មន្ត្រីបក្សប្រឆាំងបានអះអាងថា ការមិនអនុញ្ញាតឲ្យសង្គមស៊ីវិលដើរហែក្បួន បង្ហាញឲ្យឃើញថា រដ្ឋាភិបាលមិនមានឆន្ទៈជួយអន្តរាគមន៍បញ្ចុះតម្លៃទំនិញនេះទេ។
មេដឹកនាំសង្គមស៊ីវិលចំនួន ៦ ស្ថាប័ននៅកម្ពុជា កាលពីថ្ងៃទី ២៥ ខែកក្កដា បានផ្ញើសេចក្ដីជូនដំណឹងជូនលោក កែប ជុតិមា អភិបាលសាលារាជធានីភ្នំពេញ ស្ដីពីគម្រោងដឹកនាំក្បួនដង្ហែតាមផ្លូវសាធារណៈ ចេញពីទីតាំងសង្កាត់ទឹកថ្លា ឆ្ពោះទៅកាន់ទីលានប្រជាធិបតេយ្យ ស្ថិតក្នុងខណ្ឌដូនពេញ នៅថ្ងៃអាទិត្យទី៧ ខែសីហា ឆ្នាំ២០១១។
ប៉ុន្តែ សំណើនេះមេដឹកនាំសង្គមស៊ីវិល បានអះអាងថា ត្រូវបានថ្នាក់ដឹកនាំសាលារាជធានីភ្នំពេញ បដិសេធដោយអនុញ្ញាតឲ្យធ្វើពិធីនៅទីលានប្រជាធិបតេយ្យ និងកំណត់អ្នកចូលរួមមិនឲ្យលើសពី ២០០ នាក់។
លោក សាត់ ឈាងហួ ប្រធានសហភាពជាតិកម្ពុជាការពារកម្មករ នៅថ្ងៃសុក្រទី៥ ខែសីហា បានសម្ដែងក្ដីសោកស្ដាយ ដែលអាជ្ញាធរមិនអនុញ្ញាតឲ្យសង្គមស៊ីវិលដឹកនាំដង្ហែក្បួន ទាមទារបញ្ចុះតម្លៃទំនិញនៅលើទីផ្សារ ដែលកំពុងបន្តឡើងថ្លៃខ្ពស់កប់ពពក។
លោកមានប្រសាសន៍បន្ថែម ៖ «គេមិនអនុញ្ញាតឲ្យយើងដើរហែក្បួនពីទីស្នាក់ការទៅទីលានប្រជាធិបតេយ្យទេ។ តែគេអនុញ្ញាតឲ្យជួបជុំនៅទីលានប្រជាធិបតេយ្យតែម្ដង។ គេជៀសវាងស្ទះចរាចរណ៍»។
លោកបានបន្តថា គំរោងដើរដង្ហែក្បួននៅថ្ងៃអាទិត្យទី៧ ខែសីហា តាមការគ្រោងនឹងមានសមាជិកគាំទ្រចំនួន ១ ពាន់ ៥ រយនាក់ ចូលរួមក្នុងគោលបំណងតែ ១ គត់ គឺជំរុញឲ្យរដ្ឋាភិបាលបញ្ចុះតម្លៃទំនិញ ពិសេសតម្លៃប្រេងសាំងនៅលើទីផ្សារកម្ពុជាឲ្យបានសមរម្យ។
បញ្ហាតម្លៃទំនិញនេះដែរ លោក យឹម សុវណ្ណ មន្ត្រីនាំពាក្យ និងជាសមាជិកសភាមកពីគណបក្ស សម រង្ស៊ី បានថ្លែងដោយមិនមានជំនឿថា ប្រមុខដឹកនាំរដ្ឋាភិបាលសព្វថ្ងៃ អាចមានសមត្ថភាពឬមានឆន្ទៈដោះស្រាយបញ្ចុះតម្លៃទំនិញនៅលើទីផ្សារបានទេ ព្រោះឈ្មួញនាំចូលទំនិញ ពិសេសប្រេងឥន្ធនៈភាគច្រើន សុទ្ធតែជាសាច់ញាតិរបស់ថ្នាក់ដឹកនាំរដ្ឋាភិបាលបច្ចុប្បន្ន។
លោក យឹម សុវណ្ណ បន្ថែម ៖ «ពីព្រោះគេធ្វើវ៉ាប៉ះពាល់ផលប្រយោជន៍របស់គេ។ បើគេបញ្ចុះថ្លៃសាំងវាប៉ះពាល់ប្រយោជន៍ក្រុមហ៊ុន ដែលជាបក្សពួករបស់គេ គ្រួសាររបស់គេ។ ដូច្នេះ គេមិនចង់បញ្ចុះថ្លៃទំនិញទេ។ មធ្យោបាយ ដែលត្រូវធ្វើជាបន្ទាន់ និងចាំបាច់នោះ ដើម្បីឲ្យទំនិញចុះថ្លៃទាល់តែប្រេងសាំងចុះថ្លៃ ហើយដើម្បីឲ្យប្រេងសាំងចុះថ្លៃត្រូវតែបញ្ចុះពន្ធ និងកាត់បន្ថយប្រាក់ចំណេញ ដើម្បីកុំឲ្យក្រុមហ៊ុនផ្ដាច់មុខមាន ២ ទៅ ៣ ក្រុមហ៊ុនរកស៊ីចំណេញលើសលុប។ ក៏ប៉ុន្តែ រដ្ឋាភិបាលមិនមានសមត្ថភាពរកដំណោះស្រាយនោះទេ»។
ទោះយ៉ាងណាក៏ដោយ មន្ត្រីក្រសួងសេដ្ឋកិច្ចប្រទេសកម្ពុជា បានថ្លែងថា រដ្ឋាភិបាលមិនបានព្រងើយកន្តើយ ចំពោះតម្លៃទំនិញឡើងថ្ងៃនេះទេ។ ហើយថា តម្លៃទំនិញកើនខ្ពស់ ពិសេសតម្លៃប្រេងសាំង មិនមែនកើនខ្ពស់តែក្នុងប្រទេសកម្ពុជានោះដែរ គឺតម្លៃទំនិញនៅកម្ពុជា បានកើនតម្លៃទៅតាមទីផ្សារអន្តរជាតិប៉ុណ្ណោះ។
លោក ចាន់ សុផល ប្រធានសមាគមសេដ្ឋកិច្ចនៅកម្ពុជា ធ្លាប់មានប្រសាសន៍ថា តម្លៃទំនិញនៅលើទីផ្សារសព្វថ្ងៃ បើរដ្ឋាភិបាលមានឆន្ទៈ គឺអាចទប់ស្កាត់ ឬអាចបញ្ចុះតម្លៃបានខ្លះដែរ តាមរយៈបន្ធូរបន្ថយការយកពន្ធនាំចូលប្រេងមកកម្ពុជា។
លោកថា តម្លៃទំនិញសព្វសារពើ បានហក់ឡើងតម្លៃខ្ពស់នៅលើទីផ្សារកម្ពុជា គឺឡើងទៅតាមតម្លៃកើនខ្ពស់របស់ប្រេងឥន្ធនៈ។
កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១១ កន្លងមក ក្រុមអង្គការសង្គមស៊ីវិលចំនួន ៦ ស្ថាប័ន ក៏បានដាក់លិខិតមួយច្បាប់ ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទាក់ទងការសុំឲ្យមានការជួយបញ្ចុះតម្លៃទំនិញនេះដែរ៕