ទេសចរ​បរទេស​នៅ​សៀមរាប​ស្វះស្វែង​រក​មធ្យោបាយ​ទៅ​ប្រទេស​ថៃ

ភ្ញៀវ​ទេសចរណ៍​បរទេស​ជា​ច្រើន​ដែល​កំពុង​ខក​ជើង​ហោះហើរ​ពី​ខេត្ត​សៀមរាប​ឆ្ពោះ​ទៅ​កាន់​ទីក្រុង​បាងកក​ប្រទេស​ថៃ ដោយសារតែ​វិបត្តិ​បាតុកម្ម​របស់​ក្រុម​គណបក្ស​ប្រឆាំង​នោះ​កំពុង​ស្វះស្វែង​រក​មធ្យោបាយ​ជា​ច្រើន​ទៀត ដើម្បី​ធ្វើ​ដំណើរ​ទៅ​រក​គោលដៅ​បន្ត​របស់​ពួក​គេ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ ខែ​វិច្ឆិកា​នេះ។

តាម​មគ្គុទ្ទេសក៍​ទេសចរណ៍​មួយ​រូប​របស់​ក្រុមហ៊ុន​អេស៊ានត្រាល​នៅ​ឯ​ខេត្ត​សៀមរាប បាន​ឲ្យ​ដឹង​ពី​ថ្ងៃ​ព្រហស្បតិ៍ ថា ក្រុមហ៊ុន​កំពុង​រៀបចំ​ចាត់ចែង​ភ្ញៀវ​ទេសចរណ៍​របស់​ពួក​គេ​ខ្លះ​ឲ្យ​ធ្វើ​ដំណើរ​ចេញ​ទៅ​តាម​រថយន្ត​សំដៅ​ទៅ​ច្រក​ប៉ោយប៉ែត​ចូល​ទៅ​ប្រទេស​ថៃ​វិញ និង​ខ្លះ​បាន​ទិញ​សំបុត្រ​ធ្វើ​ដំណើរ​ចេញ​ទៅ​តាម​ជើង​យន្តហោះ​ថ្មី​ទៅ​កាន់​ប្រទេស​សិង្ហបុរី ប្រទេស​លាវ វៀតណាម ឬ​ក៏​កូរ៉េ ក៏ប៉ុន្តែ​វា​មាន​ការពិបាក​ខ្លាំង​ណាស់។

មគ្គុទ្ទេសក៍​ទេសចរណ៍​ដដែល​បាន​ឲ្យ​ដឹង​ថា ៖ «មាន​ច្រើន​ក្រុម​ណាស់​ថ្ងៃ​នេះ​ម្សិលមិញ​អី​ហ្នឹង។ ភាគ​ច្រើន​ទៅ​បញ្ជូន​ទៅ​តាម​ច្រក​ប៉ោយប៉ែត​វិញ។ ៣៦​នាក់​ទៅ​ភ្នំពេញ ចេញ​ពី​ភ្នំពេញ​ទៅ​សិង្ហបុរី អ្នក​ខ្លះ​ត្រូវ​ដូរ​ហោះ​ទៅ​លាវ វៀតណាម វា​ខុស​ទិសដៅ​វា ពិបាក​ណាស់ វេទនា​ណាស់។ អ៊ីចឹង​កម្មវិធី​ដែល​កក់​ហើយ ទាំង​ពី​ហាង​អាហារ​អី​សព្វ​បែប​យ៉ាង​ហ្នឹង​ត្រូវ​ដោះដូរ មិន​មែន​ស្រួល​ទេ​ពិបាក​ណាស់»

ក្រុម​អ្នក​ដំណើរ​ជនជាតិ​បរទេស​ជា​ច្រើន​រូប​បាន​និយាយ​ថា គេ​ពុំ​បាន​ដឹង​អំពី​ការហោះហើរ​របស់​គេ តើ​នឹង​មាន​សង្ឃឹម​ឬ​យ៉ាង​ណា​ទេ?។

អ្នកស្រី អានេ និស្សែន ជា​ជនជាតិ​ដាណាម៉ាក ដែល​បាន​ទៅ​ចុះ​បញ្ជី​រង់ចាំ​ជើង​ហោះហើរ​នៅ​ឯ​ក្រុមហ៊ុន Bangkok Airways ក្នុង​ខេត្ត​សៀមរាប បាន​មាន​ប្រសាសន៍​ថា ក៏​បាន​បន្ត​ដេក​នៅ​ខេត្ត​សៀមរាប​ត​ទៅ​ទៀត ប្រសិន​បើ​ទិសដៅ​ទីក្រុង​បាងកក​ដែល​គាត់​ត្រូវ​ទៅ​បែរ​ជា​ខកខាន។ ក៏​ប៉ុន្តែ​ទោះ​យ៉ាង​ណា​ប្រហែល​ជា​គាត់​ត្រូវ​គិត​ប្ដូរ​ជើង​ហោះហើរ​ទៅ​កាន់​ប្រទេស​កូរ៉េ​ឬ​វៀតណាម​ដើម្បី​បន្ត​ដំណើរ​ទៅ​កាន់​អឺរ៉ុប ៖ "ខ្ញុំ​គិត​ថា ប្រហែល​ជា​ប្ដូរ​ការហោះហើរ​តាម​ជើង​យន្តហោះ កូរ៉េ ឬ​វៀតណាម ពីព្រោះ​ខ្ញុំ​ត្រូវ​ទៅ​អឺរ៉ុប"។

រហូត​មក​ដល់​ថ្ងៃ​ព្រហស្បតិ៍​នេះ ពុំ​មាន​ការហោះហើរ​ណា​មួយ​បាន​ធ្វើ​ដំណើរ​ចាកចេញ​ពី​ខេត្ត​សៀមរាប​ទៅ​កាន់​ទីក្រុង​បាងកក ឬ​ពី​ទីក្រុង​បាងកក មក​កាន់​ខេត្ត​សៀមរាប​នៅ​ឡើយ​ទេ។

នាយក​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​សៀមរាប លោក សៅ វឌ្ឍនា បាន​មាន​ប្រសាសន៍​ថា ជើង​ហោះហើរ​ពី​ទីក្រុង​បាងកក ប្រទេស​ថៃ នៅតែ​ពន្យារ​ពេល​ត​ទៅ​ទៀត មិន​អាច​ហោះហើរ​បាន​ទេ រហូត​ដល់​ម៉ោង​៦​យប់​ថ្ងៃ​ព្រហស្បតិ៍​នេះ។

មន្រ្តី​ដដែល​បាន​ឲ្យ​ដឹង​ថា មាន​ជើង​ហោះហើរ​ចំនួន​៥​ត្រូវ​ពន្យារ​នៅ​ក្នុង​ថ្ងៃ​នេះ ៖ «ខាង​ព្រលាន​សុវណ្ណភូមិ​នៅ​ស្រុក​ថៃ​ហ្នឹង គឺ​គេ​ចេញ​ប្រកាស​មួយ បិទ​ព្រលាន​តាំង​ពី​ម្សិលមិញ​ពី​ម៉ោង​៦​ល្ងាច​ម្សិលមិញ​ដល់​ម៉ោង​៦​ល្ងាច​ថ្ងៃ​នេះ។ ម្សិលមិញ​គឺ​៥៧០​នាក់។ ម្សិលមិញ Cancel ៥​ជើង ដូច្នេះ​ថ្ងៃ​នេះ ៥​ជើង​ដូច​គ្នា»

បើ​តាម​មន្រ្តី​អាកាសចរណ៍​ស៊ីវិល​ប្រចាំ​ខេត្ត​សៀមរាប​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​បន្ទាប់ពី​ជើង​ហោះហើរ​ទៅ​កាន់​ទីក្រុង​បាងកក​ចំនួន​៥​ត្រូវ​បាន​ពន្យារ​ធ្វើ​ឲ្យ​អ្នក​ដំណើរ​ប្រមាណ​៥៧០​នាក់​ត្រូវ​ខកខាន​ដំណើរ​ទៅ​កាន់​ប្រទេស​ជា​ច្រើន​ដែល​ជា​គោលដៅ​បន្ត​របស់​ពួក​គេ៕