មន្ត្រីក្រសួងទេសចរណ៍ បានរំពឹងទុកថា ចាប់ពីពេលនេះទៅមុខ គឺចំនួនភ្ញៀវទេសចរបរទេសដែលចូលមកទស្សនាកម្ពុជា នឹងមិនមានការធ្លាក់ចុះទេ។ ការព្យាករទុកនេះ ដោយសារតែជាគោលដៅធំរបស់កម្ពុជា គឺទទួលភ្ញៀវដែលមកពីតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយគេដឹងចំនួនភ្ញៀវទេសចរមកពីតំបន់នោះ គឺបានកើនឡើងទៅដល់ ៧៦% ទៅហើយ កាលពីពេលថ្មីៗ។ ក៏ប៉ុន្តែ ទោះយ៉ាងណា នៅមានផលលំបាកខ្លះកំពុងតែកើតមានទៅលើបញ្ហាទេសចរណ៍នៅឡើយ។
ភ្នាក់ងារឯកជនខ្លះដែលកំពុងតែប្រកបរបររកកម្រៃពីវិស័យទេសចរណ៍ បានសំណូមពរឱ្យរដ្ឋាភិបាលកម្ពុជា ជួយដោះស្រាយវិបត្តិមួយចំនួនដែលកំពុងតែកើតឡើងទៅលើវិស័យប្រកបរបរទេសចរណ៍ទាំងនោះ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងអាជ្ញាធររដ្ឋាភិបាលជាច្រើនស្ថាប័នដែលពាក់ព័ន្ធ បានជួបប្រជុំគ្នាជាមួយផ្នែកឯកជនដែលកំពុងប្រកបរបរពីវិស័យទេសចរណ៍ ដើម្បីស្វែងរកមធ្យោបាយល្អៗធ្វើឱ្យការបម្រើសេវាកម្មទេសចរណ៍កាន់តែប្រសើរថែមទៀត នៅពេលដែលកំណើនភ្ញៀវទេសចរចូលមកកម្ពុជា និងទៅទស្សនាតំបន់អង្គរខេត្តសៀមរាប កាន់តែមានការកើនឡើង។
ស្របគ្នានេះដែរ វិស័យឯកជនមួយចំនួនដែលកំពុងតែប្រកបរបររកកម្រៃពីសេវាកម្មទេសចរណ៍ ឱ្យដឹងថា បើទោះបីជាចំនួនភ្ញៀវទេសចរបរទេសចូលមកកម្ពុជា កាន់តែច្រើនឡើងៗក៏ដោយ ក៏ផលលំបាកមួយចំនួននៅក្នុងវិស័យនេះនៅតែមានបញ្ហា ដែលត្រូវការឱ្យរដ្ឋាភិបាលជួយដោះស្រាយ។
លោក ធួន ស៊ីណាន ជាប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក មួយរូប ក្នុងចំណោមទីភ្នាក់ងារទេសចរណ៍ឯកជនជាច្រើនទៀត ដែលបានចូលរួមពិភាក្សាជាមួយមន្ត្រីរដ្ឋាភិបាល។ លោកមានប្រសាសន៍ថា រដ្ឋាភិបាលកំពុងប្រឹងប្រែងជួយលើកស្ទួយវិស័យទេសចរណ៍យ៉ាងខ្លាំង ដើម្បីទាក់ទាញអ្នកទេសចរបរទេសឱ្យចូលមកទស្សនាកម្ពុជា កាន់តែច្រើនថែមទៀត។ តំណាងសមាគមទេសចរណ៍ដដែលបានមានប្រសាសន៍ថា បើទោះជាយ៉ាងណាក៏ដោយ ក៏បច្ចុប្បន្ន ភ្ញៀវទេសចរខ្លះដែលឆ្លងតាមច្រកព្រំដែនពីប្រទេសជិតខាងចូលមកកម្ពុជា នៅមានការលំបាកនៅឡើយ ដោយសារតែមន្ត្រីនៅតាមព្រំដែនមួយចំនួនបង្កឱ្យមានការរាំងស្ទះ។
លោក ធួន ស៊ីណាន បានបញ្ជាក់ថា ភ្ញៀវទេសចរបរទេសខ្លះដែលបានមកដោយខ្លួនឯង និងភ្ជាប់ជាមួយយានជំនិះ ដូចជាបើកឡាន ឬម៉ូតូផងនោះ នៅពេលដែលឆ្លងកាត់ព្រំដែនចូលមកកម្ពុជា គឺត្រូវការបំពេញបែបបទឯកសារជាច្រើន។ ការបំពេញបែបបទនៃឯកសារទាំងនោះ បើទោះបីជាឯកសារមួយចំនួនធំត្រូវបានរៀបចំដោយទីភ្នាក់ងារទេសចរណ៍នៅទីក្រុងភ្នំពេញ ឬក៏នៅសៀមរាប រួចហើយក៏ដោយ ក៏សមត្ថកិច្ចនៅតាមព្រំដែនមួយចំនួនតូច មានគយ និងប៉ូលិសអន្តោប្រវេសន៍ជាដើម នៅតែបង្កការលំបាក។
លោក ធួន ស៊ីណាន៖ «ព្រំដែនខ្លះមិនត្រូវបានជួយសម្រួលទាល់តែសោះតែម្ដង។ ឯកសារគយខ្លះដែលយើងគិតថាគាត់ត្រូវបំពេញចំណាយពេលតែ ៣០នាទី ក៏ប៉ុន្តែគាត់ឱ្យពួកគាត់ដើរតាមយើងខ្លាក់ៗរហូតដល់ពេលទៅ ៤ ឬ ៥ម៉ោងក៏មានដែរ។ បើសិនជាយើងចំណាយលុយធំ យើងបានងាយស្រួល តែបើយើងចំណាយទៅតាមបែបបទរដ្ឋបាល ឬក៏គ្រាន់តែជូនគាត់បន្តិចបន្តួចហ្នឹង គឺពេលវេលាត្រូវបានពន្យារពេល។ អីចឹង យើងមានការលំបាកមែនទែន ដោយសារភ្ញៀវឡាន និងភ្ញៀវធួរ (Tours) ក្រុមហ៊ុនអ្នកទទួលខុសត្រូវ គាត់នាំមុខភ្ញៀវ ឬក៏តាមមើលថែគាត់រហូតតាមផ្លូវ ដើម្បីជៀសវាងនូវឧបទ្ទវហេតុណាមួយកើតឡើងនៅតាមផ្លូវ ពីព្រោះគាត់អត់បានស្គាល់ផ្លូវ ទីតាំងភូមិសាស្ត្រដែលគាត់បានឆ្លងកាត់នោះទេ»។
ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក បញ្ជាក់ថា បញ្ហាលំបាកទាំងនេះ គឺបង្កឡើងដោយសមត្ថកិច្ចនៅតាមច្រកទ្វាព្រំដែនតិចតូចប៉ុណ្ណោះ ក៏ប៉ុន្តែសមត្ថកិច្ចជាច្រើនមានការសម្រួលល្អមែនទែន ដោយសារតែគាត់យល់ច្បាស់អំពីសារសំខាន់នៃទេសចរណ៍។ ក្រៅតែពីបញ្ហាដែលសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក បានលើកឡើងនោះ គឺនៅមានបញ្ហាមួយចំនួនទៀតដែលក្រុមទីភ្នាក់ងារទេសចរណ៍ឯកជនបានសំណូមពរឱ្យមន្ត្រីរដ្ឋាភិបាលជួយដោះស្រាយ។
លោក អាង គឹមអ៊ាង ជាប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានមានប្រសាសន៍ថា មានម្ចាស់សណ្ឋាគារខ្លះធ្លាប់បានចុះកិច្ចសន្យាលើតម្លៃស្នាក់នៅថោកជាមួយទីភ្នាក់ងារទេសចរណ៍ ក៏ប៉ុន្តែនៅពេលដែលគាត់លក់សណ្ឋាគារទៅឱ្យម្ចាស់ថ្មី គឺគាត់មិនបានប្រាប់ឱ្យដឹងថានៅមានកិច្ចសន្យាតម្លៃបន្ទប់ស្នាក់នៅជាមួយទីភ្នាក់ងារទេសចរណ៍ទេ។ បញ្ហាបានកើតមាននៅពេលដែលម្ចាស់ថ្មីចូលមកកាន់កាប់ ដំឡើងថ្លៃបន្ទប់ ក៏ប៉ុន្តែកញ្ចប់ទេសចរណ៍បានដាក់លក់ជូនភ្ញៀវជាច្រើនឆ្នាំទៅមុខរួចហើយនោះ។ លោក អាង គឹមអ៊ាង បានឱ្យដឹងថា មានកង្វល់ជាច្រើនទៀតដែលទីភ្នាក់ងារទេសចរណ៍ឯកជនត្រូវការឱ្យសមត្ថកិច្ចរដ្ឋាភិបាលជួយដោះស្រាយ។
លោក អាង គឹមអ៊ាង៖ «ក្មេងរំខានភ្ញៀវទេសចរលើផ្ទៃទឹកក្នុងបឹងទន្លេសាបនេះ នៅតែមានច្រើនក្រៅពីការសុំទាន គឺគាត់ទៅរំខានយកសត្វពស់អីទៅ លក់ភេសជ្ជៈ ជិះទូកដេញ ធ្វើឱ្យភ្ញៀវគាត់មានអារម្មណ៍រំខានការទស្សនារបស់គាត់។ ចំណុចទី៣ ការធ្វើអាជីវកម្ម សេវាកម្មទេសចរណ៍ហ្នឹង មិនមានអាជ្ញាប័ណ្ណដោយស្មោះត្រង់ គឺថាទិដ្ឋភាពជាក់ស្តែងនេះ គឺថាមានទាំងសណ្ឋាគារ មានទាំងផ្ទះសំណាក់រ៉ឺម៉ក មគ្គុទ្ទេសក៍ទេសចរណ៍ តាក់ស៊ីអីទៅទៀត គឺថាគាត់បានបង្កើតវេបសាយ (Website) ធ្វើអាជីវកម្មលក់កញ្ចប់ទស្សនកិច្ច។ មិនដឹងជាគាត់មានអាជ្ញាប័ណ្ណធ្វើអាជីវកម្មទេសចរណ៍ដែរឬទេ ឬក៏គាត់ធ្វើខ្លួនឯង ឬគាត់ទៅទិញសេវានោះពីទីភ្នាក់ងារទេសចរណ៍»។
ការចាត់ចែងឱ្យមានចំណតរថយន្តត្រឹមត្រូវសម្រាប់ភ្ញៀវទេសចរ និងការសំអាតបរិស្ថានទីក្រុង ដើម្បីធានាដល់សុខភាពសាធារណៈ និងបង្កើនសម្រស់ទាក់ទាញទេសចរណ៍ ក៏ជាបញ្ហាដែលមន្ត្រីរដ្ឋាភិបាលត្រូវតែដោះស្រាយផងដែរ នៅពេលដែលចំនួនភ្ញៀវទេសចរកាន់តែកើនឡើង។
មន្ត្រីមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងថា មានបញ្ហាមួយចំនួនដែលកើតឡើងកន្លងទៅ និងតម្រូវឱ្យមានការកែលំអ ដូចជា បណ្ដាញអគ្គិសនីនៅក្នុងទីក្រុងមិនទាន់បានរៀបចំសណ្ដាប់ធ្លាប់ឱ្យបានល្អនៅឡើយ។ ការងារបរិស្ថាននៅតែប្រឈមមុខនឹងបញ្ហាលួចចោលកាកសំណល់នៅតាមទីសាធារណៈ នៅតាមដងផ្លូវ និងតំបន់ជាយក្រុង ដោយសារប្រជាពលរដ្ឋមួយចំនួននៅមិនទាន់ប្រគល់សំរាមទៅឱ្យក្រុមហ៊ុនប្រមូលយកទៅចោលទេ។ ចំណែករថយន្តដឹកសំរាមចេញពីទីក្រុងមួយចំនួនមានភាពធ្លុះធ្លាយ ធ្វើឱ្យធ្លាក់សំរាមនៅតាមដងផ្លូវ នាំឱ្យរំខានដល់ការធ្វើដំណើររបស់អ្នកទេសចរ។
បញ្ហាគ្រប់គ្រងមគ្គុទ្ទេសក៍ទេសចរណ៍ទៀតសោត បច្ចុប្បន្ននេះ ក្រុមហ៊ុនរុស្ស៊ីនៅតែបន្តប្រើប្រាស់ជនជាតិរុស្ស៊ី ឱ្យនាំភ្ញៀវដើរកម្សាន្តនៅតាមរមណីយដ្ឋានជាច្រើននៃតំបន់អង្គរ ដែលធ្វើឱ្យក្រុមមគ្គុទ្ទេសក៍ជនជាតិខ្មែរ និយាយភាសារុស្ស៊ី បាត់បង់ចំណូលពីទេសចរណ៍។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ក្រសួងទេសចរណ៍កំពុងប្រឹងប្រែងពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍន៍គោលដៅទេសចរណ៍ ជាពិសេសនៅខេត្តសៀមរាប ឱ្យកាន់តែប្រសើរឡើង។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងទេសចរណ៍ និងពង្រឹងវិន័យទៅលើសមត្ថកិច្ចនៅតាមច្រកទ្វារព្រំដែន និងបញ្ហាដែលម្ចាស់សណ្ឋាគារមួយចំនួនធ្វើការផ្សព្វផ្សាយតាមវេបសាយ មិនស្មោះត្រង់ ដោយភូតកុហកភ្ញៀវថា សណ្ឋាគាររបស់ខ្លួនលំដាប់ផ្កាយ ៤ ឬ ៥ ហើយលក់បន្ទប់ស្នាក់នៅតម្លៃថោក ធ្វើឱ្យសណ្ឋាគារដែលមានលំដាប់ផ្កាយពិតប្រាកដជួបផលលំបាកនោះ។
លោក ថោង ខុន៖ «វាជាបុគ្គលទេ ដែលធ្វើឱ្យមានការលំបាក។ ការងារហ្នឹងគឺច្បាប់យើងមានអស់ហើយ ក៏ប៉ុន្តែយើងត្រូវពង្រឹងនូវវិន័យ ហើយអ្វីដែលយើងបានចេញជាការណែនាំ ហើយត្រូវអនុវត្តឱ្យល្អនៅគ្រប់ច្រកទ្វារទាំងអស់ ព្រោះនៅគ្រប់ច្រកទ្វារច្បាស់ហើយ គឺថាតម្លៃវីសា (VISA) ត្រូវដាក់បិទជាចំហ ហើយភ្ញៀវធួរធ្វើយ៉ាងម៉េច ភ្ញៀវរាយធ្វើយ៉ាងម៉េច។ បញ្ហាមួយទៀត ទាក់ទងទៅនឹងបញ្ហាបន្លំគុណភាព វាអត់មានទេ។ បញ្ហាសំខាន់ គឺអ្នកចុះវេបសាយនោះទេ។ ពេលដែលរដ្ឋមិនទាន់ទទួលស្គាល់ផង ចេះតែបង្កើនគុណភាពខ្លួនឯងថាផ្កាយ៤ ផ្កាយអី ប៉ុន្តែតាមពិតបើអ្វីដែលរដ្ឋាភិបាល និងក្រសួងទេសចរណ៍មិនទាន់ទទួលស្គាល់ សូមដាក់ថាការផ្សព្វផ្សាយក្រៅផ្លូវការទៅ។ អីចឹង សូមកុំឱ្យមានបញ្ហាហ្នឹងតទៅទៀត»។
ក្រសួងទេសចរណ៍បានអះអាងថា ប្រទេសកម្ពុជា បានទទួលចំណូលពីវិស័យទេសចរណ៍សម្រាប់ឆ្នាំ២០១២ គឺប្រហែលជាង ២ពាន់លានដុល្លារសហរដ្ឋអាមេរិក។ ចំណែកនៅខេត្តសៀមរាប ក្នុងរយៈពេលពេញ ១ឆ្នាំ២០១២ គឺបានទទួលភ្ញៀវទេសចរបរទេសចំនួន ២លាន ៦ម៉ឺននាក់។ ចំនួននេះបានកើនឡើង ២៨.១៥% បើប្រៀបធៀបទៅនឹងឆ្នាំ២០១១ កន្លងទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
