តុលាការ​ផ្ដន្ទា​ទោស​មនុស្ស​៣​នាក់ ពាក់​ព័ន្ធ​សំណុំ​រឿង​ជួញ​ដូរ​ព្រហ្មចារី

តុលាការ​ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ ខែ​មិថុនា​នេះ បាន​ប្រកាស​សាលក្រម​ផ្ដន្ទា​ទោស​ជន​ជាប់​ចោទ​ចំនួន ៣​នាក់ ឲ្យ​ជាប់​គុក​ម្នាក់ៗ ៣​ឆ្នាំ ក្រោម​បទ​ទិញ​ពេស្យាចារ​កុមារ ឬ​ទិញ​កុមារី​មាន​ព្រហ្មចារី ដើម្បី​រួម​ភេទ។

0:00 / 0:00

ជន​ជាប់​ចោទ ចំនួន​៣​នាក់​នោះ មាន​ឈ្មោះ មាស ចាន់ធឿន អាយុ ៥៣​ឆ្នាំ លោក គឺ សែ អាយុ ៤៩​ឆ្នាំ និង​លោក​ស្រី ចាន់ ពៅ អាយុ ៣២​ឆ្នាំ ជា​ជន​សម​គំនិត។ ប៉ុន្តែ​តុលាការ​បាន​សម្រេច​ឲ្យ​ពូក​គេ​ទាំង ៣​នាក់ អនុវត្តន៍​ទោស​នៅ​ក្នុង​ពន្ធនាគារ ក្នុង​ម្នាក់ៗ ៨​ខែ ១៥​ថ្ងៃ​ ក្រៅ​ពី​នេះ ទោស​នោះ​ត្រូវ​ព្យួរ។

ចៅក្រម​ជម្រះ​ក្ដី លោក កែ សាខន នៅ​ក្នុង​ចំណោម​ចៅ​ក្រម​ប្រឹក្សា​ចំនួន ២​នាក់​ទៀត នៃ​តុលាការ​ក្រុង​ភ្នំពេញ បាន​ប្រកាស​សាលក្រម​បន្ត​ថា តុលាការ​ក្រុង​ភ្នំពេញ បើក​ផ្លូវ​ឲ្យ​អ្នក​ទាំង ៣​នាក់​នេះ ប្ដឹង​ទាស់​ទៅ​​សាលាឧទ្ធរណ៍​ក្នុង​រយៈ​ពេល ១​ខែ ចាប់​ពី​ថ្ងៃ​ប្រកាស​សាលក្រម​នេះ។

លោក មាស ចាន់ធឿន អាយុ ៥៣​ឆ្នាំ ដែល​រង​ការ​កាត់​ទោស​ខាង​លើ​នេះ បាន​មាន​ប្រសាសន៍​ថា លោក​មិន​ទទួល​យក​សាលក្រម​នេះ​ទេ។ លោក​នឹង​ពិគ្រោះ​ជា​មួយ​មេធាវី​របស់​លោក ដើម្បី​ប្ដឹង​ទាស់​ទៅ​​សាលាឧទ្ធរណ៍​ទៀត។

តុលាការ​បាន​ផ្ដន្ទា​ទោស​ជន​ជាប់​ចោទ​ទាំង ៣​នាក់​ខាង​លើ​នេះ តាម​មាត្រា ទី​១០៧ និង​ ១០៨ នៃ​ច្បាប់​ព្រហ្មទណ្ឌ ស្ដីពី​ការ​បង្ក្រាប​ការ​ជួញ​ដូរ​កុមារ និង​ជួញ​ដូរ​ផ្លូវ​ភេទ។

លោក ទេព មុនី​ជាតិ ជា​មេធាវី​របស់​លោក មាស ចាន់​ធឿន លោក គឺ សែ និង​លោកស្រី ចាន់ ពៅ បាន​មាន​ប្រសាសន៍​ថា ៖ «ពុំ​ផ្ដល់​ភាព​យុត្តិធម៌​ដល់​កូន​ក្តី​ខ្ញុំ​នៅ​ឡើយ​ទេ ព្រោះ​ភាគី​ខាង​ស្រី​ជា​នីតិជន អាយុ​១៩​ឆ្នាំ ហើយ​យើង​គិត​ថា អាយុ​១៩​ឆ្នាំ មាន​សិទ្ធិ​ស្រឡាញ់​គ្នា ដោយ​មាន​ការ​ព្រមព្រៀង​គ្នា​ទៅ​វិញ​ទៅ​មក។ ហើយ​ច្បាប់​អត់​មាន​ចែង​ទេ បើ​សិន​ជា​ចាប់​ពី​អាយុ ១៩​ឆ្នាំ​ឡើង​ទៅ គឺ​មាន​សិទ្ធិ​ប្រើ​មនោសញ្ចេតនា​ស្រឡាញ់​គ្នា ទៅ​វិញ​ទៅ​មក ដោយ​អត់​មាន​ច្បាប់​ដាក់​ទោស​ទណ្ឌ​ទេ។ បើ​គិត​ពី​ច្បាប់​ជួញ​ដូរ​ផ្លូវ​ភេទ ទាល់​តែ​មនុស្ស​ហ្នឹង គឺ​អនីតិជន។ អ៊ីចឹង​ការ​កាត់​ក្តី​ឲ្យ​កូន​ក្តី​របស់​ខ្ញុំ​ជាប់​ទោស ៣​ឆ្នាំ ហើយ​មាន​ព្យួរ​ទោស​ខ្លះ និង​អនុវត្ត​ទោស​ខ្លះ ក៏​មិន​ទាន់​ផ្ដល់​ភាព​យុត្តិធម៌​ដល់​កូន​ក្តី​ខ្ញុំ​បាទ​ដែរ»

មេធាវី​របស់​កុមារី​រង​គ្រោះ លោក​ស្រី ប៉េង ម៉ា​ណែត នៃ​អង្គការ​សកម្មភាព​ដើម្បី​កុមារ (Action Pour Les Enfants) នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ថា លោក​ស្រី​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ ដោយសារ​មូលហេតុ​សុវត្ថិភាព​ផ្ទាល់​ខ្លួន។

បញ្ហា​ចម្រូងចម្រាស​គ្នា​ខ្លាំង រវាង​ភាគី​ដើម​ចោទ និង​ចុង​ចោទ​នៅ​ក្នុង​សវនាការ​កន្លង​មក គឺ​អាយុ​របស់​កុមារី​រងគ្រោះ ដោយសារ​តែ​មាន​ឯកសារ​មួយ បាន​បញ្ជាក់​ថា កុមារី​រង​គ្រោះ អាយុ​ ១៦​ឆ្នាំ និង​មាន​ឯកសារ​មួយ​ផ្សេង​ទៀត បញ្ជាក់​ថា កុមារី​រង​គ្រោះ មាន​អាយុ ១៩​ឆ្នាំ។

លោក មាស ចាន់​ធឿន អាយុ ​៥៣​ឆ្នាំ បាន​រង​ការ​ចាប់​ខ្លួន កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០០៩ កន្លង​ទៅ ដោយសារ​តែ​លោក​បាន​ស្រឡាញ់​លួច​លាក់​ជា​មួយ​កុមារី​រង​គ្រោះ ជា​កម្មករ​កាត់​ដេរ។ លោក​បាន​នាំ​នាង​ទៅ​សណ្ឋាគារ​មួយ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ហើយ​បាន​ឲ្យ​លុយ​ទៅ​កុមារី​រង​គ្រោះ​ចំនួន ២០០​ដុល្លារ​អាមេរិក ដើម្បី​ជួយ​ដល់​គ្រួសារ​នាង​ក្រីក្រ។

លោក គឺ សែ និង​លោក​ស្រី ចាន់ ពៅ ដែល​ជា​អ្នក​ទាក់​ទង​កុមារី​រង​គ្រោះ ឲ្យ​លោក មាស ចាន់​ធឿន ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ផង​ដែរ កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០០៩ ក្រោម​បទ​សម​គំនិត។

កុមារី​រង​គ្រោះ​ត្រូវ​បាន​គេ​អះអាង​ថា កំពុង​តែ​ស្ថិត​ក្រោម​កិច្ច​គាំពារ​របស់​អង្គការ​សកម្មភាព​ដើម្បី​កុមារ​នោះ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ៕