាប់​សណ្ឋាគារ​នេះ ជា​រៀងរាល់​ថ្ងៃ​បាន​ប្រើប្រាស់​ផលិតផល​ក្រៅ​ស្រុក​ប្រមាណ​ជាង ១០% ប៉ុណ្ណោះ ព្រោះ​ផលិតផល​ទាំង​នោះ​គឺ​ជា​តម្រូវ​ការ​ចាំបាច់​របស់​អ្នក​ទេសចរណ៍​បរទេស។ លោក​ថា វត្ថុធាតុ​ដើម​មួយ​ផ្នែក​ណា​នោះ គឺ​ចាំ​បាច់​ណាស់​ដែល​ក្នុង​ស្រុក​មិន​អាច​ផ្គត់ផ្គង់ ឬ​ផលិត​បាន។

យ៉ាង​ណា​ក៏​ដោយ នៅ​ក្នុង​សន្និបាត​បូក​សរុប​ការងារ​ទេសចរណ៍​របស់​ក្រសួង​ទេសចរណ៍​ឆ្នាំ​២០១១ ឆមាស​ទី​១ ឆ្នាំ​២០១២ នេះ គេ​នឹង​លើក​យក​បញ្ហា​ទាក់ទង​នឹង​ការ​ខាតបង់​ចំណូល​ដែល​បាន​មក​ពី​វិស័យ​ទេសចរណ៍ ដោយសារ​តែ​ការ​នាំ​ចូល និង​ការ​ប្រើប្រាស់​ផលិតផល និង​ទំនិញ​ពី​បរទេស​មក​ជជែក​ពិភាក្សា​ដើម្បី​រក​ដំណោះស្រាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Chea

ពី California

Cambodia is very proud to have Angkor Temple to make money in tourism business, but at the same time we also lose some income due to the import goods to satify the foreign tourists. How can we do? The local high rankings buy the import products to fix themselves, too.

Jul 05, 2012 02:45 AM

អ្នក​អាន​អនាមិក

ក្រុមជំពូកអ្នកមានដូចអ្នកស្រីនេះ ក៏មិនចូលចិត្តប្រើរបស់​ខ្មែរដែរ!

Jul 04, 2012 09:59 PM

អ្នក​អាន​អនាមិក

I feel so annoying, it is a not new story. First time I heard was 5 or 6 years ago but no actions taken since then?

Jul 04, 2012 05:27 AM

គេហទំព័រ​ទាំងមូល