ទោះយ៉ាងណាក៏ដោយ ការប៉ះទង្គិចគ្នារវាងក្រុមអ្នករត់ម៉ូតូឌុបនិងកងប៉ូលិសនោះមិនមាននរណាម្នាក់បានរងរបួសទេ។
ក្រុមអ្នករត់រ៉ឺម៉កនិងម៉ូតូឌុបជាច្រើនរយនាក់ ដែលបានប្រមូលផ្តុំគ្នាធ្វើការតវ៉ាប្រឆាំងភ្នាក់ងារគយ មន្ទីរសាធារណការនិងដឹកជញ្ជូននិងក្រុមប៉ូលិសចរាចរណ៍ បានថ្លែងដូច្នេះ ៖ «ប្អូនខ្ញុំទៅបង់រួចហើយ [ម៉ាកសង់ឆ្នាំ]២០០៤ ទារ ៦៦០ ឈឺចាប់។ រត់ម៉ូតូដូចដឹងស្រាប់ហើយ ពីផ្សារលើទៅស្ពានថ្ម ១ពាន់ ប្រជាពលរដ្ឋថាថ្លៃទៀត ដូច្នេះយើងម៉ូតូឌុបត្រូវដាច់បាយខ្លះៗ។ ទៅបង់ពន្ធ ម៉ូតូខ្ញុំចាស់ហើយ ដឹកបាយជ្រូក ដល់ពេលគយរដ្ឋាករ គាត់ទារ ២៣០ដុល្លារ ហើយខ្ញុំថាឲ្យខ្ញុំតែ ៥០ដុល្លារមក យកម៉ូតូខ្ញុំបណ្ដោយទៅ ថ្លៃពេក។ អ៊ីចឹងសុំឲ្យតែ ៥០ដុល្លារ ឬ ៣០ដុល្លារបានហើយ»។
ក្រុមអ្នករត់រ៉ឺម៉កនិងម៉ូតូឌុបជាច្រើន បាននិយាយថា នៅពេលដែលពួកគេកំពុងដឹកភ្ញៀវទេសចរទស្សនាតំបន់អង្គរ ហើយប៉ូលិសចរាចរណ៍បានផាកពិន័យម៉ូតូគ្មានផ្លាកលេខតម្លៃយ៉ាងហោចណាស់ក៏ ១០ដុល្លារអាមេរិក ធ្វើឲ្យអ្នកគ្មានប្រាក់ខ្លះត្រូវទុកម៉ូតូនៅផ្ទះមិនហ៊ានចេញប្រកបរបរប្រចាំថ្ងៃ។
ប៉ុន្តែការដង្ហែជាក្បួនតវ៉ានេះ ត្រូវអភិបាលរងខេត្តសៀមរាប លោក ប៊ុន ថាឫទ្ធិ បន្ទោសថា បានធ្វើឡើងដោយមិនមានសុំច្បាប់អនុញ្ញាតពីអាជ្ញាធរខេត្តទេ ហើយការធ្វើដូច្នេះគឺមិនត្រឹមត្រូវ ៖ «គាត់ធ្វើអ៊ីចឹងអត់ត្រឹមត្រូវទេ ព្រោះអាជ្ញាធរខេត្តជាអ្នកសម្របសម្រួល ហើយសុំគោលការណ៍រដ្ឋាភិបាលដើម្បីជួយអនុគ្រោះចំពោះម៉ូតូដែលចាស់ទ្រុឌទ្រោម ព្រោះនៅក្នុងលិខិតហ្នឹងនៅនឹងដៃខ្ញុំហើយ គឺថាអគ្គនាយកដ្ឋានគយ លោកបានប្រគល់សិទ្ធិមកឲ្យសាខាគយនិងរដ្ឋាករបណ្ដាខេត្តនីមួយៗ ដើម្បីធ្វើការពិនិត្យធ្វើការបង់ពន្ធប៉ុណ្ណា អាស្រ័យលើជំនាញរបស់គយ គាត់អ្នកវាយតម្លៃ»។
លោក ប៊ុន ថាឫទ្ធិ បានមានប្រសាសន៍ទៀតថា អាជ្ញាធរខេត្តមិនបានព្រងើយកន្តើយក្នុងការដោះស្រាយបញ្ហានោះទេ ដោយអាជ្ញាធរបានខិតខំធ្វើលិខិតស្នើសុំទៅរដ្ឋាភិបាលដើម្បីឲ្យពិចារណាការបន្ថយពន្ធលើម៉ូតូដែលចាស់ទ្រុឌទ្រោមកាលពីសប្តាហ៍មុន ហើយកាលពីថ្ងៃសុក្រសប្តាហ៍មុនដែរ សាលាខេត្តសៀមរាបក៏បានទទួលការឆ្លើយតបពីនាយកគយនិងរដ្ឋាកររួចហើយដែរ។
មន្ត្រីខេត្តបានឲ្យដឹងថា នៅល្ងាចថ្ងៃច័ន្ទ ឬថ្ងៃអង្គារស្អែកយ៉ាងយូរ ខេត្តនឹងរៀបចំប្រជុំគណៈកម្មការវាយតម្លៃដើម្បីរកមធ្យោបាយបន្ធូរបន្ថយពន្ធនោះ។
ក្រុមអ្នករត់រ៉ឺម៉កនិងម៉ូតូឌុបរាប់រយនាក់ដែលធ្វើការតវ៉ាតាមដងផ្លូវរយៈពេលប្រហែល ២ម៉ោង បានរំសាយទៅវិញ បន្ទាប់ពីមន្ត្រីប៉ូលិសបានសន្យាថា នឹងបញ្ឈប់ការផាកពិន័យលើម៉ូតូទាំងឡាយដែលគ្មានផ្លាកលេខ និងអនុញ្ញាតឲ្យបើកបរបាននៅលើដងផ្លូវវិញជាបណ្តោះអាសន្ន៕
