កម្ពុជា-វៀតណាម៖ ពាណិជ្ជកម្ម​ទ្វេភាគី​អាច​នឹង​កើន​ដល់​៣​ពាន់​លាន​ដុល្លារ

ឆ្នាំ​២០១២ នេះ​គឺ​ជា​ខួប​១០​ឆ្នាំ នៃ​ការ​នាំ​ចូល​ទំនិញ​ពី​វៀតណាម ដែល​ហៅ​ថា ជា​ទំនិញ​គុណភាព​ខ្ពស់។ ក្នុង​រយៈ​ពេល​១០​ឆ្នាំ​មក​នេះ ទាំង​កម្ពុជា និង​វៀតណាម បាន​អះអាង​ថា ពាណិជ្ជកម្ម​ទ្វេភាគី​នេះ​បាន​បន្ត​កើន​ឡើង​ជា​លំដាប់ ហើយ​ក៏​មាន​គម្រោង​បន្ត​កំណើន​ក្នុង​វិស័យ​នេះ​សម្រាប់​អនាគត។

0:00 / 0:00

កម្ពុជា និង​វៀតណាម បាន​រំពឹង​ទុក​ថា ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ អាច​នឹង​កើន​ដល់​៣ពាន់​លាន​ដុល្លារ នៅ​ក្នុង​ឆ្នាំ​២០១២។

រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម លោក ម៉ៅ ថូរ៉ា ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​ពិព័រណ៍​ពាណិជ្ជកម្ម​ទំនិញ​គុណភាព​ខ្ពស់​របស់​វៀតណាម ឆ្នាំ​២០១២ នេះ​ថា ក្នុង​រយៈពេល​៧​ខែ​ដើម​ឆ្នាំ​២០១២ នេះ តួលេខ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​វៀតណាម មាន​ទឹក​ប្រាក់​ប្រហែល​១.៩៦០​លាន​ដុល្លារ ក្នុង​នោះ​ទំនិញ​នាំ​ចូល​ពី​វៀតណាម មក​កម្ពុជា មាន​តម្លៃ​ប្រហែល​១.៦៣១​លាន ហើយ​ទំនិញ​នាំ​ចេញ​ពី​កម្ពុជា ទៅ​វៀតណាម មាន​ទឹក​ប្រាក់​ប្រហែល​៣២៩​លាន​ដុល្លារ។ លោក ថូរ៉ា បន្ត​ថា តួលេខ​ទាំង​នេះ​ជា​ភស្តុតាង នៃ​ការ​រីក​ចម្រើន​ជា​វិជ្ជមាន​ខាង​វិស័យ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​វៀតណាម។

អ្នកស្រី វូ គឹមហាញ នាយិកា​សមាគម​អង្គភាព​អាជីវកម្ម​ទំនិញ​គុណភាព​ខ្ពស់​វៀតណាម មាន​ប្រសាសន៍​ថា ការ​រំពឹង​ចំពោះ​ការ​កើន​ឡើង​នៃ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​នេះ គឺ​បន្ទាប់​ពី​បាន​មើល​ឃើញ​ពី​តួលេខ​នៃ​ពាណិជ្ជកម្ម​ក្នុង​ឆ្នាំ​២០១១ ដែល​មាន​ទំហំ​ទឹក​ប្រាក់​២.៨០០​លាន​ដុល្លារ​អាមេរិក៖ «មក​ដល់​ចុង​ឆ្នាំ​២០១១ គឺ​មាន​ជាង​៦០​សហគ្រាស​វៀតណាម ដែល​មក​វិនិយោគ​នៅ​កម្ពុជា សរុប​ទឹក​ប្រាក់​វិនិយោគ​មាន​ចំនួន​ជាង​១ម៉ឺន​កោដិ​ដុល្លារ។ ធ្វើ​អោយ​វៀតណាម ស្ថិត​លំដាប់​ទី៦ ក្នុង​ចំណោម​១០​ប្រទេស ដែល​ដាក់​ទុន​វិនិយោគ​មក​កម្ពុជា។ ទន្ទឹម​នឹង​នេះ ផលិត​ផល​វៀតណាម ក៏​តែង​បង្កើន​ការ​ប្រកួត​ប្រជែង ក្នុង​នោះ​មាន​ទាំង​ការ​ធានា​នូវ​គុណភាព បច្ចេកទេស និង​តម្លៃ​សមរម្យ»

ក្នុង​ការ​តាំង​ពិព័រណ៍​ទំនិញ​វៀតណាម គុណភាព​ខ្ពស់​នៅ​ឆ្នាំ​២០១២ ដែល​ចាប់​ផ្ដើម​ធ្វើ​ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០១២ នៅ​មជ្ឈមណ្ឌល​ម៉ុងឌីយ៉ាល់ រាជធានី​ភ្នំពេញ គឺ​មាន​ការ​តាំង​លក់​ផលិតផល​ពី​ប្រទេស​វៀតណាម ជាង​២ពាន់​ប្រភេទ។

អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច នៃ​សមាគម​សេដ្ឋកិច្ច​កម្ពុជា លោក ហេង ឌីណា មាន​ប្រសាសន៍​ថា ទំនិញ​ដែល​មក​ពី​ប្រទេស​វៀតណាម គឺ​ជួយ​សម្រួល​ទៅ​ដល់​ពលរដ្ឋ​កម្ពុជា ដែល​ពុំ​មាន​លទ្ធភាព​ទៅ​ប្រើប្រាស់​ទំនិញ​ពី​ប្រទេស​ដទៃ ដែល​មាន​តម្លៃ​ខ្ពស់។ ប៉ុន្តែ​ការ​នាំ​ចូល​ទំនិញ​ពី​ក្រៅ​ប្រទេស​ច្រើន​លើស​លប់​ពេក នឹង​ធ្វើ​អោយ​ប៉ះពាល់​ទៅ​ដល់​សហគ្រាស​ផលិត​ក្នុង​ស្រុក។ លោក ឌីណា បន្ត​ថា ការ​នាំ​ចេញ​ពី​កម្ពុជា​ទៅ​វៀតណាម ភាគ​ច្រើន​ជា​វត្ថុធាតុ​ដើម ដែល​ធ្វើ​អោយ​បាត់​បង់​ឱកាស​នៃ​ការ​បង្កើន​ការ​ផលិត​ក្នុង​ស្រុក៖ «យើង​មាន​វត្ថុ​ធាតុ​ដើម។ ឧបមា​ថា គ្រាប់​ស្វាយ​ចន្ទី ដែល​នៅ​ខាង​អឺរ៉ុប ឬ​អាមេរិក ដែល​គេ​ត្រូវ​ការ​ជា​ចាំ​បាច់ និង​ជា​ប្រចាំ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ យើង​មាន​គ្រាប់​ស្វាយ​ចន្ទី យើង​អាច​កែច្នៃ ហើយ​នាំ​ចេញ​បាន ហើយ​គ្រាប់​ចន្ទី​យើង​អាច​ល្អ​ជាង​វៀតណាម អីចឹង​ទៅ។ ហើយ​យើង​ត្រូវ​ការ​សមត្ថភាព​ផលិត​ក្នុង​ស្រុក និង​ទីផ្សារ​ខាង​ក្រៅ ក៏​ដូច​ជា​បណ្ដាញ​ជំនួញ​នៅ​ខាង​ក្រៅ​ដែល​យើង​អាច​នាំ​ចេញ​បាន»

បើ​ទោះ​ជា​យ៉ាង​ណា អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​ក៏​គាំទ្រ​ចំពោះ​គម្រោងការណ៍​ជំរុញ​ការ​កើន​ឡើង​នូវ​វិស័យ​ពាណិជ្ជកម្ម នៃ​ប្រទេស​ទាំង​២ កម្ពុជា និង​វៀតណាម នៅ​ពេល​ដែល​កម្ពុជា ក៏​ជា​សមាជិក​អាស៊ាន ដែល​ត្រូវ​ចាប់​យក​ឱកាស​ពី​ការ​ធ្វើ​សមាហរណកម្ម​អាស៊ាន ក្នុង​ឆ្នាំ​២០១៥៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។