ឆ្មាំ​ចម្ការ​អំពៅ​របស់​លី យ៉ុងផាត់ នៅ​កោះកុង ចាប់​រទេះ​គោ​ក្របី​អ្នកស្រុក​ឲ្យ​បង់​លុយ

រទេះ​គោ​ក្របី​អ្នក​ស្រុក​ចំនួន​៦​គ្រឿង ត្រូវ​ក្រុម​សន្តិសុខ​លោក​ឧកញ៉ា លី យ៉ុងផាត់ នៅ​ក្នុង​ខេត្ត​កោះកុង បាន​ចាប់ឃាត់ ហើយ​បង្ខំ​ឲ្យ​អ្នកស្រុក​ជា​ម្ចាស់​រទេះ​ត្រូវ​បង់​ប្រាក់​លោះ បើ​សិន​ជា​ចង់​បាន​រទេះ​នោះ​វិញ។

0:00 / 0:00

ការចាប់​រទេះ​គោ​ក្របី​អ្នក​ស្រុក នៅ​ក្នុង​ឃុំ​ជីខ ស្រុក​ស្រែអំបិល កាល​ពី​ម្សិលមិញ គឺ​បន្ទាប់​ពី​អ្នក​ស្រុក​បាន​បរ​លើ​ផ្លូវ​មួយ ដែល​ក្រុម​លោក​ឧកញ៉ា​បាន​ហ៊ុមព័ទ្ធ​យក​និង​បាន​ដាំ​ធ្វើ​ជា​ចម្ការ​អំពៅ បន្ទាប់​ពី​រដ្ឋ​បាន​ធ្វើ​សម្បទាន​ជា​ដី​សេដ្ឋកិច្ច​ទៅ​ឲ្យ​លោក​ឧកញ៉ា លី យ៉ុងផាត់ នោះ​មក។

តំណាង​ប្រជាសហគមន៍ លោក អាន ឆៃយ៉ា ខេត្ត​កោះកុង បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា មាន​ការដោះស្រាយ​ខ្លះ​ហើយ បន្ទាប់​ពី​អ្នក​ស្រុក​បាន​បង់​ប្រាក់ ដោយ​ការខ្លាច​នឹង​អំណាច​ក្រុម​សន្តិសុខ​ឯកជន​របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ នោះ​មក។

អាន ឆៃយ៉ា ៖ «កងសន្តិសុខ​ស៊ីឈ្នួល​ការពារ​ក្រុមហ៊ុន​របស់​ឧកញ៉ា លី យ៉ុងផាត់ បាន​ទៅ​យក​រទេះ​គោ ចាប់​គោ ចាប់​ក្របី​ប្រជាពលរដ្ឋ​ដែល​ដឹក​ឫស្សី​ចេញ​មក​ពី​តំបន់​ព្រៃ ឆ្លង​កាត់​តាម​ផ្លូវ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ពី​មុន​មក​នោះ ដោយសារ​មាន​ការយក​លុយ​ទៅ​បង់​រំលោះ ឥឡូវ​គេ​ដោះលែង ៣​រទេះ​ហើយ នៅ​សល់ ៣​រទេះ​ទៀត»

ហ៊ុយ វណ្ណៈ ៖ «តម្លៃ​គេ​ទារ​បង់​ហ្នឹង​ដោយសារ​អ្វី? ហើយ​តម្លៃ​ប៉ុន្មាន​ដែរ? អាន ឆៃយ៉ា ៖ «គេ​ទារ​បង់​ឮ​ថា ១០​ម៉ឺន ប៉ុន្តែ​ប្រជាជន​សុំ​ឲ្យ​មាន​ការ​ដោះលែង ខ្លះ​ឲ្យ ៣​ម៉ឺន ខ្លះ​ឲ្យ ៥​ម៉ឺន»

ហ៊ុយ វណ្ណៈ ៖ តើ​បង់​ហ្នឹង បង់​ទៅ​អាជ្ញាធរ ឬ​បង់​ទៅ​ក្រុមហ៊ុន?

អាន ឆៃយ៉ា ៖ «បង់​ទៅ​ខាង​សន្តិសុខ​ក្រុមហ៊ុន។ ប្រជាជន​បាន​ទៅ​ពឹងពាក់​អាជ្ញាធរ​ភូមិ​ឃុំ​ដែរ ប៉ុន្តែ​អាជ្ញាធរ​ខាង​ភូមិ​ឃុំ ដូច​អត់ទាន់​មាន​ឆ្លើយ​តប​ថា គេ​ជួយ​ធ្វើការ​សម្រប​សម្រួល​ដោះស្រាយ​យ៉ាង​ម៉េច ឲ្យ​ប្រជាពលរដ្ឋ​ផង អត់​មាន»

ហ៊ុយ វណ្ណៈ ៖ យ៉ាងម៉េច​បាន​ក្រុមហ៊ុន​មាន​សិទ្ធិ​ផាក​ទៅ​លើ​ប្រជាជន​អ្នក​បរទេស​ហ្នឹង​ទៅ​វិញ?

អាន ឆៃយ៉ា ៖ «ខ្ញុំ​ក៏​ឆ្ងល់​ដែរ ឆ្ងល់​ថា​តើ​ខាង​ក្រុមហ៊ុន​គេ​មាន​នាទី​អី ក្នុង​ការ​ចាប់​ឲ្យ​ប្រជា​ពលរដ្ឋ​បរ​រទេះ នៅ​តាម​ផ្លូវ​ហ្នឹង ខ្ញុំ​ឆ្ងល់​ប៉ុណ្ណឹង។ ប៉ុន្តែ អានេះ​និយាយ​រួម​វា​ជា​តួនាទី​ខាង​សមត្ថកិច្ច​អាជ្ញាធរ​ទេ​តើ ដែនដី​អស់​ហ្នឹង ប៉ុន្តែ​ដោយសារ​មាន​ការ​សម្បទាន​ដី​សេដ្ឋកិច្ច ឲ្យ​ទៅ លី យ៉ុងផាត់ ដាំ​អំពៅ​ដាំ​អី នៅ​ចំណុច​ហ្នឹង ប៉ុន្តែ​មិន​ដឹង​រាជរដ្ឋាភិបាល​សម្បទាន​ហ្នឹង​ទាំង​ផ្លូវ​ដែរ​ឬ​យ៉ាង​ម៉េច មិន​ដឹង​ដែរ»

ហ៊ុយ វណ្ណៈ ៖ គាត់​បររទេះ​ហ្នឹង ធ្វើ​ឲ្យ​ខូច​ដំណាំ ឬ​ក៏​ខូច​អី​គេ បាន​ជា​គេ​ផាក​អ៊ីចឹង?

អាន ឆៃយ៉ា ៖ «អត់​មាន​ទេ។ ប្រជាពលរដ្ឋ​គាត់​បររទេះ​ទៅ​កាប់​ឫស្សី​ពី​ព្រៃ មិនមែន​ទៅ​កាប់​អំពៅ ឬ​បរ​កិន​អំពៅ​របស់​ឯកឧត្ដម​ឧកញ៉ា លី យ៉ុងផាត់ នោះ​ទេ អ៊ីចឹង​ខ្ញុំ​ឆ្ងល់​ថា ការចាប់​ឬ​ឃាត់​ទារ​ប្រាក់ ពី​ប្រជាពលរដ្ឋ​ហ្នឹង ហ្នឹង​ជា​តួនាទី​ខាង​ណា​ខ្ញុំ​អត់​ដឹង​ដែរ»

ហ៊ុយ វណ្ណៈ ៖ ប៉ុន្តែ​ប្រជាពលរដ្ឋ​គាត់​បរ​កាត់​ដី​គេ ឬ​ក៏​គាត់​ទៅ​កាប់​ឫស្សី ក្នុង​ដី​ឧកញ៉ា លី យ៉ុងផាត់?

អាន ឆៃយ៉ា ៖ «និយាយ​រួម​ទៅ ដី​របស់​ឧកញ៉ា លី យ៉ុងផាត់ គាត់​ដាំ​អំពៅ មិនមែន​ដាំ​ឫស្សី​ទេ។ គាត់​ដាំ​អំពៅ ដូច្នេះ​រឿង​បញ្ហា​ឫស្សី​ស្ថិត​នៅ​ព្រៃ​ផ្សេង ខាង​មុន​ឯណោះ​ទេ ប៉ុន្តែ​តាម​ផ្លូវ​ពី​មុន​មក គឺ​ជា​ផ្លូវ​របស់​ប្រជាពលរដ្ឋ​ប្រើប្រាស់​តាម​តំបន់​ហ្នឹង ដល់​ពេល​ឥឡូវ​ក្រុមហ៊ុន​ដាំ​អំពៅ​ទៅ​ដាំ​នៅ​ក្នុង​ចំណុច​ហ្នឹង ប៉ុន្តែ​ប្រជាជន​ឆ្លង​កាត់​ផ្លូវ​ហ្នឹង​ដែរ ប៉ុន្តែ​ថា​បើ​សិន​ជា​ប្រជាជន​ឆ្លង​កាត់ ត្រូវ​សុំ​ពី​ខាង​សន្តិសុខ​ក្រុមហ៊ុន»

ហ៊ុយ វណ្ណៈ ៖ ឆ្លង​កាត់​ហ្នឹង​មាន​ចម្ការ​អំពៅ​ហើយ​ឬ​នៅ ឬ​ក៏​ដី​ទទេ? អាន ឆៃយ៉ា«ចម្ការ​អំពៅ​មាន​ហើយ ផ្លូវ​វា​មាន​តាំង​ពី​មុន​ចម្ការ​អំពៅ​ទៀត»

ហ៊ុយ វណ្ណៈ ៖ ចុះ​ឥឡូវ​នៅ​សល់ ៣​រទេះ​ទៀត យ៉ាង​ម៉េច​ដែរ?

អាន ឆៃយ៉ា ៖ «មិន​ទាន់​ធ្វើការ​ដោះស្រាយ​ទេ ឥឡូវ​ហ្នឹង កំពុង​ពិភាក្សា​គ្នា តើ​ពឹង​ពាក់​ឲ្យ​អាជ្ញាធរ​ភូមិ​ឃុំ ទៅ​ជួយ​ធ្វើការ​សម្រប​សម្រួល​ដោះស្រាយ ប៉ុន្តែ​ឥឡូវ​មិន​ទាន់​បាន​ដោះស្រាយ។ គាត់​ទើប​ចេញ​ពី​ពួក​ខ្ញុំ​ទៅ​អម្បាញ់​មិញ​ដែរ»។

វិទ្យុ​អាស៊ីសេរី នៅ​មិនទាន់​មាន​ប្រតិកម្ម​ពី​ក្រុម​ឆ្មាំ​សន្តិសុខ​របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ ចំពោះ​រឿង​ចាប់​រទេះ​គោ​ក្របី​អ្នក​ស្រុក​និង​ការបង្ខំ​ទារ​ប្រាក់​នោះ៕