ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោក សោម ចិន្តា មានប្រសាសន៍ឲ្យវិទ្យុអាស៊ីសេរីដឹងនៅរសៀលថ្ងៃសៅរ៍ ទី២ ខែមករា ថា ចំនួនភ្ញៀវទេសចរចូលទៅទស្សនាខេត្តព្រះសីហនុ ចាប់ពីពិធីបុណ្យណូអែលរហូតដល់ថ្ងៃទី៣១ ខែធ្នូ ដែលជាថ្ងៃឆ្លងឆ្នាំសកល២០០៩-២០១០ គឺមានចំនួនកើនឡើងជាង៥ម៉ឺននាក់។
លោកបញ្ជាក់ថា ប៉ុន្មានថ្ងៃក្នុងពិធីបុណ្យណូអែលមានអ្នកទេសចរទៅកម្សាន្តជាង២ម៉ឺននាក់ ចំណែកថ្ងៃទី៣១ ខែធ្នូ ជាថ្ងៃឆ្លងឆ្នាំសកលមានភ្ញៀវទេសចរទៅកម្សាន្តជាង៣ម៉ឺននាក់ ហើយថា ចំនួននេះកើនជាងឆ្នាំ២០០៨កន្លងទៅជាង១ម៉ឺននាក់។
លោក សោម ចិន្ដា មានប្រសាសន៍ដូច្នេះ ៖ «គ្រាន់តែមួយថ្ងៃទី៣១(ធ្នូ ២០០៩)ទេ ភ្ញៀវបានប្រមាណជាង៣ម៉ឺននាក់។ ចំនួននេះខ្ញុំគិតតាមចំនួនបន្ទប់សណ្ឋាគារ ផ្ទះសំណាក់ទេ ប៉ុន្តែខ្ញុំគិតថាអាចមានច្រើនជាងហ្នឹង ពីព្រោះភ្ញៀវខ្លះគាត់សម្រាកនៅតាមផ្ទះប្រជាពលរដ្ឋ អត់មានកន្លែងដេក គាត់មកជួលផ្ទះប្រជាជនដេក។ ចាប់ពីថ្ងៃណូអែលរហូតដល់ថ្ងៃចុងឆ្នាំទី៣១ ភ្ញៀវមានប្រមាណជិត៦ម៉ឺននាក់»។
បុគ្គលិកចាត់ការទូទៅនៅសណ្ឋាគារឆ្នេរឯករាជ្យ ខេត្តព្រះសីហនុ លោក ស្រ៊ុន ម៉េង មានប្រសាសន៍ថា ក្នុងអាទិត្យចុងខែធ្នូ ឬចាប់ពីថ្ងៃបុណ្យណូអែល ជាពិសេសថ្ងៃដាច់ឆ្នាំ២០០៩ ចូលដល់ឆ្នាំ២០១០ ចំនួនភ្ញៀវបានកក់បន្ទប់និងស្នាក់នៅសណ្ឋាគារឆ្នេរឯករាជ្យមានចំនួនច្រើន ពោលគឺមិនមានបន្ទប់នៅទំនេរឡើយ។
លោក ស្រ៊ុន ម៉េង បានឲ្យដឹងដូច្នេះថា ៖ «ដំណាច់ឆ្នាំហ្នឹងបើនិយាយទៅគ្រប់សណ្ឋាគារទាំងអស់មានការកើនឡើងទាំងអស់ កក់មុនពេញទាំងអស់ កើនមែន កើនច្រើន»។
ភ្ញៀវទេសចរមួយរូបដែលបានទៅលេងឆ្នេរខេត្តព្រះសីហនុក្នុងថ្ងៃទី១ ខែមករា ឈ្មោះ កល្យាណ បានឲ្យដឹងថា ក្នុងឱកាសថ្ងៃបុណ្យឆ្លងឆ្នាំសកល២០១០ តម្លៃទំនិញនៅតំបន់ទេសចរណ៍នាខេត្តនេះ បានឡើងថ្លៃជាច្រើន ដោយតុអង្គុយកម្សាន្តមួយកន្លែងថ្លៃ៤០ដុល្លារនិងកន្ទេលមួយកន្លែងថ្លៃ១០ដុល្លារ ដែលជាតម្លៃមួយថ្លៃជាងថ្ងៃធម្មតាជាច្រើនដង។
លោក ទិត្យ ចន្ថា អគ្គនាយកដ្ឋានក្រសួងទេសចរណ៍មានប្រសាសន៍ថា ចំនួនភ្ញៀវទេសចរទៅទស្សនាខេត្តព្រះសីហនុក្នុងឆ្នាំ២០០៩ មានចំនួនកើនឡើងពិតមែន ប៉ុន្តែកើនមិនច្រើនទេ គឺកើនប្រមាណជាជាង១%ប៉ុណ្ណោះ។
លោក ទិត្យ ចន្ថា មានប្រសាសន៍ដូច្នេះ ៖ «ខាងតំបន់ឆ្នេរយើងមានការកើនឡើង ប៉ុន្តែកើនមិនជាច្រើនប៉ុន្មានទេ ព្រោះដោយសារថាយើងបានឃើញហើយ ទូទាំងប្រទេសកើន២% ដូច្នេះហើយនៅក្រុងព្រះសីហនុក៏មានការកើនឡើងក្នុងរង្វង់១% បន្តិចបន្តួច ប្រហាក់ប្រហែលប៉ុណ្ណឹងទេ មិនជាច្រើនបួនដប់ភាគរយទេ»។
លោក សោម ចិន្តា បានឲ្យដឹងថា ចំនួនភ្ញៀវទេសចរមានកំណើនកើននៅខេត្តព្រះសីហនុ គឺដោយសារអាជ្ញាធរខេត្តបានអភិវឌ្ឍតំបន់កម្សាន្តបែបធម្មជាតិ ដូចជាតំបន់ឆ្នេរ តំបន់កោះបានច្រើនកន្លែង គួបផ្សំនឹងការរក្សាបាននូវសុវត្ថិភាពសន្តិសុខជូនភ្ញៀវបានល្អ និងសេវាបម្រើលើវិស័យទេសចរណ៍ ភ្ញៀវមានការទុកចិត្តទើបចំនួនអ្នកទេសចរកើនឡើង។
ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោក សោម ចិន្តា បានឲ្យដឹងថា ចំនួនសរុបរបស់ភ្ញៀវទេសចរចូលទៅទស្សនាក្នុងខេត្តព្រះសីហនុនៅឆ្នាំ២០០៩ គឺមានចំនួនជាង៥០ម៉ឺននាក់ ចំនួននេះអាចមានចំនួនស្មើ ឬកើនជាងឆ្នាំ២០០៨បន្តិចបន្ទួច៕
