ចំនួន​ទេសចរ​បរទេស​កើន​ឡើង​ក្នុង​ឆ្នាំ២០០៩

អគ្គ​នាយកដ្ឋាន​ក្រសួង​ទេសចរណ៍ លោក ទិត្យ ចន្ថា មាន​ប្រសាសន៍​ថា ចំនួនទេសចរ​បរទេស​ដែល​បាន​មក​​ទស្សនា​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០០៩​កន្លង​ទៅ​នេះ មាន​ចំនួន​ជាង ២​លាន​នាក់ ចំនួន​នេះ​មាន​ការ​កើន​ឡើង ២% បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០០៨។

លោក​បន្ត​ថា បើ​ទោះ​បី​ជា​ចំនួន​ទេសចរ​បាន​កើន​ឡើង​បែប​ណា​ក៏​ដោយ ក៏​ប៉ុន្តែ​ចំណូល​មិន​បាន​កើន​ឡើង​ទេ ដោយ​ហេតុ​ថា ចំនួន​ភ្ញៀវ​មក​ស្នាក់នៅ​កម្ពុជា​មាន​រយៈពេល​ខ្លី និង​ការ​ចាយវាយ​មាន​ការ​ត្បិតត្បៀត។

លោក ទិត្យ ចន្ថា បាន​បញ្ជាក់​ថា ៖ «នៅ​ក្នុង​ឆ្នាំ​២០០៩ ១១​ខែ​នេះ យើង​ឃើញ​ថា​បាន​ភ្ញៀវ​ជិត ២​លាន​នាក់ គឺ​ជាង ១,៩​សែន​នាក់ កើន​ឡើង ១,៦% ធៀប​នឹង​រយៈពេល​ដូច​គ្នា (ឆ្នាំ)​២០០៨ ហើយ​យើង​អាច​ប៉ាន់ស្មាន​ថា ខែ​១២​នេះ យើង​នឹង​បាន​ជាង ២​លាន​នាក់​នៅ​ក្នុង​ឆ្នាំ​២០០៩​ទាំង​មូល​នេះ ហើយ​មាន​កំណើន​ប្រមាណ​ជា ២% ធៀប​ទៅ​នឹង​ឆ្នាំ​២០០៨»

លោក ទិត្យ ចន្ថា មិន​ទាន់​បញ្ជាក់​តួលេខ​ច្បាស់​និង​ចំណូល​ទទួល​បាន​ពី​វិស័យ​ទេសចរណ៍​ឆ្នាំ​២០០៩ ថា មាន​ចំនួន​ប៉ុន្មាន​នៅ​ឡើយ​ទេ ព្រោះ​របាយការណ៍​ផ្លូវការ​របស់​ក្រសួង​ទេសចរណ៍​និង​ផ្សព្វផ្សាយ​ឲ្យ​ដឹង​នៅ​បំណាច់​ខែ​មករា​ឯណោះ។

លោក ហូរ វណ្ឌី សហ​ប្រធាន​វិស័យ​ទេសចរណ៍​ផ្នែក​ឯកជន បាន​ទទួល​ស្គាល់​ថា ចំនួន​ភ្ញៀវ​ទេសចរណ៍​ពី​បរទេស​ចូល​មក​ទស្សនា​កម្ពុជា ឆ្នាំ​២០០៩ ឃើញ​មាន​កំណើន​កើន​ពិត​មែន ប៉ុន្តែ​កើន​តែ​តួលេខ​នៃ​ចំនួន​ភ្ញៀវ ឯ​ការ​ចំណាយ​និង​ការ​ស្នាក់នៅ​របស់​ភ្ញៀវ​ទេសចណ៍​គឺ​មាន​រយៈពេល​ខ្លី​និង​ពុំ​សូវ​មាន​លុយ​ចាយ។

លោក ហូរ វណ្ឌី បន្ត​ថា អ្វី​ដែល​វិស័យ​ឯកជន​ចង់​បាន គឺ​ចំនួន​ភ្ញៀវ​ក៏​កើន ការ​ស្នាក់នៅ​មាន​រយៈពេល​យូរ និង​ភ្ញៀវ​មាន​លុយ​ច្រើន​ក្នុង​ការ​ចាយវាយ​ផងដែរ។

មន្ត្រី​ក្រសួង​ទេសចរណ៍ លោក ទិត្យ ចន្ថា បាន​ប្រាប់​ពី​មូលហេតុ​នៃ​កំណើន​ទេសចរ​បរទេស​នា​ឆ្នាំ​២០០៩ គឺ​ដោយសារ​តែ​កម្ពុជា​ធ្វើ​ការ​ផ្សព្វផ្សាយ​ពី​វិស័យ​ទេសចរណ៍​បាន​ទូលំ​ទូលាយ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស គួប​ផ្សំ​បរិស្ថាន​នៅ​តាម​តំបន់​ទេសចរណ៍​និង​សន្តិសុខ អាជ្ញាធរ​​រៀបចំ​កែ​លម្អ​បរិស្ថាន​និង​កន្លែង​កម្សាន្ត​បាន​ល្អ។

លោក ទិត្យ ចន្ថា បាន​ឲ្យ​ដឹង​ថា ៖ «ស្ថានការណ៍​ជាក់ស្ដែង​បច្ចុប្បន្ន​យើង​ឃើញ​ថា មាន​ការ​រីក​ចម្រើន​ច្រើន​ផ្នែក​ហេដ្ឋា​រចនាសម្ព័ន្ធ ហើយ​ពិសេស​កត្តា​សន្តិសុខ សុវត្ថិភាព ស្ថិរភាព​ល្អ​នៅ​កម្ពុជា ដូច​ដែល​យើង​បាន​ជ្រាប​ហើយ»

មន្ត្រី​ក្រសួង​ទេសចរណ៍​បាន​ឲ្យ​ដឹ​ងក្រៅ​ផ្លូវការ​ថា វិស័យ​ទេសចរណ៍​នៅ​ឆ្នាំ​២០០៩ កម្ពុជា​ស្រូប​យក​ភ្ញៀវ​ទេសចរណ៍​ពី​បរទេស​បាន​ប្រមាណ ២,១៦​លាន​នាក់៕