ប្រតិភូកម្មនេះធ្វើឡើងបន្ទាប់ពីថៅកែរោងចក្រនានា មានគម្រោងផ្ញើលិខិតទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សុំឲ្យបញ្ចប់រឿងកម្មករធ្វើបាតុកម្មខុសច្បាប់បន្តទៅទៀត។
ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា និងសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៥ មេសា សម្ដែងការមិនពេញចិត្តចំពោះសេចក្ដីអំពាវនាវ និងគម្រោងដាក់ញត្តិរបស់សភាពាណិជ្ជកម្មកម្ពុជា ដែលផ្ដើមចេញពីការទាមទាររបស់និយោជករោងចក្រកាត់ដេរមួយចំនួននៅកម្ពុជា។
ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍ថា ការធ្វើបាតុកម្ម និងកូដកម្ម នឹងមិនអាចបញ្ចប់ទៅដោយងាយៗនោះទេ ព្រោះនិយោជករោងចក្រកាត់ដេរមិនបានគោរពច្បាប់ការងារ និងសិទ្ធិកម្មករ។ ប៉ុន្តែបើចង់ចង់បញ្ចប់សកម្មភាពទាំងនេះនិយោជកត្រូវតែធានាឲ្យបានថា មិនត្រូវធ្វើទុក្ខបុកម្នេញ និងរំលោភលើសិទ្ធិការងារកម្មករតទៅទៀត។
លោកបញ្ជាក់ថា កន្លងមកពាក្យបណ្ដឹងតវ៉ារបស់កម្មករដែលបានប្ដឹងទៅក្រុមប្រឹក្សាអាជ្ញាកណ្ដាល គឺ៩០ភាគរយកម្មករឈ្នះក្ដី។ ដូច្នេះហេតុផលនេះ អាចបញ្ជាក់បានថា កម្មករ និងក្រុមការងារសហជីពមិនមែនធ្វើការបាតុកម្ម និងកូដកម្មដោយពុំមានមូលហេតុច្បាស់លាស់នោះទេ។
ចំណែកប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ជា មុនី មានប្រសាសន៍ថា ការដឹកនាំបាតុកម្ម និងកូដកម្មដែលដឹកនាំដោយក្រុមសហជីព គឺនិយោជកមានសិទ្ធិគ្រប់គ្រាន់ក្នុងការប្ដឹង ប្រសិនបើរកឃើញថាមានកំហុស ប៉ុន្តែលោកយល់ថា និយោជកមិនអាចប្រឈមនឹងកម្មករបាន ដោយរឿងហេតុកើតចេញពីនិយោជកទាំងនោះមិនបានគោរពសិទ្ធិ និងច្បាប់ការងារកម្ពុជា។
សេចក្ដីប្រតិកម្មរបស់ប្រធានសហជីពទាំងពីរនេះបានធ្វើឡើងបន្ទាប់ពីលោក ណាង សុធី លេខាធិការគណៈកម្មការប្រតិបត្តិនៃសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងនៅក្នុងកិច្ចប្រជុំមួយនៅថ្ងៃទី២៤ មេសា ថា ការធ្វើបាតុកម្ម និងកូដកម្មនៅតាមរោងចក្រកាត់ដេរកន្លងមក ធ្វើឲ្យប៉ះពាល់អវិជ្ជមានដល់វិស័យកាត់ដេរ ជាពិសេសការធ្វើបាតុកម្មដោយហិង្សាបានប៉ះពាល់ដល់វិស័យនេះយ៉ាងខ្លាំង។
វិស័យកាត់ដេរបានរកប្រាក់ចំណូលថវិកាជាតិបានយ៉ាងច្រើនប្រៀបធៀបទៅវិស័យផ្សេងទៀត។
របាយការណ៍ក្រសួងពាណិជ្ជកម្មបង្ហាញថា នៅត្រីមាសទីមួយឆ្នាំ២០១២ ប្រទេសកម្ពុជា បាននាំចេញសំលៀកបំពាក់ទៅបរទេស មានទឹកប្រាក់ប្រហែល ១.១០០លានដុល្លារ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងលោក អ៊ុំ មាន រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីអត្ថាធិប្បាយជុំវិញបញ្ហាខាងលើនេះបានទេ នៅថ្ងៃទី២៥ មេសា។
ទាក់ទងរឿងធ្វើបាតុកម្ម និងកូដកម្មញឹកញាប់កន្លងមកនេះ លោក អាត់ ធន់ ឲ្យដឹងថា ពាក្យបណ្ដឹងតវ៉ារបស់កម្មករដែលបានប្ដឹងទៅក្រុមប្រឹក្សាអាជ្ញាកណ្ដាល គឺ ៩០ភាគរយ កម្មករបានឈ្នះក្ដី។ ដូច្នេះ លោកថា ហេតុផលនេះអាចបញ្ជាក់បានថា កម្មករ និងក្រុមការងារសហជីពមិនមែនធ្វើការបាតុកម្ម និងកូដកម្មដោយពុំមានមូលហេតុច្បាស់លាស់នោះទេ។
ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា និងសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា នឹងប្រកាន់គោលជំហរដូចគ្នា។ ពួកលោកនឹងបន្តធ្វើបាតុកម្ម និងកូដកម្ម បន្តទៅទៀត ប្រសិនបើនិយោជកនៅតែបន្តរំលោភលើសិទ្ធិការងារកម្មករ៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។
