លោក មាឃ ភា មេប៉ុស្តិ៍ប៉ូលិសរងឃុំថ្មស បានទទួលស្គាល់ថា ពិតជាមានប្រជាពលរដ្ឋនៅក្នុងឃុំរបស់លោកត្រូវបានចាប់ខ្លួនកាលពីរសៀលថ្ងៃទី២៦ សីហា ឆ្នាំ២០០៨ ប្រាកដមែន។
លោក មាឃ ភា ថ្លែងដូច្នេះថា ៖ «ដីកានាំខ្លួនពីតុលាការមក ដឹងរឿងថា បំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ គេដាក់អ៊ីចឹងមក រឿងហ្នឹង ដូចទំនាស់ដីធ្លី»។
អ៊ូច ង៉ីម ជាអ្នកភូមិកំពុងរស់នៅជាមួយប្រជាពលរដ្ឋដែលត្រូវគេចាប់ខ្លួននោះដែរ បានប្រាប់វិទ្យុអាស៊ីសេរីពីហេតុការណ៍នោះយ៉ាងដូច្នេះថា ៖ «ចាប់ពីម្សិលមិញ ល្ងាចម៉ោង ៣ ទៅដល់ក៏គេវ៉ៃខ្នោះដៃម្ខាងម្នាក់ ជិះម៉ូតូចុះទៅខេត្តកោះកុងតែម្ដង»។
មន្រ្តីស៊ើបអង្កេតនៃអង្គការលីកាដូ ប្រចាំខេត្តកោះកុង លោក ព្រំ គាង ក៏បានឲ្យដឹងដែរថា ៖ «ប្រជាពលរដ្ឋហ្នឹងទី១ ឈ្មោះ យ៉ាប ភារិទ្ធ ទី២ ឈ្មោះ ហៀង លីហ៊ត»។
មេឃុំថ្មស ឈ្មោះ អិក គួន បានប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៧ សីហា ឆ្នាំ២០០៨នេះថា ការចាប់ខ្លួននោះគឺដោយសារតែប្រជាពលរដ្ឋទាំងនេះបានទៅចាប់ដីរបស់គេដើម្បីធ្វើជាកម្មសិទ្ធិរបស់ខ្លួន ៖ «ដីនេះ គាត់ទៅយកដីរបស់គេទេ មិនមែនជាដីគាត់ទេ ព្រោះដីនេះ គេមានប្លង់រឹងអីត្រឹមត្រូវរបស់គេ»។
ទោះបីជាលោកមេឃុំបាននិយាយដូច្នេះក៏ដោយ ក៏តំណាងប្រជាពលរដ្ឋចំនួនប្រាំមួយគ្រួសារនៅតែអះអាងថា ពួកគាត់បានមករស់នៅទីនោះតាំងពីទសវត្សរ៍ឆ្នាំ១៩៨០ មកម្ល៉េះ ប៉ុន្តែទើបតែមានបញ្ហានៅក្នុងឆ្នាំ២០០៦នេះទេ ដោយសារតែមានស្រ្តីម្នាក់ឈ្មោះ ឈុន មុំ បានកាន់ប្លង់មកអះអាងថា ដីនោះជាកម្មសិទ្ធិរបស់គាត់ទៅវិញ។
អ៊ូច ង៉ីម បានឲ្យដឹងពីបញ្ហាទំនាស់នេះថែមទៀតថា ៖ «ខ្ញុំរស់នៅតាំងពីឆ្នាំ១៩៨០ -៨១-៨២ម៉្លេះ ហើយកាលពីឆ្នាំ១៩៩៧ហ្នឹង លោក នៃ អុល គាត់មកវាស់ដីហ្នឹងថា ទុកជាសារពើពន្ធរបស់រដ្ឋ ហើយពួកយើងខ្ញុំទាំងអស់គ្នា ក៏ផ្ដិតមេដៃឲ្យថាដីហ្នឹងជាសារពើពន្ធរបស់រដ្ឋដែរ ប៉ុន្តែដល់ឆ្នាំ២០០៦ ខ្ញុំក៏ឃើញអ្នកស្រី ឈុន មុំ គាត់កាន់ប្លង់មកថាដីនេះ ជាដីចម្ការរបស់គាត់ បានពួកយើងខ្ញុំភ្ញាក់ខ្លួនតែម្ដង»។
លោក សៅ វីតា មេធាវីការពារជនរងគ្រោះទាំងប្រាំមួយគ្រួសារ បានឲ្យដឹងថា លោកកំពុងតែមានការងឿងឆ្ងល់ចំពោះការប្តូរការចោទប្រកាន់ទៅលើកូនក្តីរបស់លោកពីបញ្ហាទំនាស់ដីធ្លីទៅជាបទល្មើសព្រហ្មទណ្ឌទៅវិញ។
លោក សៅ វីតា ថ្លែងថា ៖ «ខ្ញុំមើលទៅដូចជាមិនមែនឃាត់ខ្លួនក្នុងរឿងស៊ីវិលហ្នឹងទេ វាជារឿងព្រហ្មទណ្ឌមួយទៀត»។
សូមជម្រាបថា ដីទំនាស់នោះមានទំហំមួយហិកតារប៉ែតសិបប្រាំមួយអារនិងមានប្រជាពលរដ្ឋចំនួនប្រាំមួយគ្រួសារកំពុងរស់នៅ ហើយដែលមានទីតាំងស្ថិតក្នុងភូមិចម្លងគោ ឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង។
វិទ្យុអាស៊ីសេរីពុំអាចធ្វើការទាក់ទងជាមួយអ្នកស្រី ឈុន មុំ ម្ចាស់ដើមបណ្តឹងនេះបាននៅឡើយទេ ហើយចំពោះជនរងគ្រោះវិញ មន្រ្តីអង្គការលីកាដូដដែលបានឲ្យដឹងថា កំពុងតែបន្តជាប់ឃុំនៅក្នុងពន្ធនាគារខេត្តកោះកុងដដែល៕
