ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង បានផ្ញើលិខិតតបទៅលោក ម៉ាទី ណាតាឡេហ្គាវ៉ា (Marty Natalegawa) ដែលជារដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូណេស៊ី ជាប្រធានសមាគមអាស៊ាន និងជាអ្នកសម្របសម្រួលក្នុងជម្លោះព្រំដែនខ្មែរ-ថៃនោះថា លោកបានយល់ព្រមតាមសំណើលើលក្ខខណ្ឌថ្មីសម្រាប់ក្រុមអ្នកសង្កេតការណ៍ព្រំដែននោះហើយ។
កាលពីយប់ថ្ងៃទី១៣ មេសា លោក កុយ គួង អ្នកនាំពាក្យរបស់ក្រសួងការបរទេសកម្ពុជា បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីថា លោក ម៉ាទី ណាតាឡេហ្គាវ៉ា បានផ្ញើលិខិតពីរច្បាប់ មួយច្បាប់ជូនទៅភាគីថៃ និងមួយច្បាប់ទៀតជូនទៅភាគីកម្ពុជា។ ចំពោះលិខិតទៅកាន់ភាគីថៃ លោកមិនបានដឹងពីសេចក្ដីស្នើនោះមានខ្លឹមសារយ៉ាងណាទេ ប៉ុន្តែចំពោះភាគីកម្ពុជា លោក ម៉ាទី បានសុំដាក់អ្នកសង្កេតការណ៍ឥណ្ឌូណេស៊ី លើទីតាំងបីចំណុចដែលស្ថិតនៅក្នុងទឹកដីកម្ពុជា។
លោក កុយ គួង បន្ថែមថា ៖ «សូមជម្រាបថា ថ្ងៃនេះក្រសួងការបរទេសកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍មួយ ហើយបានបញ្ជាក់ថា នៅថ្ងៃ១២ មេសា ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជា បានទទួលលិខិតពីឯកឧត្ដម ម៉ាទី ដែលជារដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី ស្ដីពីលក្ខខណ្ឌប្រតិបត្តិថ្មីសម្រាប់អ្នកអង្កេតការណ៍ឥណ្ឌូណេស៊ី នៅតាមព្រំដែនកម្ពុជា-ថៃ។ ក្នុងលិខិតនោះឯកឧត្ដម ម៉ាទី បានស្នើឲ្យមានចំណុចឈរជើងសម្រាប់អ្នកសង្កេតការណ៍ឥណ្ឌូណេស៊ី ចំនួន ៣ទីតាំងនៅខាងកម្ពុជា គឺទី១ ៥មករា ទី២ តាសឹម និងទី៣ ចាក់ច្រែង»។
លោក កុយ គួង ក៏បានបន្ថែមថា ភាគីកម្ពុជា ក៏បានផ្ញើលិខិតតបភ្លាមៗទៅលោក ម៉ាទី ណាតាឡេហ្គាវ៉ា បញ្ជាក់ការយល់ស្រប និងការគាំទ្រតាមការស្នើសុំរបស់លោក ហើយប្រធានសមាគមអាស៊ានរូបនេះ ក៏បានសម្ដែងសេចក្ដីរីករាយណាស់ដែរ ដែលកម្ពុជាយល់ព្រមតាមការស្នើសុំ។
លោកមានប្រសាសន៍បន្តថា ៖ «...នេះជាឆន្ទៈថ្មីមួយទៀតរបស់កម្ពុជាមួយដែរ ដោយឈរលើស្មារតីគោរពការឈប់បាញ់អចិន្ត្រៃយ៍ដែលអាននាំទៅរកការដោះស្រាយដោយសន្តិវិធី ហើយនៅថ្ងៃទី១៣ មេសា នេះ លោក ម៉ាទី ក៏បានផ្ញើលិខិតជូនលោក ហោ ណាំហុង និងលោករដ្ឋមន្ត្រីការបរទេសថៃ ដោយក្នុងលិខិតនេះបានបញ្ជាក់ថា លោកបានទទួលលិខិតពីលោក ហោ ណាំហុង ដោយការពេញចិត្តហើយ»។
លោក កុយ គួង ក៏បានបញ្ជាក់ដែរថា ក្រុមអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ី កំពុងតែរង់ចាំចម្លើយពីភាគីថៃប៉ុណ្ណោះ៕
