មន្ត្រី​ក្រសួង​ទេសចរណ៍៖ ចំនួន​ភ្ញៀវ​បរទេស​មាន​ការ​កើន​ឡើង​ក្នុង​ឆ្នាំ​២០០៩

មន្ត្រី​ក្រសួង​ទេសចរណ៍​បាន​អះអាង​ថា ចំនួន​ភ្ញៀវ​ទេសចរណ៍​បរទេស​ដែល​បាន​ចូល​មក​ទស្សនា​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​១០​ខែ ឆ្នាំ​២០០៩ បាន​កើន​ចំនួន​ច្រើន​ជាង​ឆ្នាំ​២០០៨។

ប៉ុន្តែ​វិស័យ​ឯកជន​បាន​លើក​ឡើង​ថា ចំនួន​ភ្ញៀវ​ទេសចរណ៍​បាន​កើន​ឡើង​មែន​ពិត ប៉ុន្តែ​ការ​ចំណាយ​ក្នុង​ការ​ស្នាក់នៅ​និង​ចាយវាយ​របស់​ភ្ញៀវ​ទេសចរណ៍​ទាំង​នោះ​មាន​ការ​ត្បិតត្បៀត។

លោក ទិត្យ ចន្ថា អគ្គ​នាយក​ក្រសួង​ទេសចរណ៍ មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ថា បើ​គិត​រយៈពេល​១០​ខែ​ដូច​គ្នា​ចំនួន​ភ្ញៀវ​ទេសចរណ៍​មក​ពី​បរទេស​ដែល​បាន​ធ្វើ​ដំណើរ​មក​ទស្សនា​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០០៩ គឺ​មាន​ចំនួន​កើន​ជាង​ឆ្នាំ​២០០៨​កន្លង​ទៅ។

លោក ទិត្យ ចន្ថា បាន​បញ្ជាក់​ថា ៖ «កើន​ឡើង​ជាង​១​លាន​កន្លះ​ភ្ញៀវ​អន្តរជាតិ ១,៦% អា​ហ្នឹង​យើង​និយាយ​ចំនួន​ខែ ឥឡូវ​យើង​មាន​តួលេខ​១០​ខែ​ទៀត​ហើយ»

លោក ហូរ វណ្ឌី សហ​ប្រធាន​ក្រុម​ការងារ​ទេសចរណ៍​ផ្នែក​ឯកជន មាន​ប្រសាសន៍​ទទួល​ស្គាល់​ថា ចំនួន​ភ្ញៀវ​ទេសចរណ៍​ពី​បរទេស​ដែល​បាន​មក​ទស្សនា​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​១០​ខែ ឆ្នាំ​២០០៩ ពិត​ជា​មាន​ចំនួន​កើន​ជាង​ឆ្នាំ​២០០៨​មែន ដែល​ភាគ​ច្រើន​ជា​ភ្ញៀវ​មក​ពី​ប្រទេស​ជិត​ខាង​កម្ពុជា ដែល​មិន​សូវ​មាន​លុយ​កាក់​ចាយ​ច្រើន។ មាន​ន័យ​ថា ការ​ចំណាយ​ក៏​ដូច​ជា​ការ​ស្នាក់​របស់​ភ្ញៀវ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​រយៈពេល​ខ្លី​និង​ចំណាយ​មាន​ការ​ត្បិតត្បៀត។

លោក ហូរ វណ្ឌី បាន​មាន​ប្រសាសន៍​ថា ៖ «ចំពោះ​ផ្នែក​ឯកជន​វិញ​យើង​ចង់​បាន​គុណភាព​ខ្ពស់ មាន​ន័យ​ថា ភ្ញៀវ​ទេសចរណ៍​ចូល​មក​ច្រើន ក៏​ប៉ុន្តែ​គុណភាព​នៃ​ការ​ចំណាយ​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ឲ្យ​មាន ក៏​វា​ជា​ការ​ល្អ​ផងដែរ​សម្រាប់​ពួក​យើង​ទាំង​អស់​គ្នា»

តាម​ការ​ព្យាករណ៍​របស់​មន្ត្រី​ក្រសួង​ទេសចរណ៍​បាន​ឲ្យ​ដឹង​ថា នៅ​បំណាច់​ឆ្នាំ​២០០៩​នេះ​ចំនួន​ភ្ញៀវ​ទេសចរណ៍​មក​ពី​បរទេស​ដែល​បាន​ចូល​មក​ទស្សនា​ប្រទេស​កម្ពុជា​នឹង​មាន​ចំនួន​កើន​ឡើង​ចំនួន​៣% បើ​ប្រៀបធៀប​ឆ្នាំ​២០០៨ ចំនួន​នេះ​គឺ​កើន​ទាំង​ភ្ញៀវ​ទេសចរណ៍​មក​ពីប្រទេស​អឺរ៉ុប​និង​ភ្ញៀវ​មក​ពី​តំបន់​អាស៊ី៕