តុលាការ​រាជធានី​ភ្នំពេញ​គ្រោង​បើក​សវនាការ​ករណី​មឿងសុន​ម្ដង​ទៀត

តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ មាន​គម្រោងការ​បើក​សវនាការ​ជា​ថ្មី​ម្តង​ទៀត​នូវ​សំណុំ​រឿង​របស់​លោក មឿង សុន ក្រោម​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថៃ្ង​២៤ វិច្ឆិកា សប្តាហ៍​ក្រោយ​នេះ។

0:00 / 0:00

លោក សំ សុគង់ ជា​មេធាវី​ការពារ​ក្តី​ឲ្យ​លោក មឿង សុន បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថៃ្ង​ពុធ ទី​១៨ ខែ​វិច្ឆិកា​នេះ​ថា ការ​កាត់​ទោស​កន្លង​មក​បាន​ធ្វើ​ទ្បើង​ដោយ​កំបាំង​មុខ ដោយ​មិន​បាន​អនុញ្ញាត​ឲ្យ​ជន​ជាប់​ចោទ​នោះ​បាន​មក​ត​ទល់​ក្ដី​នៅ​ក្នុង​សវនាការ​នោះ​ទេ។

លោក សំ សុគង់ មាន​ប្រសាសន៍​ដូច្នេះ ៖ «កំបាំង​មុខ​នេះ​ហើយ​បាន​ជា​ធ្វើ​ឲ្យ​ជន​ជាប់​ចោទ ដែល​ខ្ញុំ​ជា​មេធាវី​តំណាង​គាត់ បាន​ប្ដឹង​ជំទាស់​ទៅ​នឹង​សាលក្រម​កំបាំង​មុខ​ហ្នឹង។ កាលណា​មិន​មាន​វត្តមាន​ជន​ជាប់​ចោទ បាន​ន័យ​ថា ជន​ជាប់​ចោទ​មិន​ទាន់​បាន​មក​បំភ្លឺ ក៏​ដូច​ជា​បាន​មក​បង្ហាញ​ភស្តុតាង​ផ្សេងៗ​ដែល​គាត់​នឹង​យក​មក​ឲ្យ​តុលាការ​ហ្នឹង​កាត់​ក្ដី​ប្រកប​ដោយ​យុត្តិធម៌​ចំពោះ​ខ្លួន​គាត់»

លោក មឿង សុន ជា​ប្រធាន​នៃ​អង្គការ​មូលនិធី​ទ្រទ្រង់​អរិយធម៌​ខែ្មរ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី តាម​ទូរស័ព្ទ​ពី​ប្រទេស​បារាំង​មក​ថា លោក​មិន​អាច​មក​ចូល​រួម​ក្នុង​សវនាការ​ខាង​មុខ​នេះ​បាន​ទេ។

លោក មឿង សុន បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «ពីព្រោះ​ដោយសារ​ខ្ញុំ​មាន​ការ​ភ័យ​បារម្ភ ក្នុង​ការ​ចាប់​ខ្លួន​របស់​អំណាច​នៃ​តុលាការ​នៅ​ប្រទេស​កម្ពុជា ដែល​លោក​បាន​កាត់​ទោស​រួច​ជា​ស្រេច​ហើយ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​៧ កន្លង​ទៅ គឺ​ពុំ​មាន​យុត្តិធម៌​សម្រាប់​រូប​ខ្ញុំ។ ភស្តុតាង​មួយ​ដ៏​សំខាន់​បញ្ជាក់​ថា អ្វី​ដែល​ខ្ញុំ​បាន​លើក​ឡើង​នៅ​ក្នុង​លិខិត​ជូន​សម្ដេច ហ៊ុន សែន មិនមែន​ជា​រឿង​ខុស មិន​មែន​ប្រឌិត ហើយ​ក៏​មិន​មែន​ញុះញង់ ពីព្រោះ​យូណេស្កូ​ជា​ស្ថាប័ន​មួយ​កំពូល​ដែល​ត្រួត​ពិនិត្យ​នូវ​បេតិកភណ្ឌ​ជាតិ និង​ពិភពលោក​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​និង​គេ​មាន​ការ​បារម្ភ​យល់​ដូច​ខ្ញុំ​ដែរ ហ្នឹង​គំនិត​របស់​ខ្ញុំ​ជា​គំនិត​ត្រឹមត្រូវ»

លោក ប៉ាល់ ចាន់ដារ៉ា ជា​មេធាវី​ការពារ​ក្តី​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ជា​ដើម​បណ្ដឹងនោះ បាន​មាន​ប្រសាសន៍​ថា ជំហរ​របស់​លោក​មិន​ប្រែប្រួល​ទេ ៖ «រដ្ឋាភិបាល​នៅ​តែ​ដដែល ប្ដឹង​ដដែល ពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត​និង​ញុះញង់​ដដែល»

លោក មឿង សុន ប្រធាន​នៃ​អង្គការ​មូលនិធិ​ទ្រទ្រង់​អរិយធម៌ខែ្មរ ត្រូវ​បាន​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ផ្តន្ទាទោស​កំបាំង​មុខ​កាល​ពី​ថៃ្ង​ទី​១៤ ខែ​កក្កដា​កន្លង​ទៅ ឲ្យ​ជាប់​គុក​២​ឆ្នាំ និង​ផាក​ពិន័យ​ជា​ប្រាក់​ចំនួន​១៥​លាន​រៀល ក្រោម​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត​និង​ញុះញង់ ក្រោយ​ពី​លោក​បាន​ចោទ​ប្រកាន់​ថា ក្រុមហ៊ុន​ឯកជន​មួយ​ឈ្មោះ​ស៊ូជីង បាន​ដាប់​ថ្ម​អង្គរវត្ត​ដើម្បី​ដាក់​អំពូល​អគ្គិសនី​កាល​ពី​ខែ​ឧសភា​កន្លង​ទៅ។ រឿង​នោះ​ហើយ​បាន​ញ៉ាំង​ឲ្យ​មាន​ប្រតិកម្ម​ជា​ច្រើន​ពី​មន្រ្តី​រដ្ឋាភិបាល​កម្ពុជា និង​មន្រ្តី​របស់​យូណេស្កូ ព្រមទាំង​ប្រជាពលរដ្ឋ​កម្ពុជា៕