កិច្ចប្រជុំលើកទី៥ស្តីពីពាណិជ្ជកម្ម វិនិយោគនិងការផ្សព្វផ្សាយស្តីពីទេសចរណ៍តំបន់ត្រីកោណត្រូវបានធ្វើឡើងនៅសាលមហោស្រពក្រុងបានលុង កាលពីព្រឹកថ្ងៃទី១៤ មីនានេះ ដោយមានថ្នាក់រដ្ឋមន្រ្តីខ្មែរនិងថ្នាក់អនុរដ្ឋមន្រ្តីពីប្រទេសលាវនិងវៀតណាម និងថ្នាក់អភិបាលខេត្តទាំង១៣ ព្រមទាំងពាណិជ្ជករតំណាង៤៦ក្រុមហ៊ុនពីក្នុងតំបន់ត្រីកោណ ប្រទេសទាំងបីផងដែរ។
ប្រធានកំពូលនៃកិច្ចប្រជុំនេះ លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងពាណិជកម្មប្រទេសកម្ពុជា បានថ្លែងថា ពាណិជ្ជករអ្នកវិនិយោគទាំងអស់អាចពិភាក្សាស្វែងយល់ពីលទ្ធភាពសម្រាប់ធ្វើការវិនិយោគអភិវឌ្ឍន៍នៅតំបន់ត្រីកោណ ហើយពាណិជ្ជករនិងប្រជាពលរដ្ឋក្នុងតំបន់ត្រីកោណនេះនឹងទទួលបានការអនុគ្រោះមួយចំនួន។
លោក ចម ប្រសិទ្ធ បានថ្លែងដូច្នេះ ៖ «គោលនយោបាយអនុគ្រោះមួយចំនួនចំពោះអាជីវករ ចំពោះប្រជាជនដែលរស់នៅតំបន់ត្រីកោណ»។
លោក សួន សិទ្ធី អគ្គលេខាធិការក្រុមប្រឹក្សាវិនិយោគកម្ពុជា បានថ្លែងថា ខេត្ត៤របស់កម្ពុជា គឺរតនគិរី ស្ទឹងត្រែង មណ្ឌលគិរី និងខេត្តក្រចេះ មានសក្តានុពលខ្លាំង៣ផ្នែក គឺកសិកម្ម កសិឧស្សាហកម្ម ទេសចរណ៍ និងវិស័យរ៉ែ ប៉ុន្តែវាមានសេចក្តីត្រូវការនូវការអភិវឌ្ឍន៍ផ្នែកហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជាមុនសិន។
លោក សួន សិទ្ធី មានប្រសាសន៍ថា ៖ «ការអនុវត្តតំបន់ត្រីកោណកម្ពុជា លាវ វៀតណាម និយាយជារួម និងការអភិវឌ្ឍខេត្តទាំង៤របស់កម្ពុជា និយាយដោយឡែក ទាំងអស់សុទ្ធតែពឹងផ្អែកប្រភពហិរញ្ញវត្ថុសំខាន់ដើម្បីបម្រើការអភិវឌ្ឍមាន៣។ ទី១ គឺប្រភពថវិការដ្ឋ ទី២ ប្រភពជំនួយ ហើយប្រភពទី៣ គឺការវិនិយោគរបស់ឯកជន»។
លោក សួន សិទ្ធី បានថ្លែងថា ទន្ទឹមគ្នានឹងសក្តានុពលនេះ រដ្ឋាភិបាលកម្ពុជាកំពុងតែកែប្រែអនុក្រឹត្យជាច្រើន ទាក់ទងនឹងការវិនិយោគនៅកម្ពុជា ជាការលើកទឹកចិត្តជំរុញការបណ្តាក់ទុន។ ប៉ុន្តែទោះជាយ៉ាងណាលោកបានបញ្ជាក់ថា ការវិនិយោគនានាមិនអាចដណ្តើមយក ឬធ្វើឲ្យប៉ះពាល់លើដីមានទំនាស់ជាមួយពលរដ្ឋនោះទេ។
លោក សួន សិទ្ធី បានថ្លែងដូច្នេះទៀតថា ៖ «ដើម្បីចៀសវាងផលវិបាកដែលបានសង្កេតឃើញ រដ្ឋាភិបាលកំណត់ហើយស្រេចនោះគឺ ក្រុមហ៊ុនដែលបានទទួលដីសម្បទានសេដ្ឋកិច្ច មានន័យថា កន្លែងណាដែលមានទំនាស់ កន្លែងណាដែលជាទីតាំងរបស់ប្រជាជនរស់នៅយូរមកហើយ ទោះបីមិនមែនកម្មសិទ្ធិក៏ដោយ។ ការរស់នៅបង្កើតបានជាភូមិករណ៍ នោះហើយគឺជាកម្មសិទ្ធិរបស់គាត់ដែលយើងត្រូវតែចៀសវាង។ កន្លែងដីណារបស់ជនជាតិភាគតិចក៏ត្រូវតែចៀសវាង»។
អាជីវករជាច្រើនបានចូលរួមនៅក្នុងសន្និសីទពាណិជ្ជកម្ម បានពិភាក្សាគ្នាអំពីលទ្ធភាពស្វែងរកដៃគូទៅវិញទៅមកដើម្បីវិនិយោគរួមគ្នាផងដែរ។
លោកឧកញ៉ា លី ហុងស៊ិន ប្រធានក្រុមហ៊ុនតាយសេង បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីថា សន្និសីទនេះនឹងនាំឲ្យមានប្រយោជន៍ជាផ្លែផ្កាសម្រាប់អ្នករកស៊ី ព្រមទាំងប្រយោជន៍សម្រាប់ប្រជាពលរដ្ឋខែ្មរនៅខេត្តទាំងបួន។
លោកឧកញ៉ា លី ហុងស៊ិន មានប្រសាសន៍ដូច្នេះ ៖ «ថ្ងៃនេះកិច្ចប្រជុំហ្នឹងបើកឆាកឲ្យបរទេសទាំងអស់បានស្គាល់ ដើម្បីគេចូលមកវិនិយោគដើម្បីឲ្យប្រជាជនមានការងារធ្វើទាំងអស់»។
គម្រោងអភិវឌ្ឍន៍ខេត្តទាំង១៣នៅតំបន់ត្រីកោណ ជាជំហានដំបូងមានជំនួយពីរដ្ឋាភិបាលជប៉ុនលើទឹកប្រាក់ប្រមាណ២០លានដុល្លារ ប៉ុន្តែលោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មខ្មែរបញ្ជាក់ថា នឹងមានទឹកប្រាក់ជាច្រើនរយលានដុល្លារទៀតពីដៃគូផ្តល់ជំនួយសម្រាប់វិនិយោគ៕
