ពិព័រណ៍​ពាណិជ្ជកម្ម​តំបន់​ត្រីកោណ​នៅ​រតនគិរី

ដំណើរការ​តាំង​ពិព័រណ៍​ពាណិជ្ជកម្ម​តំបន់​ត្រីកោណ​រវាង​ប្រទេស​ទាំង​៣ រួម​មាន​កម្ពុជា លាវ និង​វៀតណាម បាន​ត្រូវ​ចាប់​ផ្តើម​ដំណើរការ​នៅ​ក្រុង​បានលុង ខេត្ត​រតនគិរី នៅ​ថ្ងៃ​១៣ មីនា​នេះ​ហើយ ដែល​ការ​តាំង​ពិព័រណ៍​នេះ​មាន​រយៈពេល​៣​ថ្ងៃ មាន​ក្រុមហ៊ុន​៤៦​និង​ស្តង់​លក់​ទំនិញ​ជិត​១០០។

0:00 / 0:00

លោក ចម ប្រសិទ្ធ ទេស​រដ្ឋមន្រ្តី​និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បាន​សម្ពោធ​ដាក់​ឲ្យ​ដំណើរ​ការ​កម្មវិធី​តាំង​ពិព័រណ៍​ពាណិជ្ជកម្ម​ដែល​បាន​ធ្វើ​ឡើង​នៅ​មន្ទីរ​វប្បធម៌ ខេត្ត​រតនគិរី កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៣ មីនា​នេះ ដើម្បី​ដាក់​លក់​មុខ​ទំនិញ​ផ្សេងៗ​របស់​ខេត្ត​ចំនួន​១៣ ក្នុង​នោះ​មាន​ផលិតផល​កម្ពុជា​ភាគ​ឦសាន​ចំនួន​៤​ខេត្ត ផលិតផល​ពី​ប្រទេស​លាវ​៤​ខេត្ត និង​ផលិតផល​ពី​ប្រទេស​វៀតណាម​ចំនួន​៥​ខេត្ត។

លោក ចម ប្រសិទ្ធ បាន​ថ្លែង​ឲ្យ​ដឹង​ពី​ប្រយោជន៍​នៃ​ការ​ដាក់​តាំង​ពិព័រណ៍​នេះ​ថា ៖ «ជា​លើក​ទី​១​ហើយ​ដែល​យើង​ធ្វើ​ពិព័រណ៍​ពាណិជ្ជកម្ម​នៅ​ភូមិ​ភាគ​ឦសាន ការ​ផ្សព្វផ្សាយ​ផលិតផល​នៃ​ខេត្ត​ទាំង​៤ ហើយ​ជា​ឱកាស​ដើម្បី​យក​ផលិតផល​នៃ​ខេត្ត​៤​ទៀត​របស់​ទេស​លាវ និង​៥​ទៀត​របស់​វៀតណាម យក​មក​តាំង​ពិព័រណ៍​ជាមួយ​គ្នា​ដែរ។ ទី​១ គាត់​មក​រៀន​សូត្រ​ពី​គេ ដី​គេ​ដូច​យើង ក្បែរ​យើង​ដែរ ហេតុ​អី​គេ​ដាំ​នៅ​នេះ​បាន ហេតុ​អី​គេ​អាច​លក់​នៅ​នេះ​បាន? វិធី​គេ​លក់​របៀប​ម៉េច? អ៊ីចឹង​គាត់​រៀន​សូត្រ​ទៅ​វិញ​ទៅ​មក ហើយ​ចំពោះ​អ្នក​វិនិយោគ​ក៏​ដូច​គ្នា​អ៊ីចឹង​ដែរ ដើម្បី​ដឹង​សក្ដានុពល​សេដ្ឋកិច្ច​នៃ​ខេត្ត​នីមួយៗ តើ​មាន​អី​ដែល​គេ​អាច​ធ្វើ​ពាណិជ្ជកម្ម​វិនិយោគ​ជាមួយ​យើង​បាន?»

ស្តង់​លក់​ទំនិញ​របស់​អាជីវករ​ខេត្ត​រតនគិរី​មួយ​ក្នុង​ចំណោម​ស្តង់​ជា​ច្រើន​ទៀត ឈ្មោះ តាណាំ មាន​លក់​ផលិតផល​ជា​ច្រើន​មុខ ប៉ុន្តែ​អ្វី​ដែល​គេ​ចាប់​អារម្មណ៍​បំផុត​នោះ គឺ​កាហ្វេ​ម្សៅ​និង​កាហ្វេ​គ្រាប់។ កាហ្វេ​របស់​អាជីវករ​រូប​នេះ​ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​បណ្តា​ប្រទេស​ជា​ច្រើន​នៅ​ក្នុង​តំបន់​អាស៊ី។

អ្នក​លក់​បាន​រៀបរាប់​បែប​នេះ​ថា ៖ «មាន​កាហ្វេ... មាន​ផ្លែ​ប៊ឺ មាន​កន្សែង​ជន​ជាតិ មាន​បំពង់​ក្រដាស​ធ្វើ​អំពី​ឈើ។ រាល់​ថ្ងៃ​លក់​ដល់​បាត់ដំបង សៀមរាប ភ្នំពេញ​និង​ព្រៃវែង។ មាន​នាំ​ចេញ​ទៅ​ប្រទេស​ថៃ វៀតណាម កូរ៉េ ចិន​និង​ជប៉ុន»

ក្នុង​ចំណោម​ស្តង់​លក់​ផលិតផល​នានា​នោះ គេ​ឃើញ​មាន​ផលិតផល​ជា​ច្រើន​មុខ​របស់​ខេត្ត​ទាំង​១៣ មាន​លក្ខណៈ​ស្រដៀង​គ្នា ពិសេស​ផលិតផល​ផ្នែក​សិប្បកម្ម​និង​កសិកម្ម ប៉ុន្តែ​របស់​ទាំង​នោះ​បាន​ធ្វើ​ឡើង​តាម​ទម្រង់​ប្រពៃណី​រៀងៗ​ខ្លួន។

លោក ចម ប្រសិទ្ធ បាន​ថ្លែង​ថា កិច្ចពិភាក្សា​ថ្នាក់​រដ្ឋមន្រ្តី​នៃ​ប្រទេស​ទាំង​បី នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៨ មីនា ជា​ថ្ងៃ​ក្រោយ​ពី​បាន​បញ្ចប់​ការ​តាំង​ពិព័រណ៍​លក់​ទំនិញ។ កិច្ច​ប្រជុំ​នេះ​នឹង​ផោ្តត​ការ​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​កម្មវិធី​អភិវឌ្ឍន៍​តំបន់​ត្រីកោណ​តាម​គម្រោង​របស់​រដ្ឋាភិបាល​ប្រទេស​ទាំង​បី។

ការ​តាំង​ពិព័រណ៍​នេះ​ធ្វើ​ឡើង​ដើម្បី​បង្ហាញ​ពី​ផលិតផល​នៃ​ខេត្ត​ទាំង​១៣ ហើយ​ជា​ការ​ដក​ពិសោធន៍​ពី​គ្នា​ទៅ​វិញ​ទៅ​មក​អំពី​លទ្ធភាព​ទំនាក់ទំនង​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​គ្នា​រវាង​ប្រទេស​ទាំង​បី និង​ការ​ធ្វើ​វិនិយោគ​មក​លើ​តំបន់​ឦសាន​របស់​កម្ពុជា។

គម្រោង​វិនិយោគ​តំបន់​ត្រីកោណ​ត្រៀម​អនុវត្ត​នៅ​ក្នុង​ទឹក​ប្រាក់​ជំនួយ​របស់​ជប៉ុន​ប្រមាណ​២០​លាន​ដុល្លារ ប៉ុន្តែ​លោក ចម ប្រសិទ្ធិ ថ្លែង​ថា នឹង​មាន​ច្រើន​ជាង​នោះ។

លោក ចម ប្រសិទ្ធ មាន​ប្រសាសន៍​ថា ៖ «មាន​តែ​យើង​ខិតខំ​រក​ជំនួយ​ពី​ប្រទេស​ជប៉ុន មក​ជួយ​ក្នុង​តំបន់​ត្រីកោណ​បាន​ប្រហែល​ខ្ទង់​២០​លាន​ដុល្លារ ប៉ុន្តែ​គម្រោង​នេះ​គ្រាន់​តែ​ជា​គម្រោង​តូចៗ​នៅ​ឡើយ ឯ​គម្រោង​ធំ​នោះ​គឺ​រាប់​រយ​លាន​ដុល្លារ​​នឹង​មក​ជា​ក្រោយ​ទៀត។ មិន​មែន​យើង​សំដៅ​តែ​ប្រទេស​ជប៉ុន​មួយ​ទេ សំដៅ​ប្រទេស​ដទៃ​ទៀត​ដែល​មាន​សក្ដានុពល​ជួយ​យើង ឧទាហរណ៍​ចិន​ជាដើម កូរ៉េ ឬ​វៀតណាម»

តំបន់​ឦសាន​នៃ​ប្រទេស​កម្ពុជា ត្រូវ​បាន​គេ​សម្លឹង​ឃើញ​អំពី​សក្តានុពល​នៃ​ដីធ្លី​សម្រាប់​វិនិយោគ​ដំណាំ​កសិឧស្សាហកម្ម​ជាច្រើន​ផ្នែក ព្រមទាំង​ធនធាន​ធម្មជាតិ​ក្រោម​ដី ដូចជា​រ៉ែ​ដែក ត្បូង និង​រ៉ែ​មាស​ជាដើម ជា​ផ្នែក​នៃ​ការ​ទាក់ទាញ​វិនិយោគ​និង​លើក​កម្ពស់​សេដ្ឋកិច្ច​កម្ពុជា៕