មនុស្ស​២៤​នាក់​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ពេល​ចូល​ឆ្នាំ​ចិន

ក្រសួង​មហាផ្ទៃ​បាន​ចេញ​របាយការណ៍​នៅ​ថ្ងៃ​ទី​២៦ មករា អំពី​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​រយៈ ៤​ថ្ងៃ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន វៀតណាម ថា មាន​មនុស្ស​ស្លាប់ ២៤​នាក់ និង​របួស ១៧៦​នាក់។ ចំនួន​នេះ​បាន​ថយ​ចុះ ៣៥% បើ​ប្រៀបធៀប​ក្នុង​រយៈពេល​ដូច​គ្នា នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន វៀតណាម កាល​ពី​ឆ្នាំ​២០១១។

0:00 / 0:00

លោក ហឹម យ៉ាន ជា​ប្រធាន​នាយកដ្ឋាន​កណ្ដាល​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការ​នគរបាល​ជាតិ ក្រសួង​មហាផ្ទៃ។ លោក​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៦ មករា ថា ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​ក្នុង​រយៈពេល ៤​ថ្ងៃ គិត​ពី​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​២៥ មករា ឆ្នាំ​២០១២ ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ចិន វៀតណាម នេះ​មាន​ចំនួន ៩៤​ករណី។

ចំនួន​នេះ​បាន​ថយ​ចុះ​ច្រើន បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១១ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង ១០៣​ករណី បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ២៩​នាក់ និង​របួស​ចំនួន ២១០​នាក់។

លោក ហឹម យ៉ាន បាន​បញ្ជាក់​ថា បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ ភាគច្រើន​មក​ពី​អ្នក​បើកបរ​ស្រវឹង៖ «ទោះជា​ថយ​ក្ដី ប៉ុន្តែ​វា​មិនទាន់​ដល់​កម្រិត​ដែល​យើង​ចង់​បាន​នៅ​ឡើយ ឥឡូវ​ដូច​ជា ៤​ថ្ងៃ​ហ្នឹង​ស្លាប់ ១ថ្ងៃ ៦​នាក់ បើ​ថ្ងៃ​ធម្មតា​គ្រោះថ្នាក់​តែ​៣ ឬ ៤​នាក់​ទៀត ហើយ​បើ​ចង់​កាត់​បន្ថយ​បាន កុំ​បើក​បរ​ក្នុង​ពេល​ស្រវឹង»

របាយការណ៍​របស់​នាយកដ្ឋាន​កណ្ដាល​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការ​នគរបាល​ជាតិ ក្រសួង​មហាផ្ទៃ បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ដោយសារ​អ្នក​បើកបរ​ស្រវឹង​មាន​ចំនួន ២៥​ករណី បើកបរ​លើស​ល្បឿន​កំណត់ ​២៤​ករណី មិន​គោរព​សិទ្ធិ​អាទិភាព ១៩​ករណី បើកបរ​ជែង​គ្នា​មាន ៨​ករណី និង​គ្រោះ ថ្នាក់​ដោយសារ​កត្តា​ផ្សេងៗ​មាន ៩​ករណី។

ទោះជា​យ៉ាងណា​ក៏ដោយ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន​នេះ មាន​ចំនួន​តិច​ជាង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ។ គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​កាល​ពី​ឆ្នាំ​២០១១ មាន​មនុស្ស​ស្លាប់​ចំនួន ៥៨​នាក់ និង​របួស​ចំនួន ៤៨៤​នាក់។

មន្ត្រី​គ្រប់គ្រង​កម្មវិធី សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក របស់​អង្គការ​ជន​ពិការ​អន្តរជាតិ​បែលហ្សិក ហៅថា (Handicap) កញ្ញា សាន់ សុជាតា មាន​ប្រសាសន៍​ថា គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ចិន មាន​ចំនួន​តិច​ជាង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នោះ ដោយសារ​តែ​ពេលវេលា​ថ្ងៃ​ឈប់​សម្រាក​ចូលឆ្នាំ​ចិន​តិច​ជាង​ចូលឆ្នាំ​ខ្មែរ។

កញ្ញា សុជាតា បាន​បន្ថែម​ថា គ្រោះថ្នាក់​ចរាចរណ៍​ដោយសារ​គ្រឿងស្រវឹង​នេះ នៅ​តែ​ជា​បញ្ហា​កើត​មាន​ឥត​ឈប់ឈរ​នៅ​កម្ពុជា។ កញ្ញា​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល ឬ​ស្ថាប័ន​ពាក់ព័ន្ធ​បង្កើន​ប៉ុស្តិ៍​ត្រួតពិនិត្យ​គ្រឿង​ស្រវឹង​ឲ្យ​បាន​កាន់​តែ​ច្រើន​ថែម​ទៀត។

កញ្ញា សុជាតា៖ «បើ​សិន​ជា​ការ​កើន​ឡើង​នៃ​រឹត​បន្តឹង ការ​ឆែក​គ្រឿងស្រវឹង​គ្រប់​កន្លែង​ទេ អ៊ីចឹង​គ្រោះថ្នាក់​ចរាចរណ៍ វា​នៅ​តែ​បន្ត​កើត​ឡើងៗ។ នាង​ខ្ញុំ​មិន​ហាម​មិន​ឲ្យ​ពិសា​គ្រឿង​ស្រវឹង​ទេ គ្រាន់តែ​ថា កុំ​បើកបរ​ក្រោយ​ពេល​ពិសា​គ្រឿង​ស្រវឹង»

របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នៃ​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​រយៈពេល ១១​ខែ ឆ្នាំ​២០១១ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើង​ចំនួន ៥.០៩៦​ករណី ប្រៀបធៀប​ជាមួយ​ឆ្នាំ​២០១០ កន្លង​ទៅ​មាន​ការ​ថយ​ចុះ ៨%។

ចំណែក​របាយការណ៍​របស់​អង្គការ​ជន​ពិការ​អន្តរជាតិ​បែលហ្សិក បាន​បង្ហាញ​ថា គ្រោះថ្នាក់​ចរាចរណ៍​កាល​ពី​ឆ្នាំ​២០១០ ធ្វើ​ឲ្យ​ខាតបង់​ថវិកា​ចំនួន ២៧៩​លាន​ដុល្លារ​អាមេរិក ហើយ​ភាគច្រើន​នៃ​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​មក​ពី​អ្នកបើកបរ​ប្រើប្រាស់​គ្រឿង​ស្រវឹង៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។