អភិបាលខេត្តសៀមរាប លោក ស៊ូ ភិរិន្ទ បានមានប្រសាសន៍កាលពីព្រឹកថ្ងៃអាទិត្យ ទី១ ខែវិច្ឆិកា ថា ៖ «ក្នុងពិធីបុណ្យអុំទូក លយប្រទីប សំពះព្រះខែ នៅខេត្តសៀមរាប ឆ្នាំនេះទេសចរឃើញមានការកើនមកបណ្តើរ។ ទី១ វាត្រូវរដូវកាលនៃការកើនផង ទី២ សភាពការណ៍ជាទូទៅក៏មានការល្អប្រសើរជាងមុនដែរ ការដែលយើងស្តារហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការសម្អាតក្រុង ក៏ដូចជាសណ្តាប់ធ្នាប់ផ្សេងៗទាំងអស់ ត្រូវបានយើងយកចិត្តទុកដាក់តាមការណែនាំរបស់រាជរដ្ឋាភិបាល»។
មន្ត្រីខេត្តសៀមរាបបានឲ្យដឹងទៀតថា ខណៈដែលចំនួនមនុស្សកាន់តែកុះករនេះ គេបានឲ្យមន្ត្រីភ្នាក់ងារសុខភាពកាន់តែបន្ថែមកិច្ចការពារជំងឺផ្តាសាយ A(H1N1) សម្រាប់សុខភាពសាធារណជនឲ្យកាន់តែប្រសើរ។
ចំណែកក្រុមអាជីវករលក់ដូរនៅមុខប្រាសាទអង្គរវត្តក៏បានសម្ដែងការរីករាយចំពោះការលក់ដូរបានប្រាក់ចំណេញក្នុងពេលភ្ញៀវទេសចរណ៍កើនឡើងមកតំបន់ពួកគេ។
អ្នកស្រី ឃុត សុខា ដែលជាអ្នកលក់បាយនិងម្ហូបនៅមុខប្រាសាទអង្គរវត្ត បានមានប្រសាសន៍ថា គាត់សប្បាយចិត្តរយៈពេល២-៣ថ្ងៃមកនេះ ខណៈដែលទេសចរកើនឡើងក្នុងពិធីបុណ្យលើសធម្មតា ធ្វើឲ្យការលក់ដូររបស់គាត់កើនចំណូលដែរនោះ។
អ្នកស្រី ឃុត សុខា បានឲ្យដឹងថា ៖ «លក់ដាច់លើសធម្មតាឆ្ងាយ បើតាមធម្មតាយើងលក់បាន៥ម៉ឺន ឥឡូវត្រូវលក់បាន១០ម៉ឺនអ៊ីចឹងណា៎។ កើនឡើងទើបម្សិលមិញហើយថ្ងៃហ្នឹង។ ភាគច្រើនអ្នកមកពីភ្នំពេញនិងពីខេត្តផ្សេងៗ។ សប្បាយតើ!»។
កញ្ញា ទិត សគុណា មកពីខេត្តបាត់ដំបង បានមានប្រសាសន៍ថា នាង ពុក ម៉ែ ជីតា និងបងប្អូនជីដូនមួយរបស់នាងទាំងអស់៦នាក់ បាននាំគ្នាមកលេងខេត្តសៀមរាប ដោយសារនាងចូលចិត្តភាពស្ងប់ស្ងាត់ សម្រស់ធម្មជាតិនិងប្រាសាទបូរាណដែលជាកន្លែងវប្បធម៌របស់ខ្មែរ។
កញ្ញា ទិត សគុណា បានបញ្ជាក់ថា ៖ «ពេលបុណ្យអុំទូកអីចឹងភាគច្រើនគេទៅលេងភ្នំពេញហើយ អីចឹងនៅតាមនេះប្រហែលជាអត់សូវមានមនុស្សមកច្រើនទេ ហើយម្យ៉ាងទៀតខ្ញុំយល់ថា មកលេងប្រាសាទអង្គរហ្នឹងវាជាកន្លែងវប្បធម៌មួយ យើងចង់ដឹងពីវប្បធម៌របស់ខ្មែរយើង។ ខ្ញុំឧស្សាហ៍មកតើ! ជួនកាលមកហើយ ល្ងាចឡើងខ្ញុំត្រឡប់ទៅវិញ»។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍នៃប្រទេសកម្ពុជា លោក ថោង ខុន បានមានប្រសាសន៍កាលពីពាក់កណ្តាលខែតុលាកន្លងមកថា ៦ខែដើមឆ្នាំនេះចំនួនទេសចរបរទេសមកកាន់កម្ពុជាបានធ្លាក់ចុះ១,៣% ប៉ុន្តែចាប់ពីពាក់កណ្តាលឆ្នាំ២០០៩ រហូតដល់ខែសីហា បានកើនឡើងមកវិញហើយ សរុបមក៨ខែឆ្នាំនេះចំនួនទេសចរបរទេសបានកើនឡើង១,៣% បើប្រៀបធៀបនឹងឆ្នាំមុន ទន្ទឹមគ្នានឹងប្រទេសខ្លះមានការធ្លាក់ចុះច្រើននោះ។
មន្ត្រីក្រសួងទេសចរណ៍នៃប្រទេសកម្ពុជាបានរំពឹងថា នៅដំណាច់ឆ្នាំ២០០៩ កំណើនទេសចរអាចបានខ្ទង់ ២លាន១៨ម៉ឺននាក់ ទៅ ២លាន២០ម៉ឺននាក់ ដែលកើនជាងឆ្នាំមុនពី២%ទៅ៣%៕
