មន្ត្រី​រដ្ឋាភិបាល​ប្រតិកម្ម​ចំពោះ​ក្រុមហ៊ុន​ថៃ​មក​រក​ស៊ី​អត់​ច្បាប់​អនុញ្ញាត​នៅ​តាតៃ

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល និង​សហគមន៍​ទេសចរណ៍​តាតៃ បាន​ប្រតិកម្ម​ចំពោះ​ក្រុមហ៊ុន​ថៃ មួយ​ដែល​បាន​មក​ធ្វើ​វិនិយោគទុន​ខាង​វិស័យ​ទេសចរណ៍​នៅ​រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​តាតៃ​ជិត ២​ខែ​មក​ហើយ ដោយ​ពុំ​មាន​ការ​អនុញ្ញាត​ពី​សហគមន៍​ទេសចរណ៍​មូលដ្ឋាន។

0:00 / 0:00

តំបន់​រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​តាតៃ ស្ថិត​ក្នុង​ឃុំ​តាតៃ​ក្រោម ស្រុក​កោះកុង ខេត្ត​កោះកុង កំពុង​មាន​កេរ្តិ៍​ឈ្មោះ​ល្បីល្បាញ។ បច្ចុប្បន្ន​ក្រុមហ៊ុន​វិនិយោគ​ទេសចរណ៍​របស់​ថៃ ឈ្មោះ ហែម រតនៈ កំពុង​ស្រូប​យក​ភ្ញៀវ​ទេសចរណ៍​ដែល​ទៅ​លេង​តំបន់​នោះ។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ដែល​បាន​ចុះ​ទៅ​ដល់​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​តាតៃ កាល​ពី​ថ្ងៃ​ទី​២២ មករា បាន​ប្រតិកម្ម​ទៅ​នឹង​អ្នក​បម្រើ​សេវាកម្ម​ទេសចរណ៍​របស់​ក្រុមហ៊ុន​នាំ​ភ្ញៀវ​ទេសចរណ៍​ថៃ ឈ្មោះ ហែម រតនៈ ចំកាត់ (Hem Rathakak L.T.D) ដែល​ស្វាគមន៍​ភ្ញៀវ​ដោយ​និយាយ​ភាសា​ថៃ នៅ​សហគមន៍​តាតៃ។ បញ្ហា​នេះ​លោក​ថា នឹង​ជូន​ដំណឹង​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ដើម្បី​ចាត់វិធានការ​ជា​បន្ទាន់ ហើយ​ថា នេះ​ជា​រឿង​មិន​ប្រក្រតី​មួយ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​ពលរដ្ឋ​ក្នុង​សហគមន៍​តាតៃ។

លោក ផៃ ស៊ីផាន៖ «ខ្ញុំ​គួរ​ឲ្យ​សោក​ស្ដាយ​នៅ​ពេល​ដែល​ខ្ញុំ​ចុះ​ទៅ​មើល​កន្លែង​ហ្នឹង ស្រាប់​តែ​អ្នក​ស្វាគមន៍​ខ្ញុំ​និយាយ​ជា​ភាសា​ថៃ ហើយ​ខ្ញុំ​សម្លឹង​មើល​ព័ទ្ធ​ជុំវិញ​ហ្នឹង​អត់​ឃើញ​មាន​អាជ្ញាប័ណ្ណ​ជា​ខ្មែរ មិន​ដឹង​ថា រដ្ឋ​អំណាច​ហ្នឹង​គេ​ចាត់ចែង​ការងារ​ហ្នឹង​យ៉ាង​ម៉េច។ ខ្ញុំ​យល់​ឃើញ​ថា តំបន់​នេះ​ជា​តំបន់​ផល​ប្រយោជន៍​របស់​សហគមន៍​តាតៃ​នេះ​ឯង។ ខ្ញុំ​មិន​ពេញ​ចិត្ត​ទេ​អានេះ​ជា​យោបល់​ខ្ញុំ​ផ្ទាល់។ សហគមន៍​តាតៃ​ដែល​គ្នា​មិន​ដឹង​ទៅ​ធ្វើ​អី​កើត​រស់​នឹង​គេ​កើត រហូត​មក​ដល់​ពេល​នេះ ហាក់​បី​ដូច​ជា​គេ​បំភ្លេច​ចោល​រឿង​សហគមន៍​នេះ»

ទាក់ទង​បញ្ហា​នេះ ប្រធាន​សហគមន៍​ទេសចរណ៍​ធម្មជាតិ​តាតៃ លោក ទេព ម៉ាឡា បាន​ថ្លែង​ថា ការ​ចូល​មក​វិនិយោគ​នេះ សហគមន៍​ពុំ​បាន​ទទួល​ព័ត៌មាន​ពី​ក្រុមហ៊ុន និង​មន្ទីរ​ទេសចរណ៍​ខេត្ត​ឡើយ។ តែ​លោក​អះអាង​ថា អាជ្ញាធរ​ជា​អ្នក​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​នេះ។

លោក​បន្ត​ថា អនាគត​ក្រុមហ៊ុន​នេះ នឹង​ពង្រីក​វិសាលភាព​សេវាកម្ម​ទេសចរណ៍​របស់​ខ្លួន​បន្ថែម​ទៀត ដើម្បី​អូស​ទាញ​យក​ទេសចរណ៍​អន្តរជាតិ​ដែល​ចង់​មក​ស្គាល់​រមណីយដ្ឋាន​ធម្មជាតិ​តាតៃ។ លោក​សំណូមពរ​ឲ្យ​មន្ទីរ​ទេសចរណ៍​ខេត្ត​កោះកុង ទាក់ទង​ក្រុមហ៊ុន​ទេសចរណ៍​ថៃ​នេះ ពិភាក្សា​បែងចែក​ផល​ប្រយោជន៍​មួយ​ភាគ​មក​ឲ្យ​សហគមន៍​ដែល​ជា​អ្នក​ថែទាំ​តំបន់​ទេសចរណ៍​ធម្មជាតិ​នេះ​ដោយ​ផ្ទាល់។

លោក ទេព ម៉ាឡា៖ «សហគមន៍​ព្រួយ​បារម្ភ​ខ្លាច​អនាគត​ទៅ ក្រុមហ៊ុន​នីមួយៗ​គេ​ដេញ​យក​អស់​អ៊ីចឹង ប្រជាពលរដ្ឋ​អត់​មាន​ការងារ​ធ្វើ​នៅ​ក្នុង​ភូមិ។ ខ្លាច​យូរៗ​ទៅ​សហគមន៍​ពុំ​មាន​ច្បាប់​ទម្លាប់​ណា​ទៅ​គ្រប់គ្រង​តំបន់​ទឹក​ធ្លាក់​ណាមួយ យូរ​ទៅ​គេ​នឹង​អាច​យក​ក៏​ថា​បាន។ ឥឡូវ​គេ​ចាប់​ផ្ដើម​ទទួល​ភ្ញៀវ​ទេសចរ​គេ​មិន​កក់​មក​សហគមន៍​ទេ គេ​កក់​មក​ចូល​ក្រុមហ៊ុន​គេ​ទៅ ពីព្រោះ​សហគមន៍​ជា​ផ្នែក​តូច​មួយ​មិន​មាន​អ្វី​គួរ​ធ្វើ​ឲ្យ​អស្ចារ្យ​ដូច​គេ​ទេ»

ទាក់ទង​ការ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​នេះ អភិបាល​ស្រុក​កោះកុង លោក សោម សុធីរ បាន​បង្វែរ​សំណួរ​ទៅ​ឲ្យ​អាជ្ញាធរ​ឃុំ។ ប៉ុន្តែ​វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់​ទង​មេឃុំ​ស្ដីទី​តាតៃ​ក្រោម លោក កយ ម៉ាន់ បាន​ទេ​នៅ​ថ្ងៃទី​២៤ មករា ឆ្នាំ​២០១២។

យ៉ាង​ណា​ក៏​ដោយ អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កោះកុង លោក ឃឹម សុនិត អះអាង​ថា ដំណាក់​កាល​ដំបូង​ក្រុមហ៊ុន​នេះ​បាន​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ ហើយ​ថា​ក្រុមហ៊ុន​នេះ​មាន​គម្រោង​សាងសង់​កញ្ចុះ​បណ្ដែត​ទឹក សម្រាប់​ឲ្យ​អ្នក​ទេសចរណ៍​អង្គុយ​កម្សាន្ត ដែល​មន្ទីរ​ពុំ​ទាន់​បាន​ទទួល​ឯកសារ​អ្វី​នៅ​ឡើយ។

លោក ឃឹម សុនិត ៖ «ប្រហែល​ជា​មាន​ការ​ឯកភាព​ជា​ដំបូង​សិន វា​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​សាងសង់​កញ្ចុះ​ បណ្ដែត​ទឹក​មិន​ទាន់​រួច​រាល់ ឆ្លើយ​តប​មក​វិញ ថា​គេ​បាន​រួច​រាល់​ហើយ​ដំណើរការ​អាជីវកម្ម​សេវា​បម្រើ​ហ្នឹង​ហើយ​បាន​មក​មន្ទីរ​ទេសចរណ៍»

តំបន់​រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​តាតៃ​នេះ ទើប​អភិវឌ្ឍន៍​ឡើង​នៅ​ឆ្នាំ​២០០៩។ ក្នុង​មួយ​ឆ្នាំៗ​មាន​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​ប្រមាណ​ជាង ៣​ពាន់ ទៅ ៤​ពាន់​នាក់៕