អ្នក​ដើរ​កម្សាន្ត​ក្នុង​ពិធី​បុណ្យ​អុំ​ទូក​ធ្លាក់​ចុះ

2009-11-04

មន្ត្រី​សិទ្ធិ​មនុស្ស​ដែល​បាន​ធ្វើ​ការ​សង្កេត​នៅ​ក្នុង​រយៈពេល​បី​ថ្ងៃ​នៃ​ពិធី​បុណ្យ​អុំ​ទូក​បាន​អះអាង​ថា ពិធី​បុណ្យ​អុំ​ទូក​នា​ឆ្នាំ​នេះ​មាន​ភាព​សោះ​កក្រោះ ដោយសារ​តែ​ចំនួន​ពលរដ្ឋ​មក​កម្សាន្ត​មាន​ការ​ធ្លាក់​ចុះ បើ​ប្រៀបធៀប​ទៅ​នឹង​ពិធី​បុណ្យ​អុំ​ទូក​រៀង​រាល់​ឆ្នាំ។

RFA/Leng Maly

ទិដ្ឋភាព​នៅ​ក្នុង​ព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក បណ្តែត​ប្រទីប សំពះ​ព្រះ​ខែ អក​អំបុក នា​ថ្ងៃ​១ វិច្ឆិកា ២០០៩។

លោក ចាន់ សុវ៉េត មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក បាន​សន្និដ្ឋាន​ថា ការ​ថម​ថយ​នៃ​អ្នក​ដើរ​កម្សាន្ត​ឆ្នាំ​នេះ​ទំនង​បណ្តាល​មក​ពី​បញ្ហា​សេដ្ឋកិច្ច​ធ្លាក់​ចុះ អ្នក​ស្រុក​ស្រែ​ចម្ការ​ដែល​មាន​ជីវភាព​យ៉ាប់យ៉ឺន​ស្រាប់ ពុំ​សូវ​មាន​លុយ​កាក់​ក្នុង​ការ​ធ្វើ​សោហ៊ុយ​មក​កម្សាន្ត និង​ប្រហែល​បណ្តាល​មក​អំពី​ការ​ខ្លាច​រអារ​នៃ​ជំងឺ​គ្រុន​ផ្តាសាយ​ថ្មី A(H1N1) ដែល​កំពុង​តែ​ឆ្លង​រីក​រាល​ដាល។

លោក ចាន់ សុវ៉េត បាន​បញ្ជាក់​ថា ៖ «បញ្ហា​សំខាន់​គឺ​មក​ពី​ជីវភាព សំខាន់​មួយ​ទៀត​គឺ​បញ្ហ​ការ​លក់​ដូរ តម្លៃ​ទំនិញ​នៅ​ក្នុង​ផ្សារ នៅ​ក្នុង​កន្លែង​ហ្នឹង វា​មាន​តម្លៃ​ថ្លៃ​ខ្ពស់ ហើយ​មួយ​ទៀត​គឺ​យើង​ពី​ស្ថានភាព​នៃ​ជំងឺ ឧទាហរណ៍​ដូច​ជា​គ្រុន​ផ្តាសាយ​បក្សី និង​គ្រុន​ផ្តាសាយ​ជ្រូក​អី​អ៊ីចឹង​ជាដើម»

តាម​ការ​ប៉ាន់​ប្រមាណ​ជា​ទូទៅ អ្នក​ចូលរួម​កម្សាន្ត​ក្នុង​ពិធី​បុណ្យ​អុំ​ទូក​នា​ឆ្នាំ​នេះ​មាន​មិន​ដល់​១​លាន​នាក់​ទេ។ ក្រុម​អាជីវករ​ជា​ច្រើន​នាក់​បាន​រអ៊ូ​ត្អូញ​ត្អែរ​អំពី​ការ​ខាត​បង់​ដោយសារ​តែ​គេ​រំពឹង​ទុក​ថា នឹង​មាន​អ្នក​មក​កម្សាន្ត​ក្នុង​ពិធី​បុណ្យ​នេះ​ច្រើន ហើយ​មុខ​ទំនិញ​ច្បាស់​ជា​នឹង​ត្រូវ​លក់​ដាច់។

ស្រ្តី​អ្នក​លក់​នំ​ចំណី​បាន​និយាយ​នៅ​ថ្ងៃ​បង្ហើយ​នៃ​ពិធី​បុណ្យ​អុំ​ទូក​នេះ​ថា ចំនួន​អ្នក​ដើរ​កម្សាន្ត​បាន​ថយ​ចុះ រី​ឯ​អ្នក​ដើរ​កម្សាន្ត​ខ្លះ​ទៀត​មិន​បាន​ទិញ​អ្វី​ឡើយ ៖ «ខាត​ចូល​ជិត​២០០​(ដុល្លារ)​ហើយ ខ្ញុំ​ខ្ចី​លុយ​គេ​មក។ អត់​មាន​អ្នក​ហូប អ្នក​ទិញ!»

យុវជន វុទ្ធី អាយុ​១៩​ឆ្នាំ អ្នក​ដើរ​កម្សាន្ត បាន​សង្កេត​ឃើញ​ថា អ្នក​ចូលរួម​កម្សាន្ត​នៅ​ឆ្នាំ​នេះ​មាន​ការ​ថយ​ចុះ។ វុទ្ធី ឲ្យ​យោបល់​ថា ប្រហែល​មក​ពី​ការ​ភ័យ​ខ្លាច​នៃ​ជំងឺ​គ្រុន​ផ្តាសាយ ៖ «ខ្ញុំ​គិត​ថា គ្រុន​ផ្តាសាយ​ច្រើន អ៊ីចឹង​គេ​អត់​សូវ​ដើរ ណា​មួយ​ធ្លាប់​ដើរ​រាល់​ឆ្នាំ​ហើយ វា​ដដែលៗ»

បើ​ទោះ​បី​ជា​ក្រុម​អ្នក​ដើរ​កម្សាន្ត​និង​ក្រុម​អាជីវករ​បាន​អះអាង​ដូច​គ្នា​ថា ចំនួន​អ្នក​ដើរ​កម្សាន្ត​ពេល​បុណ្យ​អុំ​ទូក​បាន​ថយ​ចុះ ប៉ុន្តែ​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន វិញ បដិសេធ​ថា វា​មិន​ដូច្នេះ​ទេ។

លោក​ទទួល​ស្គាល់​ថា ជីវភាព​ប្រជាជន​មាន​ការ​ធ្លាក់​ចុះ ក៏​ប៉ុន្តែ​ចំនួន​អ្នក​មក​កម្សាន្ត​ពេល​បុណ្យ​អុំ​ទូក​មាន​ចំនួន​ប្រហាក់​ប្រហែល​នឹង​រាល់​ឆ្នាំ គឺ​មិន​តិច​ជាង​២​លាន​នាក់​ឡើយ។

លោក ថោង ខុន បាន​មាន​ប្រសាសន៍ថា ៖ «ធម្មតា​ទេ​ដូច​ខ្ញុំ​និយាយ​អ៊ីចឹង សេដ្ឋកិច្ច​ធ្លាក់​វា​ប៉ះ​ពាល់​ខ្លះ​ហើយ នៅ​ប្រទេស​ណា​ក៏​ប៉ះ​ដែរ ប៉ុន្តែ​ប្រជាជន​យើង​គាត់​នៅតែ​ត្រូវការ​ដើរ​កម្សាន្ត​អ៊ីចឹង អ៊ីចឹង​ទេសចរ​ក្នុង​ស្រុក​ហ្នឹង​អត់​មាន​ថយ​ទេ គ្រាន់​តែ​ចំណាយ​វា​តិច​ជាង​មុន ចំណាយ​គាត់​មាន​របៀប​របប​សន្សំ​សំចៃ។ មនុស្ស​ច្រើន​ណាស់ មិន​តិច​ទេ!»

ពិធី​បុណ្យ​អុំ​ទូក​នា​ឆ្នាំ​នេះ​ត្រូវ​បាន​គេ​សម្គាល់​ថា ចំនួន​ទូក​របស់​មហាជន​បាន​ថយ​ចុះ ក៏​ប៉ុន្តែ​ទូក​របស់​មន្ត្រី​ជាន់​ខ្ពស់​និង​ទូក​ដែល​ឧបត្ថម្ភ​ដោយ​ប្រមុខ​របស់​រដ្ឋាភិបាល​មាន​ច្រើន​ទៅ​វិញ។ គេ​ឃើញ​ទូក​មួយចំនួន​បាន​ដាក់​ឈ្មោះ​ចំៗ ដូច​ជា​ឈ្មោះ កំពូល​តេជោ​សែន​ជ័យ, ជាមយៀប​ស​ជ័យ, ចក់​ឡេងមុន្នី​ឧត្តម​សែន​ជ័យ, សំ​ហេង​សែន​ជ័យ​បារមី​ចាក់អង្រែ​លើ, ញឹក​ប៊ុនឆៃ​បារមី​ឃ្លាំងមឿង ជា​ដើម៕

មតិ

អ្នក​អាច​បញ្ចេញ​មតិ​ដោយ​បំពេញ​ទម្រង់​ខាង​ក្រោម​នេះ​ក្នុង​ទម្រង់​ជា​អក្សរ​សុទ្ធ។. មតិ​ត្រូវ​តែ​អនុញ្ញាត​ដោយ​អ្នក​សម្រប​សម្រួល​និង​មិន​បង្ហាញ​ភ្លាមៗ​នៅ​លើ​ទំព័រ​នេះ​ទេ។ សូម​អញ្ជើញ​ត្រឡប់​មក​បើក​ទំព័រ​នេះ​ម្ដង​ទៀត​ដើម្បី​មើល​ថា​តើ​មតិ​របស់​អ្នក​ត្រូវ​បាន​ចុះ​ផ្សាយ​ឬ​អត់។




ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

ព្រះ​មហាក្សត្រ​យាង​ពន្លត់​ភ្លើង​ជ័យ​នៃ​បុណ្យ​ឯករាជ្យ​ជាតិ​ទី​៥៦

កម្ពុជា​ប្រារព្ធ​ខួប​ទី​៥៦​នៃ​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា

បញ្ហា​ការ​ថែ​រក្សា​អនាម័យ​ក្នុង​អំឡុង​ពេល​បុណ្យ​អុំ​ទូក

សរុប​តួលេខ​នៃ​​អំពើ​ចោរកម្ម​និង​គ្រោះថ្នាក់​ផ្សេងៗ​ក្នុង​ពេល​បុណ្យ​អុំ​ទូក

ស្ថានភាព​សន្តិសុខ​ក្នុង​ឱកាស​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក

ទិដ្ឋភាព​ថ្ងៃ​ទី​៣​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក

ខ្មែរ​កម្ពុជា​ក្រោម​ប្រារព្ធ​ពិធី​បុណ្យ​អុំ​ទូក

ពិធី​បុណ្យ​អុំ​ទូក​នៅ​បន្ទាយមានជ័យ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន

ប្រវត្តិ​អ្នក​រាំ​ក្បាល​ទូក