ឃុំ​ខ្លួន​បុរស​អាមេរិកាំង​ម្នាក់ និង​ស្ត្រី​ខ្មែរ​ម្នាក់ ពី​បទ​ជួញ​ដូរ​កុមារី​នៅ​សៀមរាប

បុរស​ជនជាតិ​អាមេរិកាំង​ម្នាក់ និង​ស្ត្រី​ខ្មែរ​ម្នាក់ ជា​ម្ដាយ​ក្មេង​ស្រី ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន​ជា​បណ្ដោះ​អាសន្ន ក្នុង​ពន្ធនាគារ ដោយ​ចោទ​ប្រកាន់​ពី​បទ​ទិញ​ដូរ​ក្មេង​ស្រី​។

0:00 / 0:00

មន្ត្រី​តុលាការ​ខេត្ត​សៀមរាប បាន​ឲ្យ​ដឹង​ថា គេ​បាន​ចោទ​ប្រកាន់​បុរស​ជន​ជាតិ​អាមេរិកាំង​ម្នាក់ ពី​បទ​ទិញ​កុមារី​ខ្មែរ​ជា​អនីតិជន ដើម្បី​ធ្វើ​ការ​រួម​ភេទ ដោយ​សម្រេច​ឃុំ​ខ្លួន​ជន​នោះ​ជា​បណ្ដោះ​អាសន្ន​ក្នុង​ពន្ធនាគារ រង់ចាំ​បន្ត​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ច្បាស់​លាស់។

ព្រះ​រាជ​អាជ្ញា​អម​សាលាដំបូង​ខេត្ត​សៀមរាប លោក ទី សុវិន​ថាល់ បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ទី​១៣ ខែ​មិថុនា​ថា បុរស​ជនជាតិ​អាមេរិកាំង​មួយ​រូប ឈ្មោះ Ronald Dean Birchfield អាយុ​៤៣​ឆ្នាំ ដែល​ឆ្លង​ដែន​មក​ប្រទេស​កម្ពុជា ក្នុង​នាម​ជា​ទេសចរណ៍ ត្រូវ​បា​ន​តុលាការ​សម្រេច​ឃុំ​ខ្លួន​ជា​បណ្ដោះ​អាសន្ន កាល​ពី​២​ថ្ងៃ​មុន ពី​បទ​ចោទ​ប្រកាន់​ថា បាន​ទិញ​កុមារី​ខ្មែរ​មិន​ទាន់​គ្រប់​អាយុ ដើម្បី​រួម​ភេទ​ដែល​ច្បាប់​បាន​ហាម​ឃាត់។

លោក​មាន​ប្រសាសន៍​បន្ត ៖ «ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន ២​ថ្ងៃ ថ្ងៃ​នេះ​ហើយ តាំង​ពី​ថ្ងៃ​សុក្រ​។ ពី​បទ​ទិញ​ក្នុង​ច្បាប់​ស្ដី​ពី​ការ​បង្ក្រាប​បទ​ល្មើស​ជួញ​ដូរ​ស្ត្រី និង​កុមារ។ អា​ហ្នឹង​ស្ថិត​នៅ​ក្នុង​ការ​ស៊ើប​អង្កេត ស៊ើប​សួរ​នៅ​ឡើយ​ទេ មិន​ទាន់​កំណត់​ថា គាត់​មាន​ពិរុទ្ធភាព​គ្រប់គ្រាន់​សម្រាប់​ផ្ដន្ទា​ទោស​ដាក់​គុក​។ ឥឡូវ​គ្រាន់​តែ​ជា​ការ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន»

មន្ត្រី​តុលាការ​ដដែល បាន​ឲ្យ​ដឹង​ថា គេ​បាន​បញ្ជា​ឲ្យ​ចាប់​ខ្លួន​ស្ត្រី​ឈ្មោះ វង់ ឡាង អាយុ​៤០​ឆ្នាំ ដែល​ជា​ម្ដាយ​ក្មេង​ស្រី​ផង​ដែរ នៅ​ក្នុង​រឿង​ពាក់ព័ន្ធ​ជា​មួយ​បុរស​ជន​ជាតិ​អាមេរិកាំង​ម្នាក់​នោះ​។

លោក ស៊ុន ប៊ុនថង ប្រធាន​ការិយាល័យ​ប្រឆាំង​ការ​ជួញ​ដូរ និង​ការពារ​អនីតិជន​របស់​ស្នងការ​នគរបាល​ខេត្ត​សៀមរាប បាន​មាន​ប្រសាសន៍​ថា សមត្ថកិច្ច​បាន​ចាប់​ខ្លួន​បុរស​ជន​ជាតិ​អាមេរិកាំង​ឈ្មោះ Ronald កាល​ពី​ថ្ងៃ​ទី​១០ ខែ​មិថុនា​កន្លង​មក តាម​ការ​ចោទ​ប្រកាន់​ពី​បទ​ទិញ​ពេស្យាចារ​លើ​កុមារ​។ មន្ត្រី​ប៉ូលិស​ដដែល បាន​ឲ្យ​ដឹង​ថា បុរស​អាមេរិកាំង​រូប​នោះ គឺ​ជា​មុខ​សញ្ញា​ដែល​ប៉ូលិស​ធ្លាប់​បាន​តាម​ដាន​ម្ដង​មក​ហើយ កាល​ពី​ឆ្នាំ​២០០៩ នៅ​ពេល​ដែល​ចូល​មក​ធ្វើ​ទេសចរណ៍​នៅ​ខេត្ត​សៀមរាប ហើយ​បាន​ទំនាក់​ទំនង​ជា​មួយ​ក្រុម​កុមារី​ខ្មែរ ដែល​លក់​វត្ថុ​អនុស្សាវរីយ៍ នៅ​តំបន់​មុខ​អង្គរវត្ត​។

លោក ស៊ុន ប៊ុនថង មាន​ប្រសាសន៍​បន្ត​ថា ៖ «យប់​ថ្ងៃ​ទី​៨ ខ្ញុំ​បាន​សហការ​ជា​មួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ ហើយ​យើង​បាន​ធ្វើ​ការ​ឃ្លាំ​មើល​ប្រហែល​ជា​ម៉ោង​១០​យប់ យើង​ឃើញ​ក្មេង​ស្រី​ចេញ​ពី​បន្ទប់​សណ្ឋាគារ ដែល​ខ្លួន​ស្នាក់​នៅ ឆ្លង​មក​បន្ទប់​ជន​សង្ស័យ អស់​រយៈ​ពេល​ជាង ១​ម៉ោង បាន​ចេញ​ទៅ​វិញ ហើយ​នៅ​ថ្ងៃ​ទី​៩​នោះ យើង​បាន​ដំណើរ​ការ​ឃ្លាំ​មើល​ម្តង​ទៀត ដែល​លទ្ធផល​យើង​អត់​បាន​ទទួល​អ្វី​ទេ​។ អ៊ីចឹង នៅ​ថ្ងៃ​ទី​១០​ព្រឹក យើង​សម្រេច​អញ្ជើញ​គាត់​ទៅ​ស្ថានីយ​ប៉ូលិស ដើម្បី​សាកសួរ​។ នៅ​ពេល​ដែល​យើង​បាន​ធ្វើ​ការ​សាក​សួរ ហើយ​ធ្វើ​ការ​ត្រួត​ពិនិត្យ​ចុង​ក្រោយ យើង​ជីក​សួរ​ថា ម្ដាយ​របស់​ក្មេង​ស្រី​ទទួល​បាន​លុយ ៤០០​ដុល្លារ»

សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ ដែល​ធ្វើ​ឡើង​ដោយ​អង្គការ​សកម្មភាព​ដើម្បី​កុមារ បន្ទាប់​ពី​ការ​ចាប់​ខ្លួន​បុរស​ជន​ជាតិ​អាមេរិកាំង​ម្នាក់​នោះ បាន​អះអាង​ថា នៅ​អំឡុង​ខែ​មិថុនា ឆ្នាំ​២០០៩ បុរស​ជន​ជាតិ​អាមេរិកាំង​រូប​នោះ បាន​ចូល​មក​ប្រទេស​កម្ពុជា ដើម្បី​ធ្វើ​ទេសចរណ៍​នៅ​ប្រាសាទ​អង្គរវត្ត ដែល​ជា​កន្លែង​ចាប់​ផ្ដើម​ទំនាក់​ទំនង​ជា​មួយ​កុមារី​ខ្មែរ​ចំនួន ៣-៤​នាក់ អាយុ​ប្រហែល​ពី ១៤​ទៅ​១៦​ឆ្នាំ ជា​អ្នក​លក់​វត្ថុ​អនុស្សាវរីយ៍​នៅ​តំបន់​អង្គរ។ ជន​សង្ស័យ​បាន​បបួល​កុមារី​ខ្មែរ​ទាំង​នោះ ឲ្យ​នាំ​គេ​ដើរ​កម្សាន្ត​ក្នុង​ទីក្រុង និង​ប្រាសាទ​នានា​ក្នុង​ខេត្ត​សៀមរាប ដោយ​សន្យា​ថា​នឹង​ឲ្យ​ប្រាក់​ទៅ​កុមារី​ទាំង​នោះ ១០០​ដុល្លារ​ក្នុង​ម្នាក់​ៗ។

តាម​ការ​ស៊ើប​អង្កេត ក្នុង​ចំណោម​កុមារី​ខ្មែរ ដែល​ដើរ​ជា​មួយ​បុរស​ជន​ជាតិ​អាមេរិកាំង​នោះ បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ​បាន​ជួល​ផ្ទះ​មួយ​កន្លែង​ដើម្បី​ស្នាក់​នៅ​ក្នុង​ខេត្ត​សៀមរាប ហើយ​តែង​នាំ​កុមារី​ខ្មែរ​ទៅ​លេង​ផ្ទះ​នោះ​ជា​រឿយៗ​។ ក្នុង​ចំណោម​កុមារី​ដែល​ទៅ​លេង​នៅ​ផ្ទះ​នោះ ខ្លះ​បាន​អះអាង​ថា បុរស​ជន​ជាតិ​អាមេរិកាំង​រូប​នោះ បាន​ចូល​ទៅ​ក្នុង​បន្ទប់ ដែល​ពួក​គេ​ស្នាក់​នៅ ដោយ​ចាប់​អោប​និង​ថើប​ពួក​គេ និង​និយាយ​សុំ​រៀបការ​ផង៕