តួលេខផ្ដល់ដោយមន្ទីរទេសចរណ៍ខេត្តរតនគិរី ឲ្យដឹងថា កាលពីឆ្នាំ២០០៩ មានអ្នកទេសចរមកកម្សាន្តនៅតាមរមណីយដ្ឋាននានា ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា មាន ៣១.០០០នាក់។ សម្រាប់ឆ្នាំនេះរយៈពេលដូចគ្នាចំនួនអ្នកទេសចរមានចំនួនជាង ៤ម៉ឺននាក់ កើនលើសឆ្នាំ២០០៩ ជាង ៩.០០០នាក់ ក្នុងនោះមានអ្នកទេសចរបរទេស ២៣១នាក់។
ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី លោក ង៉ែត វិទូ មានប្រសាសន៍ថា នេះជាមោទនភាពមួយដែលទាក់ទងការអភិវឌ្ឍន៍ក្នុងខេត្ត រួមផ្សំនឹងការខិតខំប្រឹងប្រែងទាំងអាជ្ញាធរមូលដ្ឋានគ្រប់ផ្នែក និងប្រជាពលរដ្ឋសហគមន៍ជនជាតិដើម ក្រុមអាជីវករលក់ដូរនំចំណី ម្ហូបអាហារ ម្ចាស់ផ្ទះសំណាក់ សណ្ឋាគារដែលបានរួមគ្នាធ្វើឲ្យបានប្រសើរឡើងនូវអាជីវកម្ម សេវាកម្ម និងការរៀបចំឲ្យមានការសម្ដែងសិល្បៈប្រពៃណីជនជាតិដើម ការលេងល្បែងប្រជាប្រិយ ការអភិវឌ្ឍតំបន់រមណីយដ្ឋានមានអនាម័យ។
លោក ង៉ែត វិទូ ឲ្យដឹងដូច្នេះ ៖ «ប្រជាជននៅភ្នំពេញ ភាគច្រើនគេទូរស័ព្ទមកសួរខ្ញុំ គេថា រតនគិរីឥឡូវឃើញមានផ្លូវស្អាត មានភ្លើងមានអី តើឡានគេមកបានឬអត់? ខ្ញុំថា មកបានទាំងអស់ ទាំងឡានតូចឡានធំ។ អ៊ីចឹងហើយឆ្នាំនេះគេបុកមកច្រើនមែនទែន»។
អ្នកទេសចរមកពីទីក្រុងភ្នំពេញ ឈ្មោះ ហាយ មានប្រសាសន៍ថា តំបន់រមណីយដ្ឋាននានានៅខេត្តរតនគីរី ពិតជាធ្វើឲ្យមានការចាប់អារម្មណ៍ ៖ «វាសប្បាយ។ ខុសគ្នាត្រង់ថា វាធម្មជាតិ»។
នៅខេត្តរតនគិរី ផ្ទះសំណាក់ សណ្ឋាគារ សរុបមានចំនួនជាង ៦០០បន្ទប់ មានតម្លៃពី ១៥ដុល្លារដល់ ២៥ដុល្លារ លើសពីថ្ងៃធម្មតាដែលមានត្រឹមតែ ៥ ដល់ ២០ដុល្លារតែប៉ុណ្ណោះ។
ប្រធានសហគមន៍រមណីយដ្ឋានបឹងយក្សឡោម លោក ព្រាច ណូ មានប្រសាសន៍ថា នៅបឹងយក្សឡោមឆ្នាំនេះ ក្រុមអាជ្ញាធរ និងសហគមន៍ជនជាតិដើមភាគតិចបង្កើតឲ្យមានលេងល្បែងប្រជាប្រិយខ្មែរធ្វើឲ្យរមណីយដ្ឋានបឹងធម្មជាតិដ៏ល្បីល្បាញមួយនេះមានអ្នកទេសចរមកកម្សាន្តប្រមាណ ៣.០០០នាក់ក្នុងមួយថ្ងៃៗ ៖ «ច្រើនខាងខេត្តផ្សេង ពីស្រុកក្រោម។ ភ្ញៀវច្រើនកុះករ ជាពិសេសថ្ងៃទី២»។
តំបន់រមណីយដ្ឋានសំខាន់ៗនៅខេត្តរតនគិរី រួមមានបឹងយក្សឡោម ទឹកជ្រោះអូរសៀនឡែ ឬទឹកជ្រោះ៧ជាន់ ទឹកជ្រោះតាតតៃ ទឹកជ្រោះកាចាញ ចាអ៊ុង កាទៀង។ ក្រៅពីនោះអ្នកទេសចរអាចធ្វើដំណើរកម្សាន្តតំបន់វប្បធម៌ជនជាតិ មានតំបន់កប់សព មជ្ឈមណ្ឌលវប្បធម៌ តំបន់ព្រៃឈើ សត្វព្រៃ និងកម្សាន្តតាមដងទន្លេសេសាន និងទន្លេស្រែពកជាដើម។
ស្នងការប៉ូលិសខេត្តរតនគិរី លោក រ៉ាយ រ៉ៃ មានប្រសាសន៍ថា ពុំមានសកម្មភាពលួចឆក់ប្លន់មួយករណីណាឡើយ ក្រៅពីគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់ជាយថាហេតុដោយលង់ទឹក ៖ «ករណីលួច ប្លន់អត់មានទេ។ សហការគ្នាបានល្អណាស់ឆ្នាំនេះ បានទទួលបានជោគជ័យ»។
តួលេខផ្ដល់ដោយស្នងការដ្ឋានប៉ូលិសខេត្តរតនគិរី ឲ្យដឹងថា រយៈពេលបីថ្ងៃនាថ្ងៃចូលឆ្នាំនេះមានមនុស្សចំនួន ៧នាក់ស្លាប់ និងជាង ៥០នាក់ទៀតរងរបួស។ ក្នុងនោះលង់ទឹកស្លាប់ ៣នាក់ ក្រឡាប់រថយន្តស្លាប់ ៣នាក់ រួមទាំងធ្វើអត្តឃាត១នាក់៕
