លោក ជា មុនី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា សហជីពរបស់លោកបានដាក់លិខិតស្នើសុំផ្ដល់ប្រាក់អត្ថប្រយោជន៍ជូនកម្មករទៅសមាគមកាត់ដេរកម្ពុជា ក្រសួងការងារ ក្រសួងសង្គមកិច្ច តាំងពីឆ្នាំ២០១០មក ប៉ុន្តែរហូតមកទល់ពេលនេះ គេមិនបានដោះស្រាយជូនកម្មករនោះឡើយ។
លោក ជា មុនី បានអះអាងថា នៅក្នុងកម្មវិធីដាក់កម្រងផ្កាសពលោក ជា វិជ្ជា ដែលជាអតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោកក៏បានចេញនូវសេចក្ដីថ្លែងការណ៍មួយ ទាមទារឲ្យរដ្ឋាភិបាលដោះស្រាយនូវប្រាក់អត្ថប្រយោជន៍ជាបន្ទាន់ ព្រោះថា ប្រាក់ចំណូលរបស់សហគ្រាស រោងចក្រកាត់ដេរ មានការកើនឡើងជាលំដាប់នៅរយៈពេលចុងក្រាយនេះ។
លោក ជា មុនី បន្ថែមថា ៖ «វាមិនមែនដំឡើងប្រាក់ខែមិនបានទេ ហើយយើងដឹងហើយថា កម្ពុជាយើងមិនទាន់មានប្រាក់ខែស្តង់ដារទេ»។
ការទាមទារប្រាក់អត្ថប្រយោជន៍បន្ទាប់បន្សំនោះ គឺជាប្រាក់ក្រៅពីប្រាក់ខែគោលចំនួន ៦១ដុល្លារក្នុងមួយខែ គឺមាន៣ចំណុច ទី១ ទាមទារដំឡើងប្រាក់រង្វាន់ទៀងទាត់យ៉ាងតិចឲ្យបាន ៧ដុល្លារក្នុង១ខែ ទី២ ដំឡើងប្រាក់ថ្លៃបាយយ៉ាងតិចបំផុត ២.៥០០រៀល ពេលធ្វើការថែមម៉ោងពី ១ម៉ោង ឬ ២ម៉ោង និងទី៣ បន្ថែមប្រាក់អតីតភាពការងារប្រចាំឆ្នាំយ៉ាងតិចបំផុត ២ដុល្លារក្នុង១ឆ្នាំ ចាប់ពីឆ្នាំទី៥ ឡើងទៅ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងរដ្ឋមន្ត្រីក្រសួងការងារ លោក វង សូត ដើម្បីជម្រាបសួរអំពីបញ្ហានេះបានទេ នៅថ្ងៃទី២ មីនា នេះ។
មន្ត្រីជាន់ខ្ពស់នៃសមាគមកាត់ដេរកម្ពុជា លោក ជាតិ ខេមរា បានមានប្រសាសន៍ថា លោកមិនទាន់ទទួលបានលិខិតស្នើសុំពីសហជីពសេរីកម្មករទេ ដោយសារលោកជាប់បេសកកម្មនៅឯបរទេស។ ប៉ុន្តែលោកបានបញ្ជាក់ថា ការដោះស្រាយបញ្ហានេះវាអាស្រ័យលើការប្រជុំសម្រេចពីក្រុមប្រឹក្សាការងារ ដែលគេនឹងអាចកោះប្រជុំនៅពេលឆាប់ៗនេះ។
លោក ជាតិ ខេមរា បានអះអាងថា ទោះបីជាការបញ្ជាទិញពីបរទេសមានច្រើនក្ដី ប៉ុន្តែសម្រាប់និយោជកនៅតែជួបនូវឧបសគ្គមួយចំនួន ដូចជាការចំណាយលើសកម្រិត ការចំណាយលើសេវាសាធារណៈថ្លៃជាងគេបើប្រៀបធៀបទៅនឹងប្រទេសដទៃ ៖ «អ្វីទាំងអស់ហ្នឹងហើយដែលធ្វើឲ្យយើងមានការលំបាកដែរ រាល់ទំនិញនាំចេញច្រើនមែន ប៉ុន្តែតម្លៃវាទាប»។
យ៉ាងនេះក្តី ប្រធានផ្នែកកម្មវិធីការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក មឿន តុលា បានលើកឡើងថា នៅក្នុងស្ថានភាពរោងចក្រកាត់ដេរបច្ចុប្បន្ន គឺនិយោជកត្រូវតែផ្ដល់ប្រាក់អត្ថប្រយោជន៍ដូចដែលសហជីពសេរីកម្មករទាមទារ ព្រោះថា ប្រាក់ចំណូលនៃការនាំចេញបានកើនឡើងជាង ២០% នៅក្នុងឆ្នាំ២០១០ និងនៅឆ្នាំ២០១១នេះ ក៏មានការកើនឡើងដែរ។
លោកបន្តថា ៖ «របាយការណ៍របស់ក្រុមហ៊ុនដឹកជញ្ជួនរបស់ក្រុមហ៊ុនកាត់ដេរហ្នឹង គឺក្រុមហ៊ុន សូ ងួន គ្រាន់តែក្នុងរយៈពេល ៦ខែក្នុងឆ្នាំ២០១០ វាស្មើនឹងចំណូលពេញ១ឆ្នាំនៃឆ្នាំ២០០៩»។
លោក មឿន តុលា បានអំពាវនាវឲ្យសហជីពទាំងអស់រួបរួមគ្នាដើម្បីផលប្រយោជន៍កម្មករ ព្រោះថា កម្មករនាពេលបច្ចុប្បន្ន ពួកគេមានការលំបាកផ្នែកជីវភាពរស់នៅប្រចាំថ្ងៃ ដោយសារប្រាក់ខែគោលនៅមានកម្រិតទាប ហើយពួកគេភាគច្រើនត្រូវបង្ខំរស់នៅជាក្រុម ដើម្បីកាត់បន្ថយការចំណាយ។
លោក ជា មុនី បានអះអាងថា លោកបានចេញលិខិតជូនដំណឹងនេះដល់កម្មកររួចរាល់ហើយ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដោយក្នុងលិខិតនោះបានសរសេរអំពាវនាវឲ្យកម្មកររួបរួមកម្លាំងជាធ្លុងមួយ ដើម្បីជំរុញឲ្យសមាគមកាត់ដេរ និងរដ្ឋាភិបាលអនុវត្តប្រាក់អត្ថប្រយោជន៍បន្ទាប់បន្សំនេះ នៅអំឡុងពាក់កណ្ដាលខែមីនា ឆ្នាំ២០១១នេះ។
លោក ជា មុនី បានបញ្ជាក់ថា យ៉ាងហោចណាស់ក៏មានកម្មករប្រមាណ ២០ម៉ឺននាក់ក្នុងចំណោមកម្មករ ៣០ម៉ឺននាក់ នឹងចូលរួមធ្វើកូដកម្មអហិង្សានេះ ប្រសិនបើមិនមានដំណោះស្រាយ៕