ថ្លែងប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃអាទិត្យ ទី២៤ សីហា លោក ឈិត សេង បានបញ្ជាក់ថា បុរសទាំងពីរនាក់នោះ មានស្រុកកំណើតនៅខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅផ្ទះជួលក្នុងឃុំសន្តិភាព ស្រុកសំពៅលូន ត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីម៉ោង ១២យប់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០០៨ ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានលាក់អាវុធសេកាសេ (CKC) មួយដើមនៅក្នុងផ្ទះ។
លោក ឈិត សេង មានប្រសាសន៍ដូច្នេះថា ៖ «អានេះវាប្រើប្រាស់អាវុធរួមគ្នានៅឃុំសន្តិភាព។ បច្ចុប្បន្នកំពុងតែបំពេញសំណុំរឿង»។
លោកនាយផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានបញ្ជាក់ថា តាមការសាកសួរធ្វើកំណត់ហេតុនិងការប្រមូលភស្តុតាង បុរសទាំងពីរនាក់មិនពាក់ព័ន្ធទៅនឹងករណីប្លន់កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០០៨ កន្លងទៅថ្មីៗនេះទេ។
លោកស្រី ចាន់ គឹមហ៊ន ដែលត្រូវបានក្រុមចោរប្លន់ ៤នាក់ ប្លន់យកគ្រឿងផ្លាទីន ជាង៥០តម្លឹង លុយប្រាក់បាត ២សែន និងប្រាក់រៀលជាង ១លាន កាលពីព្រលប់វេលាម៉ោងជាង ៧និង១៥នាទី នាថ្ងៃទី២០ សីហា ឆ្នាំ២០០៨ ត្រូវបាននគរបាលហៅទៅពិនិត្យភិនភាគបុរសទាំងពីរនាក់នោះ ក៏បានបញ្ជាក់ដែរថា ៖ «ខ្ញុំស្រពិចស្រពិលដែរ ប៉ុន្តែមុខហ្នឹងមិនមែនពីថ្ងៃដែលយើងបានឃើញហ្នឹងទេ មិនមែនមុខមាត់អ៊ីចឹងទេ»។
ក្រុមនគរបាលបានបញ្ជាក់ថា រហូតមកទល់ពេលនេះ គេនៅពុំទាន់មានតម្រុយតាមចាប់ក្រុមចោរប្លន់ ៤នាក់ ដែលបានប្លន់គ្រួសារលោកស្រី ចាន់ គឹមហ៊ន និងលោក សាន សុខណា នៅផ្សារតាស្ដារនោះនៅឡើយទេ។
លោក កង សាខន ស្នងការនគរបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា ការប្លន់ប្រដាប់អាវុធ បានកើតមានឡើងចំនួន ២លើក នៅស្រុកសំពៅលូន ចាប់តាំងពីដើមឆ្នាំ២០០៨ មកនេះ ៖ «ដែលយើងរកឃើញខ្លះ កន្លងមកហ្នឹង ពួកអនាធិបតេយ្យដែលវាលួចលាក់ មានកាំភ្លើងខ្លះប្រើ នៅព្រៃ ច្រើនតែតំបន់ដាច់ស្រយាល វាច្រើនធ្វើនៅតំបន់ដាច់ស្រយាល»។
លោក ស៊ុន តឹក មន្រ្តីសម្របសម្រួលអង្គការលីកាដូ ប្រចាំខេត្តបាត់ដំបង បានអំពាវនាវឲ្យនគរបាល និងតុលាការផ្ដន្ទាទោសចំពោះឧក្រិដ្ឋជន ដែលបានប្រព្រឹត្តអំពើប្លន់ជាបន្តបន្ទាប់ នាពេលកន្លងមកនេះ។
លោក ស៊ុន តឹក ថ្លែងដូច្នេះថា ៖ «អ៊ីចឹងសំណូមពរឲ្យសមត្ថកិច្ចហ្នឹង អនុវត្តច្បាប់ ហើយអ្នកដែលប្រព្រឹត្តខុស ឲ្យទទួលទណ្ឌកម្ម បានមានការកែប្រែ»។
នៅក្នុងខេត្តបាត់ដំបង គិតចាប់តាំងពីដើមឆ្នាំ២០០៨ បូកទាំងករណីប្លន់នៅក្នុងស្រុកសំពៅលូន នាពេលចុងក្រោយនេះ ការប្លន់មានការកើនឡើងជាង ២០ករណី ភាគច្រើនជាការប្លន់ប្រដាប់អាវុធ ហើយនៅស្រុកមោងឫស្សី មាន ៣ករណី ដែលការប្លន់នោះ បានសម្លាប់មនុស្ស អស់ចំនួន ៤នាក់៕
