ខេត្ត​ចំនួន​ពីរ​កំពុង​រងគ្រោះ​ដោយ​សារ​ទឹក​ជំនន់​ទឹក​ភ្លៀង

ទឹក​ជំនន់​ទឹក​ភ្លៀង​បាន​ចាប់​ផ្ដើម​ជន់​លិច​ខេត្ត​ចំនួន​២​ភាគ​ខាង​ជើង​នៅ​កម្ពុជា រួម​មាន​ខេត្ត​សៀមរាប និង​ធ្ងន់ធ្ងរ​ជាង​គេ​នោះ គឺ​ខេត្ត​បន្ទាយមានជ័យ។
ដោយ ទេព សុរ៉ាវី
2012-09-19
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ជំនន់​ទឹក​ភ្លៀង​ខេត្ត​សៀមរាប ៣០៥
ពលរដ្ឋ​នាំ​គ្នា​ជញ្ជូន​អីវ៉ាន់​ចេញ​ពី​កន្លែង​ទឹក​លិច នៅ​ស្រុក​ពួក ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១២។
RFA/Hang Savyouth

មន្ត្រី​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ និង​អាជ្ញាធរ​ខេត្ត កំពុង​ជួយ​ផ្តល់​ជំនួយ​មនុស្សធម៌ និង​ជម្លៀស​អ្នក​ភូមិ​ចេញ​ទៅ​ទី​ទួល​មាន​សុវត្ថិភាព បន្ទាប់​ពី​មាន​របាយការណ៍​បឋម​ថា មាន​មនុស្ស​២នាក់​បាន​ស្លាប់​ក្នុង​គ្រោះ​ទឹក​ជំនន់​ឆ្នាំ​នេះ។

នាយ​ខុទ្ទកាល័យ​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក កែវ វី ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី១៩ ខែ​កញ្ញា ថា ទឹក​ជំនន់​ទឹក​ភ្លៀង បាន​ជន់​លិច​ផ្ទះ​របស់​ប្រជាពលរដ្ឋ និង​ដី​ស្រែ​ចម្ការ​របស់​អ្នក​ភូមិ​ក្នុង​ខេត្ត​សៀមរាប និង​ខេត្ត​បន្ទាយមានជ័យ។ រីឯ​ខេត្ត​មួយ​ចំនួន​ទៀត រួម​មាន​ខេត្ត​ព្រះវិហារ ទឹក​បាន​ចាប់​ផ្ដើម​ស្រក​នៅ​សល់​ត្រឹម​កម្ពស់ ១០,២៥​ម៉ែត្រ តែ​មេឃ​នៅ​តែ​បន្ត​ភ្លៀង​ដដែល។ ឯ​ខេត្ត​កំពង់ធំ វិញ កម្ពស់​ទឹក​ស្ទឹងសែន បាន​កើន​ឡើង​ដល់ ១៣,២០​ម៉ែត្រ តែ​មិន​ទាន់​ដល់​កម្រិត​ប្រកាស​អាសន្ន​នៅ​ឡើយ​ទេ ដែល​មាន​កម្ពស់ ១៣,៦០​ម៉ែត្រ។

លោក កែវ វី៖ «យើង​មាន​តែ​២​ខេត្ត​ទេ ដែល​ជន់​លិច​នៅ​បន្ទាយមានជ័យ ធ្ងន់ ហើយ​និង​នៅ​សៀមរាប មួយ​ទេ ក្រៅ​ពី​ហ្នឹង មិន​ទាន់​ជន់​លិច​អី​ទេ គ្រាន់​តែ​វា​ទឹក​កើន​ឡើង​នៅ​ខេត្ត​កំពង់ធំ កំពង់​អី​ហ្នឹង»

តាម​តួលេខ​បឋម​ដែល​លោក កែវ វី ទទួល​បាន​ពី​ផល​ប៉ះពាល់​នៃ​គ្រោះ​ទឹក​ជំនន់​ទឹក​ភ្លៀង បង្ហាញ​ថា នៅ​ក្នុង​ស្រុក​ពួក ខេត្ត​សៀមរាប លិច​ដំណាំ​ស្រូវ​ប្រមាណ​ជាង​៤ពាន់​ហិកតារ។ រីឯ​ខេត្ត​បន្ទាយមានជ័យ លិច​ដំណាំ​ស្រូវ​ប្រមាណ​ជាង​៥រយ​ហិកតារ និង​ដំណាំ​ដំឡូង​មី​ជាង​១ពាន់​ហិកតារ។

នៅ​ឯ​ខេត្ត​បន្ទាយមានជ័យ អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​បន្ទាយមានជ័យ លោក អ៊ុក កែវរតនៈ ឲ្យ​ដឹង​ថា ទឹក​ជំនន់​បាន​ជន់​លិច​ឃុំ​ខ្លះ ក្នុង​ស្រុក​ម៉ាឡៃ ស្រុក​អូរជ្រៅ និង​ក្រុង​ប៉ោយប៉ែត។ ហើយ​កម្ពស់​ទឹក​បាន​ច្រាល​ឡើង​ខ្លាំង​នៅ​ថ្ងៃ​ទី១៩ ខែ​កញ្ញា ដោយ​ហូរ​ចាក់​មក​ពី​ស្រុក​អារញ្ញ ប្រទេស​ថៃ ជាប់​ព្រំប្រទល់ និង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។

លោក​បន្ត​ថា បើ​ទឹក​ជំនន់​ទឹក​ភ្លៀង​ក្នុង​ស្រុក វា​មិន​សូវ​រងគ្រោះ​ប៉ុន្មាន​ទេ តែ​រងគ្រោះ​ធ្ងន់​នោះ គឺ​ទឹក​ជំនន់​ច្រាល​ចេញ​ពី​ស្រុក​អារញ្ញ ប្រទេស​ថៃ ចាក់​ចូល​ក្នុង​អូរជ្រៅ និង​បាន​ពន្លិច​ហៀរ​តាម​ថ្នល់​ជាតិ​លេខ៥ ផ្លូវ​លំ​មួយ​ចំនួន និង​ផ្លូវ​រថភ្លើង​ដែល​ទើប​តែ​សាងសង់​រួច៖ «ព្រោះ​ព្រឹកមិញ​នេះ ទឹក​មក​ពី​ប្រទេស​ថៃ កាន់​តែ​បុក​ខ្លាំង ព្រោះ​នៅ​ប្រទេស​ថៃ វា​ភ្លៀង​បុក​កាត់​ឡើង​មក​វា​ចូល​ដី​ប៉ោយប៉ែត តំបន់​ទំនាប​លិច​ស្ទើរ​គ្រប់​ឃុំ​ហើយ»

លោក​បន្ត​ថា ស្រុក​អារញ្ញ ប្រទេស​ថៃ នៅ​តែ​បន្ត​មាន​ភ្លៀង​ធ្លាក់ ហើយ​ទឹក​ជំនន់​នៅ​តែ​បន្ត​ហូរ​ចូល​តំបន់​ទំនាប​ក្នុង​ប្រទេស​កម្ពុជា ដោយ​អាជ្ញាធរ​ខេត្ត​មិន​អាច​ទប់ស្កាត់ ឬ​រារាំង​ទឹក​នោះ​បាន​ទេ។ លោក​ថា ទឹក​ជំនន់​៤ថ្ងៃ​មក​នេះ មាន​អ្នក​ភូមិ​មួយ​ចំនួន​នៅ​តែ​ក្រាញ​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន​ដែល​ជន់​លិច​នោះ ព្រោះ​នឹក​ស្ដាយ​ទ្រព្យសម្បត្តិ​មួយ​ចំនួន។

តែ​ទោះ​ជា​យ៉ាង​ណា អាជ្ញាធរ​ខេត្ត​រំដោះ​ពួក​គេ និង​ជម្លៀស​អ្នក​ភូមិ​ជាង​១ពាន់​គ្រួសារ ទៅ​ទី​ទួល​មាន​សុវត្ថិភាព​រួច​ហើយ តែ​តួលេខ​នេះ​អាច​មាន​ការ​កើន​ឡើង​ថែម​ទៀត ដោយ​សារ​តែ​អាជ្ញាធរ​នៅ​តែ​បន្ត​សកម្មភាព​ជម្លៀស​អ្នក​ភូមិ​នៅ​ឡើយ។

លោក​បន្ត​ថា មាន​ផ្ទះ​អ្នក​ភូមិ​ជាង​២ពាន់​ខ្នង បាន​ជន់​លិច និង​មាន​ផ្ទះ​ខ្លះ​លិច​បាត់​ដំបូល​តែ​ម្តង ហើយ​ប្រសិន​បើ​ស្ថានភាព​ទឹក​ជំនន់​នៅ​តែ​បន្ត​អូស​បន្លាយ​១០ថ្ងៃ​ទៀត​នោះ ដំណាំ​ស្រូវ​របស់​អ្នក​ភូមិ​នឹង​រលួយ​ខូច​ទាំង​អស់៖ «ឥឡូវ​ហ្នឹង យើង​ដឹង​ថា ផ្លូវ​ថ្នល់​ផ្លូវ​លំ​មួយ​ចំនួន ត្រូវ​ដាច់ ហើយ​ដាច់​ខ្ទេច​ខ្ទី​អស់​ហើយ។ ហើយ​ម៉ា​ថ្ងៃ​ម្សិលមិញ ដែល​យើង​មាន​ដាក់​នៅ ដែល​ហៅ​ថា​ស្ទឹង​បត់ ដែល​យើង​យក​ស្ពាន​ដេឡេ ដើម្បី​ជួយ​សង្គ្រោះ​ដាក់ ឥឡូវ​ហ្នឹង​ស្ពាន​ហ្នឹង​ច្រោះ​ដាច់​ក្បាល​ស្ពាន​ទៅ​ទៀត។ ឥឡូវ​ស្ពាន​ហ្នឹង ទឹក​វា​ហូរ​កាត់​ពី​ស្ពាន​ហូរ​កាត់​ច្រោះ​ហូរ​ដាច់​ក្បាល​ស្ពាន​ហ្នឹង​ទៅ​ទៀត។ យើង​មិន​អាច​ទប់ស្កាត់​បាន​តទៅ​ទៀត វា​សាហាវ​ដល់​ថ្នាក់​ហ្នឹង»

អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​បន្ទាយមានជ័យ រូប​នេះ​បន្ត​ថា គ្រោះ​ទឹក​ជំនន់​នេះ​បាន​ធ្វើ​ឲ្យ​បុរស​វ័យ​ជាង​៤០ឆ្នាំ​ម្នាក់​ស្លាប់ ហើយ​អាជ្ញាធរ​ដឹង​នៅ​ពេល​ដែល​សព​ជន​រងគ្រោះ​ទើប​ផុស​ចេញ​ពី​ទឹក នៅ​ថ្ងៃ​ទី១៩ ខែ​កញ្ញា។ លោក​ឲ្យ​ដឹង​ថា ខាង​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ដែល​ដឹកនាំ​ដោយ​លោក ញឹម វណ្ណដា នឹង​ចុះ​ចែក​អំណោយ​កាកបាទក្រហម ដល់​ជន​រងគ្រោះ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ហើយ​អាជ្ញាធរ​នឹង​បង្កើន​កម្លាំង​ថែម​ទៀត ដើម្បី​ជួយ​សង្គ្រោះ​ជន​រងគ្រោះ​ឲ្យ​មាន​សុវត្ថិភាព។

របាយការណ៍​បឋម​ដូច​គ្នា​នៅ​ឯ​ខេត្ត​សៀមរាប ឲ្យ​ដឹង​ថា មាន​កុមារ​ម្នាក់​ក៏​បាន​ស្លាប់​ក្នុង​គ្រោះ​ទឹក​ជំនន់​ទឹក​ភ្លៀង​នៅ​ខេត្ត​នោះ​ដែរ។

លោក ស៊ូ ភិរិន្ទ អភិបាល​ខេត្ត​សៀមរាប បាន​មាន​ប្រសាសន៍​ថា ទឹក​ជំនន់​ដែល​កំពុង​ជន់​លិច​ឃុំ​ខ្លះ​នៃ​ស្រុក​ពួក នោះ គឺ​មាន​លិច​ផ្នែក​ខ្លះ​នៃ​ស្រុក​អង្គរជុំ និង​ស្រុក​ក្រឡាញ់។ ទោះ​យ៉ាង​ណា អាជ្ញាធរ​ខេត្ត​សៀមរាប មិន​ទាន់​បាន​ទទួល​របាយការណ៍​ស្ដីពី​ការ​ខូចខាត ដោយ​សារ​ទឹក​ជំនន់​នោះ​នៅ​ឡើយ​ទេ។ លោក ស៊ូ ភិរិន្ទ បាន​បញ្ជាក់​ថា ទីក្រុង​សៀមរាប ប្រហែល​ជា​អាច​ជៀស​ផុត​ពី​គ្រោះ​ទឹក​ជំនន់​នៅ​ក្នុង​ឆ្នាំ​នេះ ដោយ​សារ​តែ​អាជ្ញាធរ​បាន​ខិតខំ​បញ្ចៀស​ផ្លូវ​ទឹក​ជាច្រើន​កន្លែង។

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ប្រកាស​ពី​ស្ថានភាព​ប្រឈម​នឹង​ទឹក​ជំនន់​ទឹក​ភ្លៀង បន្ទាប់​ពី​រក​ឃើញ​ថា សម្ពាធ​ទាប និង​ប្រព័ន្ធ​សម្ពាធ​ទាប បាន​អូស​កាត់ និង​មាន​ឥទ្ធិពល​លើ​ប្រទេស​កម្ពុជា បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ទូទាំង​ប្រទេស រហូត​ដល់​ថ្ងៃ​ទី២៣ ខែ​កញ្ញា ឆ្នាំ​២០១២ ដែល​អាច​បង្ក​ឲ្យ​មាន​ទឹក​ជំនន់​ទឹក​ភ្លៀង​កើត​ឡើង​ចំនួន​១៤ខេត្ត។

តាម​អនុសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ការ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ពី​គ្រោះ​ទឹក​ជំនន់​ឆ្នាំ​២០១២ ក្រសួង​ការពារ​ជាតិ និង​កង​រាជ​អាវុធហត្ថ បាន​ត្រៀម​កម្លាំង​ប្រមាណ​ជាង​៥ពាន់​នាក់ សម្រាប់​ជួយ​សង្គ្រោះ​ជន​រងគ្រោះ រួម​ទាំង​ត្រៀម​ឧបករណ៍​សង្គ្រោះ​មួយ​ចំនួន រួម​មាន ពោង​សុវត្ថិភាព អូប័រ ទូក តង់​ចល័ត ត្រៀម​អាហារ ទឹក​ស្អាត បង្គន់​អនាម័យ និង​គ្រូពេទ្យ​សម្រាប់​ជួយ​សង្គ្រោះ​ពលរដ្ឋ​ថែម​ទៀត។

ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) បាន​វាយ​តម្លៃ​ថា ការ​ខូច​ខាត​ដោយ​សារ​គ្រោះ​ទឹក​ជំនន់​ឆ្នាំ​២០១១ ក្នុង​ខេត្ត​ចំនួន​១៨ នៅ​ប្រទេស​កម្ពុជា មាន​តម្លៃ​សរុប​ជិត​៥០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក និង​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ជិត​២លាន​នាក់។ ទឹក​ជំនន់​ឆ្នាំ​២០១១ បាន​សម្លាប់​មនុស្ស​ចំនួន​២៥០​នាក់ និង​មាន​ប្រជាពលរដ្ឋ​ជាង​៥ម៉ឺន​គ្រួសារ ត្រូវ​ជម្លៀស​ទៅ​កាន់​ទី​ទួល​មាន​សុវត្ថិភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (3)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

CheyVorman007

ពី AngKor Wat

បើតាមយើងសង្កេតមើលទៅមិនដែលឃើញពួកលោកបណ្ឌិត
សេកទៅដេញពលរដ្ឆរស់នៅទីទឹកលិចនឹងទីយួនរស់នៅយកដី
មកអភិវឌ្ឈន៏សោះ លោកនឹងបក្សពួកត្រៀមចាំជួយចាំសង្រ្គោះ
ជានិច្ច យើងគួរអរគុណព្រះគុណនេះអោយស្មើនឹងគុណ៧មករា។

Sep 20, 2012 11:02 AM

អ្នក​អាន​អនាមិក

ក្រុងប៉ោយប៉ែតរមែងជន់លិចដោយទឹកភ្លៀងណាស់រាល់ឆ្នាំ តែគ្មានវិធានការសោះ ហើយស្មោកគ្រកដូចឋាននរកចឹង។ គួររៀបចំជាទំនប់ក្រវាត់ក្រុង​ ពួកអស់ទាំងនឹងអត់ចេះធើការ ចេះតែយកលុយពីប្រជាជនមួយមុខគត់

Sep 19, 2012 11:46 PM

ហូ ទន់

ពី កោះកុង

ប្រធានកាកបាទក្រហមខ្មែរគាត់ធ្វើដំណើរមិនរួចទេព្រោះធ្ងន់
និងមាសពេជ្រជាមួយគ្នានិងខ្លាញ៉ផង។

Sep 19, 2012 04:56 PM