តុលាការ​បើក​សវនាការ​ជម្រះ​ក្ដី​តំណាង​អ្នក​តវ៉ា​ក្នុង​រឿង​ជម្លោះ​ដី​នៅ​សៀមរាប

ចៅក្រម​សាលា​ដំបូង​ប្រចាំ​ខេត្ត​សៀមរាប-​ឧត្តរមានជ័យ បាន​បើក​សវនាការ​ជំនុំ​ជម្រះ​ទៅ​លើ​តំណាង​អ្នក​តវ៉ា​ទំនាស់​ដី​ស្រែ​ប្រាំង​នៅ​ឃុំ​ជីក្រែង ៥​រូប កាល​ពី​ព្រឹក​ថ្ងៃ​២ ធ្នូ ពី​បទ​ចោទ​ប្រកាន់​ថា បាន​បង្ខាំង​មនុស្ស​ខុស​ច្បាប់​នៅ​ក្នុង​រឿង​ទំនាស់​ដី​ធ្លី​កន្លង​មក។

0:00 / 0:00

លោក សួស ណារិន អ្នក​ស៊ើប​អង្កេត​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ប្រចាំ​ខេត្ត​សៀមរាប ដែល​បាន​ចូល​ស្តាប់​សវនាការ​បាន​មាន​ប្រសាសន៍​ថា តំណាង​អ្នក​តវ៉ា​ដី​ស្រែ​ប្រាំង​នៅ​ឃុំ​ជីក្រែង ស្រុក​ជីក្រែង ចំនួន​៥​នាក់ ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ពី​បទ​បង្ខាំង​មនុស្ស​ខុស​ច្បាប់ មាន​ឈ្មោះ ស៊ិន លាភ, ច័ន្ទ លាភ, ឆេង សាវឿន, គ្លិន អៀង និង ស៊ីញ សំឡី ក៏​ប៉ុន្តែ​ជន​ជាប់​ចោទ​២​នាក់​ក្នុង​ចំណោម​នោះ​មិន​មាន​វត្តមាន​ក្នុង​សវនាការ​ទេ។

លោក សួស ណារិន បាន​មាន​ប្រសាសន៍​ថា សហ​ចៅក្រម​ចំនួន​៣​រូប​បាន​បើក​សវនាការ​ដេញ​ដោល​រឿង​នោះ ក៏​ប៉ុន្តែ​គេ​មិន​ទាន់​ដឹង​ការ​វិនិច្ឆ័យ​យ៉ាង​ណា​នៅ​ឡើយ ដោយ​ការ​ប្រកាស​សាលក្រម​ត្រូវ​បាន​ពន្យារ​ពេល​ទៅ​ថ្ងៃ​ទី​៧ ខែ​ធ្នូ។

លោក សួស ណារិន មាន​ប្រសាសន៍​ដូច្នេះ ៖ «ចម្លើយ​របស់​ជន​ជាប់​ចោទ​ទាំង​៣​រូប​ហ្នឹង គេ​បដិសេធ​នូវ​អ្វី​ដែល​ជា​ការ​ចោទ​ប្រកាន់​នោះ។ ចំណុច​បដិសេធ​ហ្នឹង​វាស្ថិត​នៅ​ក្នុង​វិមតិ​សង្ស័យ​ខ្លះ​ដែល​ធ្វើ​ឲ្យ​មេធាវី​ការពារ​ជន​ជាប់​ចោទ​ហ្នឹង គេ​សុំ​ឲ្យ​លើក​លែង​ការ​ចោទ​ប្រកាន់​នោះ»

មេធាវី​ការពារ​តំណាង​អ្នក​ភូមិ​ជីក្រែង លោក លួង សុខា បាន​មាន​ប្រសាសន៍​ថា អ្នក​ភូមិ​៣​នាក់​ដែល​ជា​ភាគី​ជម្លោះ​ដីធ្លី​ម្ខាង​ទៀត បាន​ចោទ​ប្រកាន់​កូន​ក្តី​របស់​លោក​៥​នាក់​ថា បាន​ទៅ​ឃាត់​ពួក​គេ​មិន​ឲ្យ​សាប​គ្រាប់​ស្រូវ​និង​ស្ទូង​ក្នុង​ដី​ទំនាស់ ហើយ​បាន​ឃាត់​ពួកគេ​មិន​ឲ្យ​ទៅ​ផ្ទះ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០០៨ កន្លង​មក។

លោក លួង សុខា បាន​មាន​ប្រសាសន៍​ថា លោក​សុំ​ឲ្យ​តុលាការ​លើក​លែង​ការ​ចោទ​ប្រកាន់​បទ​បង្ខាំង​មនុស្ស​ខុស​ច្បាប់​នេះ​ចេញ​ពី​កូន​ក្តី​របស់​លោក ប៉ុន្តែ​លោក​មិន​ដឹង​ថា​យ៉ាង​ណា ពីព្រោះ​តុលាការ​មិន​ទាន់​ប្រកាស​សាលក្រម​នៅ​ឡើយ។

លោក លួង សុខា មាន​ប្រសាសន៍​ដូច្នេះ ៖ «ខ្ញុំ​សុំ​ឲ្យ​តុលាការ​លើក​លែង​បទ​ចោទ​ប្រកាន់​ពី​បទ​បង្ខាំង​មនុស្ស​ខុស​ច្បាប់ ដែល​មាន​ដើម​បណ្ដឹង​២​នាក់​គេ​ប្តឹង​យើង​ហ្នឹង មិន​អាច​ទៅ​ដាក់​បន្ទុក​អី​ឲ្យ​ច្បាស់​១០០%​ទេ រឿង​នេះ​វា​នៅ​ស្រពេចស្រពិល​ខ្លាំង​ណាស់»

សហ​ចៅក្រម​នៃ​សវនាការ​ជំនុំ​ជម្រះ លោក លី សុខឡេង មិន​បាន​ពន្យល់​ក្បោះ​ក្បាយ​ទេ​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ (២ ធ្នូ) ដោយ​លោក​គ្រាន់​តែ​មាន​ប្រសាសន៍​ថា រឿង​នេះ​តុលាការ​រង់ចាំ​ការ​ពិគ្រោះ​គ្នា​មួយ​រយៈ​សិន។

តំណាង​អ្នក​ឃុំ​ជីក្រែង ដែល​តវ៉ា​ដី​ស្រែ​ប្រាំង​នៅ​ទំនប់​៧៨​សួង​ចំនួន​៣​នាក់​ក្នុង​សវនាការ​កាល​ពី​ព្រឹក​(២ ធ្នូ)​នេះ ម្នាក់​ឈ្មោះ ឃឹម សាវឿន ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃុំ​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២២ ខែ​មីនា បន្ទាប់​ពី​មាន​ការ​បង្រ្កាប​ដោយ​បាញ់​រះ និង​ឈ្មោះ ស៊ិន លាភ, ច័ន្ទ លាភ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃុំ​ខ្លួន​ម្តង​មក​ហើយ កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០០៨ ក្រោយ​មក​ត្រូវ​បាន​ដោះ​លែង​មួយ​រយៈ និង​បន្ទាប់​មក​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​វិញ​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០០៩ ដោយ​ចោទ​ប្រកាន់​ពី​បទ​បង្ខាំង​មនុស្ស​ខុស​ច្បាប់។

ស្រប​ពេល​ដែល​បើក​សវនាការ​ជំនុំ​ជម្រះ​ទោស​តំណាង​ប្រជាពលរដ្ឋ​ឃុំ​ជីក្រែង ​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ (២ ធ្នូ) ប៉ូលិស​ប៉ុស្តិ៍​ឃុំ​គៀនសង្កែ ស្រុក​សូត្រនិគម បាន​រារាំង​ប្រជាពលរដ្ឋ​ឃុំ​ជីក្រែង ជាង​២០​នាក់​មិន​ឲ្យ​ធ្វើ​ដំណើរ​ចូល​មក​ខេត្ត​សៀមរាប ដើម្បី​ចូល​រួម​ស្តាប់​សវនាការ​នោះ​ទេ៕