កម្មករ​រោងចក្រ អូស៊ីន និង​ពូយាន រាប់​ពាន់​នាក់​ធ្វើ​កូដកម្ម

កម្មករ​រោងចក្រ​កាត់​ដេរ​សំលៀកបំពាក់ និង​កម្មករ​រោងចក្រ​កាត់​ស្បែក​ជើង បូក​រួម​បញ្ចូល​គ្នា​ប្រមាណ​៧.០០០​នាក់ ចេញ​ធ្វើ​កូដកម្ម​ជាច្រើន​ថ្ងៃ បន្ទាប់​ពី​ពួក​គេ​មិន​ត្រូវ​ថៅកែ​ដោះស្រាយ​បញ្ហា​ដែល​ពួក​គេ​កំពុង​ប្រឈម។

0:00 / 0:00

រោងចក្រ​កាត់​ដេរ​ឈ្មោះ លីសេអង់ ឬ​ហៅ អូស៊ីន (Ocean Garment) ស្ថិត​នៅ​ភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខ័ណ្ឌ​ពោធិសែនជ័យ ទាមទារ​ថៅកែ​រោងចក្រ​បណ្ដេញ​ប្រធាន​ផ្នែក​ផលិតកម្ម​ឈ្មោះ ហ្វារុក ដោយ​សារ​បុរស​នេះ​មាន​អាកប្បកិរិយា​មិន​ល្អ។ ចំណែក​កម្មករ​រោងចក្រ​កាត់​ស្បែក​ជើង ពូយាន (Poyean) ស្ថិត​នៅ​ភូមិ​ស្លែងរលើង សង្កាត់​ទឹកថ្លា ខ័ណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​បញ្ឈប់​ការ​កាត់​ប្រាក់​ខែ​ពួក​គាត់។

កម្មករ​រោងចក្រ​កាត់​ដេរ​ឈ្មោះ លីសេអង់ ឬ​ហៅ​ថា អូស៊ីន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២០ សីហា ថា លោក ហ្វារុក ជន​ជាតិ​បង់ក្លាដេស ជា​ប្រធាន​ផ្នែក​ផលិតកម្ម បាន​ប្រព្រឹត្ត​អំពើ​មិន​គប្បី​ផ្សេងៗ​លើ​កម្មករ។

កម្មករ​ទាំង​នោះ​បញ្ជាក់​ថា លោក ហ្វារុក ក្រៅ​ពី​ក្រអឺតក្រទម និង​កោង​កាច សម្ដី​អសុរោះ​ដាក់​កម្មករ បុរស​នេះ​នៅ​បាន​មើល​ងាយ​មើល​ថោក​កម្មការិនី​ថែម​ទៀត ព្រោះ​កន្លង​មក​លោក ហ្វារុក តែង​ប្រើ​តួនាទី​គម្រាម​កម្មការិនី​មួយ​ចំនួន​នៅ​ក្នុង​រោងចក្រ ឲ្យ​ទៅ​គេង​ជាមួយ​ខ្លួន។

នៅ​ពេល​កម្មការិនី​ណា​មួយ​មិន​ព្រម​តាម​ខ្លួន បុរស​នោះ​តែង​បញ្ឈប់​កម្មការិនី​នោះ​មិន​ឲ្យ​ធ្វើ​ការ​បន្ថែម​ម៉ោង៖ «វា​និយាយ​ថា ស្រី​ខ្មែរ​ស្រួលៗ ១០​ដុល្លារ ២០​ដុល្លារ ដេក​បាន​១យប់។ តែ​ស្រី​ខ្មែរ ខ្លះ​គេ​ឈឺ​ចាប់​ហើយ ព្រោះ​ស្រី​ខ្មែរ​ខ្លះ​មិន​ចង់​បាន​ទេ​លុយ​អ៊ីចឹង​នោះ។ ស្ត្រី​ពេល​ឮ​គេ​ថា​អ៊ីចឹង នរណា​មិន​ឈឺ​ចាប់ ពាក្យ​ដែល​ប្រមាថ​ជេរ​១០​ដុល្លារ ២០​ដុល្លារ ដេក​ស្រួល​បាន​មួយ​យប់។ ពេល​ដែល​គេ​មិន​ព្រម​វា វា​មិន​ឲ្យ​គេ​ថែម​ម៉ោង បើ​ស្រី​ខ្លះ​គេ​ឈប់​បាត់​ទៅ គេ​ខ្លាច។ អ្នក​ធ្វើ​ការ​ជាមួយ​ខ្ញុំ ដក​ពី​ទូរស័ព្ទ​គេ បញ្ចូល​លុយ​ឲ្យ​គេ ហើយ​បបួល​គេ​ដើរ​លេង គេ​ខ្លាច​គេ​ក៏​ឈប់​ទៅ»

កម្មការិនី​ម្នាក់​បាន​រៀបរាប់​ពី​អំពើ​មិន​គប្បី​របស់​លោក ហ្វារុក ដែល​បាន​ប្រព្រឹត្ត​លើ​មិត្ត​រួម​ការងារ​នាង​ទាំង​ទឹក​ភ្នែក​ថា នាង​មាន​ការ​ឈឺ​ចាប់​ខ្លាំង​ណាស់ នៅ​ពេល​នាង​ឃើញ​បុរស​នេះ​ស្ដី​បន្ទោស​ខ្លាំងៗ​លើ​មិត្តភក្ដិ និង​ប្រើ​ពាក្យ​សម្ដី​មិន​សមរម្យ​លើ​ស្ត្រី​ខ្មែរ។ នាង​អះអាង​បន្ត​ថា នាង​នឹង​មិន​បញ្ឈប់​នូវ​ការ​ធ្វើ​កូដកម្ម​នោះ​ទេ ប្រសិន​បើ​ថៅកែ​រោងចក្រ​មិន​ព្រម​ដក​លោក ហ្វារុក ចេញ​ពី​រោងចក្រ​ទេ​នោះ៖ «ដូច​ជា​ពេល​ធ្វើ​ការ ពេល​ពួក​ខ្ញុំ​ធ្វើ​ការ​អី​មិន​ត្រូវ​ចិត្ត​គាត់ គាត់​យក​ខោ​មក​បោះ​លើ​ក្បាល​ពួក​ខ្ញុំ​តែ​ម្ដង ហើយ​កន្ត្រៃ​កាត់​ព្រុយ​កាត់​អី​ហ្នឹង គាត់​បោះ​មក​លើ​ពួក​ខ្ញុំ។ ខ្ញុំ​យំ​តើ​ពូ ខ្ញុំ​ទ្រាំ​អត់​បាន​ទេ គេ​មិន​ធ្វើ​ចំពោះ​ខ្ញុំ​ទេ តែ​គេ​ធ្វើ​ចំពោះ​អ្នក​ដទៃ តែ​ខ្ញុំ​ឈឺ​ចាប់​ណាស់​ពូ ខ្មែរ​ដូច​គ្នា។ បើ​មិន​ដក​ទេ ពួក​ខ្ញុំ​សុខ​ចិត្ត​ឈប់ អត់​ធ្វើ​ការ​ក្នុង​រោងចក្រ​ហ្នឹង​ទេ​ពូ»

វិទ្យុ​អាស៊ី​សេរី មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក ហ្វារុក បាន​ទេ​នៅ​ថ្ងៃ​ទី​២០ សីហា នេះ ដោយ​លោក​បញ្ជាក់​ថា លោក​ស្ដាប់​មិន​យល់ ព្រោះ​លោក​មិន​ចេះ​ភាសា​ខ្មែរ។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​របស់​លោក ហ្វារុក កម្មការិនី​មួយ​ចំនួន​បញ្ជាក់​ថា បុរស​នេះ​ចេះ​និយាយ​ភាសា​ខ្មែរ​បាន​ច្បាស់​លាស់​ណាស់។ ហើយ​កន្លង​មក កម្មការិនី​មិន​តិច​ទេ​ដែល​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​បុរស​នេះ ប្រើ​ភាសា​ខ្មែរ​ប្រលោម​បោក​ប្រាស់​នោះ។

កម្មករ​ប្រមាណ​២.០០០​នាក់ នៃ​រោងចក្រ អូសេអង់ ឬ​ហៅ​ថា អូស៊ីន ធ្វើ​កូដកម្ម​ទាមទារ​ថៅកែ​រោងចក្រ​បណ្ដេញ​លោក ហ្វារុក ប្រធាន​ផ្នែក​ផលិតកម្ម​ចេញ​ពី​រោងចក្រ ចាប់​តាំង​ពី​ថ្ងៃ​ទី​១១ សីហា។ បន្ទាប់​ពី​គ្មាន​ដំណោះស្រាយ ពួក​គេ​នាំ​គ្នា​ដង្ហែ​ជា​ក្បួន​ប៉ុនប៉ង​ឆ្ពោះ​ទៅ​កាន់​ក្រសួង​ការងារ។ ប៉ុន្តែ​សកម្មភាព​នេះ ត្រូវ​ផ្អាក​ទៅ​វិញ ក្រោយ​ពី​កងកម្លាំង​សមត្ថកិច្ច​ប្រមាណ​១០០​នាក់​ចុះ​រារាំង និង​សុំ​ឲ្យ​កម្មករ​ត្រឡប់​ទៅ​ចរចា​ជាមួយ​ថៅកែ​រោងចក្រ​ជា​បន្ត។

ភ្ជាប់​នឹង​បញ្ហា​កូដកម្ម​នេះ នៅ​ឯ​រោងចក្រ​កាត់​ស្បែក​ជើង​ឈ្មោះ ពូយាន ឯណោះ​វិញ មាន​កម្មករ​ប្រមាណ​៥.០០០​នាក់ នាំ​គ្នា​ធ្វើ​កូដកម្ម​អស់​ជាច្រើន​ថ្ងៃ​ដែរ ដោយ​សារ​ថៅកែ​រោងចក្រ​កាត់​ប្រាក់​ខែ​ពួក​គេ បន្ទាប់​ពី​ពួក​គេ​បាន​សុំ​ឲ្យ​ថៅកែ​រោងចក្រ​នោះ​កែ​កុន​រោងចក្រ​ឲ្យ​មាន​ផាសុកភាព​ជាមុន ដើម្បី​ឲ្យ​ពួក​គេ​អាច​ធ្វើ​ការងារ​បាន​ស្រួល។

កម្មការិនី​ឈ្មោះ តឹក ប៊ុនថា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២០ សីហា ថា កម្មករ​យ៉ាង​ហោច​ណាស់ ២​ទៅ​៣នាក់ ក្នុង​មួយ​ថ្ងៃ​បាន​សន្លប់ ដោយ​សារ​អគារ​រោងចក្រ​នោះ​មាន​សភាព​ក្ដៅ​ខ្លាំង ហើយ​ហប់។ កញ្ញា តឹក ប៊ុនថា បន្ត​ថា បន្ទាប់​ពី​មាន​ការ​ពិបាក​ខ្លាំង កម្មករ​មិន​អាច​ធ្វើ​ការងារ​ក្នុង​ស្ថានភាព​ក្ដៅ និង​ហប់​ពិបាក​ដក​ដង្ហើម​នេះ​បាន​ជា​បន្ត កម្មករ​ក៏​នាំ​គ្នា​សុំ​ឲ្យ​ថៅកែ​រោងចក្រ​ជួយ​ធ្វើ​ដំបូល​រោងចក្រ។

ជា​ការ​ឆ្លើយ​តប ថៅកែ​រោងចក្រ​បាន​យល់​ព្រម​ធ្វើ​ដំបូល​រោងចក្រ​នោះ​តាម​សំណូមពរ​របស់​កម្មករ ប៉ុន្តែ​ថៅកែ​រោងចក្រ​ទាមទារ​កាត់​ប្រាក់​ខែ​របស់​កម្មករ​ទាំង​នោះ​ទៅ​វិញ។ ហេតុ​នេះ កម្មករ​មិន​សុខ​ចិត្ត​ក៏​នាំ​គ្នា​ដង្ហែ​ក្បួន​ធ្វើ​កូដកម្ម៖ «ពួក​ខ្ញុំ​ចេញ​មក​ក្រៅ​ហ្នឹង គ្រាន់​តែ​ឲ្យ​ដោះស្រាយ​រឿង​កង្ហារ​ហ្នឹង រឿង​អី សន្លប់​ច្រើន​ពេក​រាល់​ថ្ងៃ កន្លែង​រោងចក្រ​ខ្ញុំ​អគារ​ក្រោយ រហូត​សន្លប់​រាល​ថ្ងៃ។ ដល់​ពេល​ហើយ ខ្ញុំ​ហ្នឹង​ក៏​ចេញ​មក​ក្រៅ​ឲ្យ​គេ​ដោះស្រាយ​ឲ្យ គេ​ចេញ ចេញ​ទៅ គេ​ទុក​ឲ្យ​រញ៉េរញ៉ៃ មិន​ព្រម​ជាមួយ​អ៊ីចឹង។ ហើយ​ឥឡូវ​បី​ថ្ងៃ​កន្លះ​ហើយ គេ​មិន​ដោះស្រាយ​ឲ្យ​ពួក​ខ្ញុំ​សោះ ហើយ​ឥឡូវ​ដឹង​ម៉េច​ទេ ចេញ​ក្រៅ​នៅ​តែ​គេ​មិន​ដោះស្រាយ។ ហើយ​ឥឡូវ កំពុង​តែ​នៅ​ហាល​ភ្លៀង មនុស្ស​រាប់​ពាន់​នាក់»

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់​ទង​ផ្នែក​រដ្ឋបាល នៃ​រោងចក្រ ពូយាន ដើម្បី​សុំ​ការ​បកស្រាយ​ពី​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២០ សីហា នេះ។

កញ្ញា តឹក ប៊ុនថា ឲ្យ​ដឹង​ថា កម្មករ​រោងចក្រ ពូយាន បាន​ធ្វើ​កូដកម្ម​អស់​ជាច្រើន​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​១៦ មក។ ហើយ​បច្ចុប្បន្ន ថៅកែ​រោងចក្រ​នៅ​មិន​ទាន់​រក​ដំណោះស្រាយ​សមស្រប​ណា​មួយ​សម្រាប់​កម្មករ​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។