អតីត​ឆ្មាំ​សន្តិសុខ​របស់​ក្រុម​ប្រឆាំង​រដ្ឋាភិបាល​ថៃ​ត្រូវ​ចាប់​ខ្លួន

សម្ព័ន្ធភាព​ប្រជាជន​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ថ្ងៃ​ច័ន្ទ​នេះ បាន​បដិសេធ​ថា ចលនា​របស់​ខ្លួន​មិន​ពាក់ព័ន្ធ​នឹង​បុរស​ជន​ជាតិ​ថៃ​២​នាក់ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​ប៉ូលិស ជាប់​ចោទ​ថា បុរស​ទាំង​ពីរ​រូប​មាន​គ្រាប់​បែក​ច្នៃ​និង​អាវុធ​ជា​ច្រើន​នៅ​ក្នុង​ដៃ​នោះ​ទេ។

0:00 / 0:00

មេដឹកនាំ​ចលនា​ប្រឆាំង​ដែល​កំពុង​កាប់កាប់​អគារ​រដ្ឋាភិបាល​ថៃ គឺ​លោក ចំលង ស្រ៊ីមួង បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា បុរស​ទាំង​ពីរ​រូប​ឈ្មោះ ថានី ខានុរី អាយុ​២៨​ឆ្នាំ និង វ៉ាតតាណា អាយុ ២២​ឆ្នាំ គឺ​ជា​ឆ្មាំ​សន្តិសុខ​របស់​សម្ព័ន្ធភាព​ប្រជាជន​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ ប៉ុន្តែ​ពួក​គេ​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ក្រុម​តាំង​ពី​១០​ថ្ងៃ​មុន​មក​ម្ល៉េះ ដោយសារ​ពួក​គេ​មិន​ស្តាប់​បង្គាប់​និង​ចេះ​តែ​ប្រព្រឹត្ត​មិន​ត្រឹមត្រូវ​ពី​មុន​មក។

បុរស​ទាំង​ពីរ​រូប​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ នៅ​ខណៈ​ដែល​ពួក​គេ​ជិះ​ម៉ូតូ​នៅ​ក្នុង​ស្រុក​ឌូស៊ីត ក្នុង​ក្រុង​បាងកក។ ប៉ូលិស​បាន​រឹប​អូស​ពី​ពួក​គេ​នូវ​គ្រាប់បែក​ដៃ​ប្រភេទ M67 ចំនួន​៣​គ្រាប់ គ្រាប់​បែក​ប្រភេទ Pingpong ចំនួន​២២​គ្រាប់ គ្រាប់​បែក​ច្នៃ​មួយ​គ្រាប់ កាំភ្លើង​ខ្លី​៤​ដើម និង​ដាវ​សាំមួរ៉ៃ​មួយ។

នៅ​ក្នុង​ព្រឹត្តិការណ៍​ដាច់​ដោយ​ឡែក​មួយ​ទៀត កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ដើម​សប្តាហ៍​នេះ​ដែរ ប៉ូលិស​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ​បាន​ឲ្យ​ដឹង​ថា ទាហាន​ឈុត​ខ្មៅ​មួយ​រូប​បាន​ត្រូវ​សម្លាប់ និង​៥​នាក់ ផ្សេង​ទៀត​រង​របួស​នៅ​ក្នុង​ការ​ដាក់​បំផ្ទុះ​គ្រាប់​បែក​ដោយ​ក្រុម​ឧទ្ទាម​តាម​ដង​ផ្លូវ​ក្នុង​ខេត្ត​ណារ៉ា​ធីវ៉ាត់។

គួរ​រំឭក​ផង​ដែរ កាល​ពី​ដើម​សប្តាហ៍​ទី​១ នៃ​ខែ​វិច្ឆិកា​នេះ មនុស្ស​ប្រហែល​៨០​នាក់ រាប់​ទាំង​ទាហាន​ល្បាត​របស់​ថៃ​ផង បាន​ត្រូវ​រង​របួស​ដោយ​ការ​បង្កៃ​បំផ្ទុះ​គ្រាប់​បែក​ដោយ​ក្រុម​ឧទ្ទាម​នៅ​ខេត្ត​ភាគ​ខាង​ត្បូង​មួយ​ចំនួន​របស់​ថៃ ជាប់​នឹង​ប្រទេស​ម៉ាឡេស៊ី៕