ពលរដ្ឋ​នៅ​ក្រុង​ភ្នំពេញ​រិះគន់​ជុំវិញ​បញ្ហា​ការគ្រប់គ្រង​សំរាម

ការគ្រប់គ្រង​ឬ​ទុក​ដាក់​សំរាម​និង​កាក​សំណល់​ផ្សេងៗ​របស់​ក្រុមហ៊ុន​ប្រមូល​សំរាម​ក្នុង​ទីក្រុង​ភ្នំពេញ​សព្វថ្ងៃ ត្រូវ​បាន​គេ​រិះគន់​ថា​គឺ​នៅតែ​កើប​មិន​ទាន់ ធ្វើ​ឲ្យ​សំរាម​នៅ​កក​ស្ទះ រាយប៉ាយ និង​គរ​ទុក​គ្មាន​សណ្ដាប់ធ្នាប់​នៅ​តាម​ដង​ផ្លូវ​សាធារណៈ​នានា​ជាដើម ។

0:00 / 0:00

«មិន​ដឹង​ធ្វើ​ម៉េច បើ​និយាយ​អ្នក​ដាក់ ជួនកាល​គេ​មក​ពី​ណា​ពី​ណី​មក​ទៅ គេ​ជួល គេ​យក​មក​ចាក់​អា​ហ្នឹង​ដែរ ដល់​យើង​ប្រាប់​គេ​ទៅ គេ​សុទ្ធតែ​គំហក​ថា​អ៊ីចេះ​អ៊ីចុះ ។ ចោល​ហ្នឹង​គួរតែ​ក្រុមហ៊ុន​ស៊ីនទ្រី​កើប​ឲ្យ​ស្អាត ដើម្បី​ចៀសវាង​ការប៉ះពាល់​សុខភាព​ដល់​ប្រជាជន​នៅ​ទី​នេះ» ៖ នេះ​គឺ​ជា​ការបញ្ជាក់​ប្រាប់​របស់​ប្រជាពលរដ្ឋ​អ្នក​នៅ​ទីក្រុង​ភ្នំពេញ​មួយចំនួន អំពី​បញ្ហា​ការបោះចោល​កាក​សំណល់​សំរាម​ផ្សេងៗ ហើយ​និង​ការប្រមូល​ទុក​ដាក់​សំរាម​របស់​ក្រុមហ៊ុន​ស៊ីនទ្រី ដែល​គេ​សង្កេត​ឃើញ​ថា នៅ​មិន​ទាន់​មាន​អនាម័យ​ស្អាត​ល្អ​ឡើយ​សព្វថ្ងៃ​នេះ ដែល​ជា​ហេតុ​បង្ក​ឲ្យ​បរិស្ថាន​អាប់អួរ​និង​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​របស់​ពលរដ្ឋ​ដែល​កំពុង​រស់នៅ​ក្នុង​ទីក្រុង​នេះ ជា​ពិសេស​អ្នក​ដែល​រស់​នៅ​ក្បែរ​គំនរ​សំរាម​ដែល​គេ​យក​មក​បោះ​ចោល​ទុក​យូរ​ថ្ងៃ ។

ប្រជាពលរដ្ឋ​ទាំង​នោះ​បាន​បន្ត​ថា ការគ្រប់គ្រង​កាក​សំណល់​សំរាម​នៅ​ទីក្រុង​ភ្នំពេញ​រហូត​មក​ដល់​ពេល​នេះ គេ​ឃើញ​ថា​នៅតែ​មិន​ទាន់​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​ក្រុមហ៊ុន​ស៊ីនទ្រី​អ្នក​ប្រមូល​សំរាម និង​អាជ្ញាធរ​ក្រុង​ភ្នំពេញ​នោះ​ទេ ពីព្រោះ​សព្វថ្ងៃ​នេះ​សំរាម​មួយចំនួន​នោះ​ត្រូវ​បាន​គេ​បោះ​ចោល​ឲ្យ​នៅ​រាយប៉ាយ​គ្មាន​សណ្ដាប់ធ្នាប់ ដែល​មាន​នៅ​តាម​ដង​ផ្លូវ​សាធារណៈ នៅ​ក្បែរ​របង​សាលា​រៀន របង​វត្ត​អារាម ដែល​កន្លែង​ខ្លះ​ឡើង​គំនរ​គរ​ទុក​ដូច​ជា​ភ្នំ និង​មាន​ជះ​ក្លិន​ស្អុយ​រលួយ​ថែម​ទៀត ។

ប្រជាពលរដ្ឋ​មួយ​រូប​ឈ្មោះ សុភ័ក្រ្ដ នៅ​ក្នុង​សង្កាត់​ផ្សារ​ដើម​គរ ក្រុង​ភ្នំពេញ ដែល​នៅ​ចំ​ពី​មុខ​ផ្ទះ​របស់​គាត់​ពោរពេញ​ទៅ​ដោយ​គំនរ​កាក​សំណល់​សំរាម​មួយ​ពំនូក​ធំ​នោះ បាន​បញ្ជាក់​ប្រាប់​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ថា រូប​គាត់​មាន​ការធុញ​ថប់​នឹង​គំនរ​សំរាម​នេះ​ខ្លាំង​ណាស់ ពីព្រោះ​មួយ​ថ្ងៃៗ​ដែល​ផ្ទះ​របស់​គាត់​ត្រូវ​រកស៊ី​លក់​ដូរ​របស់​របរ ហើយ​ភ្ញៀវ​ចេញ​ចូល​ទិញ​អីវ៉ាន់​នោះ គេ​តែងតែ​រអ៊ូ​រទាំ​ថា​មាន​ក្លិន​ស្អុយ​ពិបាក​ទ្រាំ ។ ចំណែក​ឯ​គ្រួសារ​គាត់​ដែល​រស់​នៅ​ទី​នេះ​ក៏​ត្រូវ​រង​នូវ​ផល​ប៉ះពាល់​សុខភាព​ពី​ក្លិន​សំរាម​នោះ​ជា​រៀងរាល់​ថ្ងៃ ។

អ្នកស្រី សុភ័ក្រ្ដ បាន​ឲ្យ​ដឹង​ថា ៖ «រស់​បែប​ហ្នឹង​វា​ខូច​សុខភាព​យើង និយាយ​ទៅ​សំរាម​ហ្នឹង​យើង​ហាម​ដែរ ប៉ុន្តែ​គេ​ដូច​អត់​ស្ដាប់​យើង​ទេ ដូច​ថា​គំនរ​សំរាម​ធ្លាប់​ចាក់​អ៊ីចឹង គេ​នៅតែ​ចាក់​អ៊ីចឹង យើង​ប្រាប់​យ៉ាង​ណា​ក៏​គេ​មិន​ស្ដាប់​យើង​ដែរ»

បញ្ចាក់​ប្រាប់​ស្រដៀង​គ្នា​នេះ​ដែរ​ប្រជាពលរដ្ឋ​មួយ​រូប​ទៀត​ឈ្មោះ សុភា ដែល​កំពុង​លក់​ទឹក​អំពៅ​នៅ​ទល់​មុខ​គំនរ​សំរាម​មួយ​ជិត​ហាង​លក់​សាំង​ក្បែរ​ផ្សារ​ដើមគ បាន​បញ្ជាក់​ថា​រូប​គាត់​អង្គុយ​លក់​ទឹក​អំពៅ​នៅ​ទី​នេះ ពិបាក​ទ្រាំទ្រ​និង​ក្លិន​ស្អុយ​របស់​សំរាម​ដែល​ជះ​ក្លិន​មក​មិន​ដាច់ ប៉ុន្តែ​គាត់​មិន​ដឹង​ជា​ធ្វើ​ដូចម្ដេច​ទេ ពីព្រោះ​មិន​អាច​ទៅ​រក​ទី​កន្លែង​ណា​ផ្សេង​លក់​បាន​ទេ ។

ប្រជាពលរដ្ឋ​រូប​នោះ​បាន​បន្ត​ថា ចំពោះ​គំនរ​សំរាម​នេះ​បើ​តាម​ការសង្កេត​ឃើញ​របស់​គាត់​គឺ​ទាំង​អ្នក​យក​សំរាម​មក​បោះចោល ហើយ​និង​ក្រុមហ៊ុន​ស៊ីនទ្រី​ដែល​ប្រមូល​សំរាម​នោះ គឺ​ហាក់​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ប្រហាក់​ប្រហែល​គ្នា​អំពី​ការរក្សា​អនាម័យ​ដើម្បី​សុខភាព​ឡើយ ពីព្រោះ​អ្នក​បង្កើត​សំរាម​ចេះតែ​យក​កាក​សំណល់​សំរាម​របស់​គេ​មក​គ្រវែង​ចោល​នៅ​ទី​នេះ ដោយ​មិន​ដឹង​ម៉ោង​ពេល​គេ​មក​ដឹក​សំរាម ។ ឯ​ចំណែក​ក្រុមហ៊ុន​ស៊ីនទ្រី​ប្រមូល​សំរាម​វិញ​ក៏​មិន​ឃើញ​មាន​ការណែនាំ​ដល់​អ្នក​បោះ​សំរាម​ទាំង​នោះ​ដែរ ។

ប្រជាពលរដ្ឋ​ដដែល​បាន​មាន​ប្រសាសន៍​ថា ៖ «ខ្ញុំ​ចង់​សំណូមពរ​ឲ្យ​ឡាន​ហ្នឹង​មក​យក​តាម​ផ្ទះ​ទៅ ដល់​ពេល​ហើយ​ស៊ីប្លេ​ឲ្យ​គេ​យក​មក​ចាក់​ខ្លួន​គេ កុំ​ឲ្យ​ធ្វើ​អ៊ីចឹង អត់​ចង់​ឲ្យ​គេ​ដាក់​អ៊ីចឹង​ទេ ។ រាល់​សំរាម​ទាំងអស់​ដែល​ប្រជាជន​យក​មក​បោះចោល​ហ្នឹង គួរតែ​ស៊ីនទ្រី​ព្យាយាម​កើប​ឲ្យ​អស់ ព្រោះ​ក្នុង​វិក្កយបត្រ​ភ្លើង ស៊ីនទ្រី​បាន​ដាក់​ទឹក​ប្រាក់​បង់​ក្នុង​ហ្នឹង​ហើយ ។ ផ្ទះ​ល្វែង​ទូទៅ មួយ​ល្វែង​១​ដុល្លារ​អី​រួច​ហើយ»

ទាក់ទង​នឹង​បញ្ហា​សំរាម​នៅ​ទីក្រុង​ភ្នំពេញ​ដែល​មិន​បាន​ប្រមូល​ទុក​ដាក់​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​រង​ការរិះគន់​ពី​ប្រជាពលរដ្ឋ​ដូច​បាន​បញ្ជាក់​មក​នេះ ចំណែក​ឯ​អភិបាល​ក្រុង លោក កែប ជុតិមា ក៏​ធ្លាប់​បាន​លើក​ឡើង​ផងដែរ​កាលពី​ក្នុង​អំឡុងពេល​ប្រារព្ធ​ពិធី​នៅ​ថ្ងៃ ១៧ មេសា​កន្លង​ទៅ នៅ​វត្ត​ជើងឯក​នោះ ដោយ​មាន​ប្រសាសន៍​ថា​បញ្ហា​នេះ​គឺ​ជា​រឿង​របស់​ក្រុមហ៊ុន​ស៊ីនទ្រី ដែល​ជា​អ្នក​ប្រមូល​សំរាម ពីព្រោះ​ក្រុមហ៊ុន​នោះ​បាន​យក​ថ្លៃ​ប្រមូល​សំរាម​ពី​ប្រជាពលរដ្ឋ​នៅ​រៀងរាល់​ខែ ។

លោក កែប ជុតិមា បាន​មាន​ប្រសាសន៍​ថា ៖ «គាត់​យក​លុយ​គេ គាត់​ត្រូវតែ​ប្រមូល ។ ខ្ញុំ​គិត​ថា​ប្រជាពលរដ្ឋ​យើង​ត្រូវតែ​មាន​ប្រតិកម្ម ពីព្រោះ​គាត់​យក​លុយ​គាត់ យក​លុយ​រាល់​ខែ គាត់​ប្រមូល​មិន​ស្អាត រឿង​របស់​គាត់»

ចំពោះ​ការលើកឡើង​របស់​លោក​អភិបាល​ក្រុង​និង​ប្រជាពលរដ្ឋ​អំពី​ការប្រមូល​សំរាម​មិន​ស្អាត​នេះ វិទ្យុ​អាស៊ីសេរី​បាន​ព្យាយាម​សាកសួរ​ទៅ​នាយក​ក្រុមហ៊ុន​ស៊ីនទ្រី គឺ​លោក សាវី ផងដែរ ប៉ុន្តែ​លោក​បាន​ប្រាប់​ថា ឲ្យ​សួរ​ទៅ​លោក​នាយក​រង សេង ចំរើន វិញ ដោយ​ហេតុ​លោក​មិន​ស្រួល​ខ្លួន​នៅ​ក្នុង​ថ្ងៃ​នេះ ។

វិទ្យុ​យើង​ក៏​បាន​ទូរស័ព្ទ​សួរ​ទៅ​លោក​នាយក​រង សេង ចំរើន ជា​ច្រើន​ដង តែ​ទូរស័ព្ទ​របស់​លោក​គ្រាន់តែ​មាន​សំឡេង​រោទ៍​ចោល​មិន​មាន​អ្នក​លើក ក៏ប៉ុន្តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី នាយក​រង​ក្រុមហ៊ុន​ប្រមូល​សំរាម​ស៊ីនទ្រី លោក សេង ចំរើន ធ្លាប់​បាន​បញ្ជាក់​ប្រាប់​អ្នក​យក​ព័ត៌មាន​កាលពី​ប៉ុន្មាន​ខែ​មុន​នេះ​ដែរ​ថា លោក​ក៏​ទទួល​ស្គាល់​ផងដែរ​ចំពោះ​ភាព​យឺតយ៉ាវ​របស់​ក្រុមហ៊ុន​ក្នុង​ការទុក​ដាក់​សំរាម​នោះ ។

ក៏ប៉ុន្តែ​លោក​បាន​បន្ត​ទៀត​ថា បញ្ហា​នេះ​ក៏​បណ្ដាល​មក​ពី​សាលាក្រុង​ភ្នំពេញ​ដែល​មាន​ការយឺតយ៉ាវ​ក្នុង​ការធ្វើ​ផ្លូវ​ចូល​ទៅ​កាន់​ទី​លាន​ចោល​សំរាម​ស្ទឹងមានជ័យ ដែល​ជា​ហេតុ​នាំ​ឲ្យ​ក្រុមហ៊ុន​ដឹក​សំរាម​មាន​ការពិបាក​នាំ​យក​សំរាម​ទៅ​ចាក់​ចោល​ឲ្យ​បាន​ទាន់​ពេលវេលា ពីព្រោះ​ឡាន​ត្រូវ​លិច​ទឹក​ហើយ​ជាប់​ផុង​យ៉ាង​ញឹកញាប់ ។

លោក សេង ចំរើន បាន​បញ្ជាក់​ថា ៖ «វា​មាន​ពីរ​បញ្ហា​ធំ គឺ​ផ្លូវ​ចូល​ទីលាន ហើយ​ផ្លូវ​នៅ​លើ​ទីលាន ដោយសារ​ខាង​ក្រុង​ហ្នឹង គាត់​ឈូសឆាយ គាត់​ធ្វើ​ខ្វះ​បច្ចេកទេស ។ គាត់​ក្រាល​ដែក ជួនកាល​រអិល ជួនកាល​បះ​ដែក​ហ្នឹង ក៏​បាក់​បុក​បែក​កាទែ​រថយន្ត ម៉ាស៊ីន​អី ឬ​ជួនកាល​ទេ បែក​កង់ ពិបាក​ដែរ»

ចំពោះ​ការលើកឡើង​របស់​ក្រុមហ៊ុន​ស៊ីនទ្រី​នេះ អភិបាល​ក្រុង​ភ្នំពេញ លោក កែប ជុតិមា បាន​មាន​ប្រសាសន៏​ដែរ​ថា​អាជ្ញាធរ​ក្រុង​កំពុងតែ​ធ្វើ​ចលនា​ជួសជុល​ផ្លូវ​នោះ​ហើយ ដោយ​មាន​ការចូលរួម​ជួយ​ពី​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​ដង​ផ្លូវ​នោះ ។ ប៉ុន្តែ​លោក​បាន​ឲ្យ​ដឹង​ផងដែរ​ថា នៅ​ឆ្នាំ​២០០៩​ខាង​មុខ​នេះ សាលាក្រុង​នឹង​បញ្ឈប់​លែង​ឲ្យ​យក​សំរាម​ទៅ​ចាក់​ចោល​នៅ​ទីលាន​ស្ទឹងមានជ័យ​នោះ​ទៀត​ហើយ ពីព្រោះ​ពេញ​ហៀរហូរ​មិន​អាច​ផ្ទុក​សំរាម​បាន​ត​ទៅ​ទៀត​ទេ ។

ប្រជាពលរដ្ឋ​អ្នក​ទីក្រុង​ភ្នំពេញ​មួយ​ចំនួន ជា​ពិសេស​អ្នក​ដែល​កំពុងតែ​រស់​នៅ​ក្បែរ​គំនរ​សំរាម​ដែល​គេ​គរ​ទុក​ចោល​យូរ​ថ្ងៃ ដូច​ជា​នៅ​សង្កាត់​ផ្សារ​ដើមគ​ជាដើម​នោះ បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា​ទោះ​ជា​មាន​ការផ្លាស់ប្តូរ​ទីតាំង​ចាក់​សំរាម ឬ​មិន​ទាន់​រើរុះ​ក៏ដោយ គឺ​ពេល​នេះ​គេ​សំណូមពរ​ដល់​សាលាក្រុង​ភ្នំពេញ​ធ្វើ​យ៉ាង​ណា​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ស៊ីនទ្រី​ដែល​យក​ថ្លៃ​សំរាម​ពី​ប្រជាពលរដ្ឋ សូម​ជួយ​ធ្វើ​យ៉ាង​ណា​ឲ្យ​លុប​បំបាត់​គំនរ​សំរាម​ព្រមទាំង​កាក​សំណល់​ផ្សេងៗ​ឲ្យ​បាន​ស្អាត​ចេញ​ពី​តំបន់​ដែល​គេ​រស់នៅ ពីព្រោះ​គំនរ​សំរាម​ស្អុយ​រលួយ​នោះ​បាន​និង​កំពុងតែ​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​អ្នក​ដែល​រស់​នៅ​ទី​នោះ​យ៉ាង​ខ្លាំងក្លា​បំផុត ៕