សមត្ថកិច្ច​រៀបចំ​បញ្ជូន​សំណុំ​រឿង​គ្រឿង​ញៀន​ទាក់ទង​អតីត​ឧកញ៉ា​ម្នាក់​ទៅ​តុលាការ

មន្ត្រី​ប្រឆាំង​គ្រឿង​ញៀន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ឆ្នាំ​២០១២ នេះ វត្ថុ​តាង​នៃ​បទល្មើស​គ្រឿងញៀន​ចាប់​បាន​ច្រើន​ជាង​ឆ្នាំ​២០១១ តែ​ថយ​ចុះ​បទល្មើស​តូចតាច។ ចំណែក​ការ​បង្ក្រាប​គ្រឿង​ញៀន​វិញ នៅ​ឆ្នាំ​១០១២ នេះ មាន​ចំនួន​ច្រើន​ជាង​ឆ្នាំ​២០១១។
ដោយ អ៊ុក សាវបូរី
2012-11-28
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
គ្រឿង​ញៀន ៣០៥
៤-វិច្ឆិកា-២០១១៖ មន្ត្រី​កង​រាជ​អាវុធហត្ថ​ក្រុង​ភ្នំពេញ កំពុង​ពិនិត្យ​វត្ថុ​តាង ជា​គ្រឿង​ញៀន ក្រោយ​ចាប់​ខ្លួន​ជន​ជាតិ​ចិន ៩​នាក់។
RFA

ជាក់​ស្ដែង នៅ​រសៀល​ថ្ងៃ​អង្គារ ទី​២៧ ខែ​វិច្ឆិកា សមត្ថកិច្ច​ចម្រុះ​រាជធានី​ភ្នំពេញ និង​មន្ត្រី​តុលាការ​ដេញ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ទៅ​ដល់​ក្នុង​ភូមិ​គ្រឹះ​មួយ​កន្លែង ស្ថិត​តាម​ផ្លូវ​ភ្នំពេញ ហាណូយ ក្នុង​សង្កាត់​ភ្នំពេញថ្មី ខណ្ឌ​សែនសុខ មាន​ពាក់ព័ន្ធ​ដល់​លោក​ឧកញ៉ា តាន់ សេងហាក់ ដែល​ប៉ូលិស​អះអាង​ថា ធ្លាប់​ជាប់​គុក ៣​ឆ្នាំ ក្នុង​សំណុំ​រឿង​ដីធ្លី ហើយ​ទើប​តែ​ដោះលែង​ពី​គុក​ប្រមាណ ៣ ទៅ ៤​ខែ​កន្លង​ទៅ​នេះ។

ប៉ូលិស​ប្រឆាំង​គ្រឿង​ញៀន កំពុង​រៀបចំ​សំណុំ​រឿង​ជួញដូរ និង​ប្រើប្រាស់​គ្រឿង​ញៀន​នៅ​ផ្ទះ​ឧកញ៉ា តាន់ សេងហាក់ បញ្ជូន​ទៅ​តុលាការ។

ប្រធាន​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​នៃ​ក្រសួង​មហាផ្ទៃ លោក ខៀវ សាម៉ន ថ្លែង​នៅ​ថ្ងៃ​ពុធ ទី​២៨ ខែ​វិច្ឆិកា ថា ជនសង្ស័យ ១១​នាក់ ក្នុង​នោះ​មាន​អតីត​ឧកញ៉ា តាន់ សេងហាក់ ផង និង​វត្ថុ​តាង​មួយ​ចំនួន​ ដែល​រឹប​អូស​បាន​កាល​ពី​រសៀល​ថ្ងៃ​២៧ ខែ​វិច្ឆិកា នៅ​ផ្ទះ​ឧកញ៉ា តាន់ សេងហាក់ នោះ កំពុង​ត្រូវ​រៀបចំ​ដើម្បី​បញ្ជូន​ទៅ​តុលាការ។

លោក ខៀវ សាម៉ន បន្ត​ថា ឈ្មោះ តាន់ សេងហាក់ ធ្លាប់​ជាប់​ពន្ធនាគារ ដែល​តុលាការ​ទើប​តែ​ដោះលែង​ប្រមាណ ៣ ទៅ ៤​ខែ​នេះ ហើយ​ក៏​មាន​រឿង​ទាក់ទង​នឹង​បញ្ហា​គ្រឿង​ញៀន​បន្ត​ទៀត៖ «នៅ​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​ជំនាញ​គេ​កំពុង​ធ្វើ​អញ្ជើញ​គាត់​មក​ទាំង​អស់​មាន ១១​នាក់។ ដល់​រៀប​ចំ​សំណុំ​រឿង​ចប់​សព្វគ្រប់ ចាត់​ចែង​ហើយ គឺ​ថា បញ្ជូន​ហើយ ប្រហែល​ជា​ស្អែក​អី​ហ្នឹង»

ប្រភព​ពី​មន្ត្រី​នគរបាល​ប្រឆាំង​គ្រឿង​ញៀន​ក្រសួង​មហាផ្ទៃ ឱ្យ​ដឹង​ថា បទល្មើស​គ្រឿង​ញៀន​បង្ក្រាប​នៅ​ភូមិ​គ្រឹះ​អតីត​ឧកញ៉ា តាន់ សេងហាក់ កាល​ពី​រសៀល​ម៉ោង​ជាង ១ ថ្ងៃ​២៧ ខែ​វិច្ឆិកា គឺ​សមត្ថកិច្ច​ប្រមូល​បាន​វត្ថុ​តាង ដូចជា​គ្រឿង​ញៀន​មួយ​ចំនួន ម៉ូតូ ៩​គ្រឿង រថយន្ត​ធុន​តូច​មួយ​គ្រឿង កាំភ្លើង និង​គ្រាប់​មួយ​ចំនួន ព្រម​ទាំង​មនុស្ស ១៦​នាក់ ក្នុង​នោះ​មាន​អតីត​ឧកញ៉ា តាន់ សេងហាក់ ភរិយា កូន​ប្រុស ២​នាក់ កូន​ស្រី​ម្នាក់ ជន​ជាតិ​ចិន ៣​នាក់ កម្មករ រួម​ទាំង​អ្នក​បម្រើ​ក្នុង​ផ្ទះ។

ក្រោយ​ពី​សាកសួរ​នៅ​រសៀល​ថ្ងៃ​២៧ ខែ​វិច្ឆិកា សមត្ថកិច្ច និង​តុលាការ បាន​ដោះលែង​មនុស្ស​មួយ​ចំនួន​នៅ​ក្រៅ​ឃុំ។ ភូមិ​គ្រឹះ​អតីត​ឧកញ៉ា តាន់ សេងហាក់ នេះ កាល​ពី​ប៉ុន្មាន​ខែ​មុន​មាន​ជនជាតិ​ចិន មួយ​ក្រុម បាន​ជួល​ភូមិ​គ្រឹះ​នេះ​ស្នាក់​នៅ ដើម្បី​ចាប់​ជន​ជាតិ​ចិន គ្នា​គេ​នោះ​ជំរិត​ទារ​ប្រាក់​ឆ្លង​ដែន​តាម​អ៊ីនធឺណិត។

អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ​ ថ្លែង​ថា អាជ្ញាធរ​ប្រឆាំង​គ្រឿង​ញៀន ខិតខំ​បង្ក្រាប​គ្រឿង​ញៀន​សកម្ម​យ៉ាង​ណា ក៏​នៅ​តែ​មិន​អាច​បំបាត់​បាន​ស្ងប់ ព្រោះ​អំពើ​ពុករលួយ​នៅ​មាន​ឥទ្ធិពល។ ទន្ទឹម​នោះ​មាន​ជន​ប្រើ​ឋានៈ យក​អំណាច​របស់​ខ្លួន​ចេញ​មុខ​អន្តរាគមន៍ និង​អ្នក​មាន​លុយ បញ្ជា​តុលាការ​មិន​ឲ្យ​ធ្វើ​ការ​ដោយ​ឯករាជ្យ បាន​បង្កើត​ជា​និទណ្ឌភាព​គ្រឿង​ញៀន​បន្តបន្ទាប់។

លោក យឹម សុវណ្ណ៖ «សមត្ថកិច្ច​កម្ចាត់​គ្រឿង​ញៀន​ហ្នឹង​ក៏​មាន​ពាក់ព័ន្ធ​នៅ​ក្នុង​រឿង​ហ្នឹង​ដែរ ហើយ​រឿង​ហ្នឹង​កើត​ចេញ​ពី​អំពើ​ពុករលួយ និង​វប្បធម៌​គ្មាន​ទោសពៃរ៍។ អ៊ីចឹង​ហើយ​ដើម្បី​កាត់​បន្ថយ​ការ​ជួញដូរ​គ្រឿង​ញៀន​ដោយ​ខុស​ច្បាប់ ដែល​មាន​ផល​វិបាក​ដ៏​ធ្ងន់ធ្ងរ​នៅ​ក្នុង​សង្គម​ហ្នឹង សំខាន់​បំផុត​យើង​ត្រូវ​តែ​មាន​ប្រព័ន្ធ​តុលាការ​ឯករាជ្យ និង​បំពេញ​តួនាទី​របស់​ខ្លួន ដោយ​មិន​ទទួល​ឥទ្ធិពល​នយោបាយ​ពី​អ្នក​មាន​អំណាច​ណា​មួយ​នៅ​ក្នុង​ការ​កាត់​សេចក្ដី​អ្នក​ដែល​ជាប់​ទោស​ទាំង​អស់​នោះ ហើយ​និង​លុប​បំបាត់​វប្បធម៌​គ្មាន​ទោសពៃរ៍ លុបបំបាត់​អំពើ​ពុករលួយ​ពិត​ប្រាកដ​ ដើម្បី​យើង​ចាប់​ជនឧក្រិដ្ឋ ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ​គ្រឿង​ញៀន​នេះ​មក​កាត់​ទោស»

ប្រធាន​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន លោក ខៀវ សាម៉ន ថ្លែង​ថា ជនសង្ស័យ​ទាំង ១១​នាក់ កំពុង​ឃុំ​ខ្លួន​នៅ​ក្នុង​អង្គភាព​ប្រឆាំង​គ្រឿង​ញៀន​នៅ​ឡើយ​មក​ទល់​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា។ លោក​បន្ថែម​ថា សកម្មភាព​បង្ក្រាប​បទល្មើស​គ្រឿង​ញៀន​នៅ​ឆ្នាំ​២០១២ គឺ​បង្ក្រាប​ចំ​កន្លែង​ជួញដូរ​ធំៗ ដោយ​ចាប់​បាន​វត្ថុ​តាង​ច្រើន​ជាង​ឆ្នាំ​មុន ប៉ុន្តែ​សកម្មភាព​បង្ក្រាប​បទល្មើស​តូចតាច មាន​តិច​ជាង​ឆ្នាំ​២០១១។

ប្រភព​ព័ត៌មាន​ក្នុង​ស្រុក​បាន​ផ្សព្វផ្សាយ​ថា កាល​ពី​យប់​ថ្ងៃ​២៥ ខែ​វិច្ឆិកា សមត្ថកិច្ច​បង្ក្រាប​ទីតាំង​ផ្ទះ​សំណាក់ ហ្គោល ហៅស៍ ២ (Gold House II) នៅ​ទល់​មុខ​មន្ទីរពេទ្យ​រុស្ស៊ី តាម​ផ្លូវ​២៧១ ត្រូវ​សមត្ថកិច្ច​ចាប់​បាន​ជន​សង្ស័យ​ចែកចាយ និង​ប្រើប្រាស់​គ្រឿង​ញៀន​ចំនួន ២៦​នាក់ បញ្ជូន​ទៅ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​២៧ ខែ​វិច្ឆិកា ដើម្បី​សាកសួរ និង​ដាក់​ទោស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Eagle Master

ពី Pa(USA)

In Africa two stars cost aroud $60.000.00
we're not so sure how much Mr:Tea Bahn and Mr:Sok An chargeds.
Mr:Hun Sen will be lost his powers if there is no independences in judiciary sytem,and corruptions.

Nov 29, 2012 03:06 AM