អាជ្ញាធរ​ខេត្ត​ឧត្ដរមានជ័យ​រារាំង​រថយន្ត​ដឹក​ព្រះពុទ្ធ​បដិមា​របស់​ម៉មសូណង់ដូ

សមត្ថកិច្ច​និង​អាជ្ញាធរ​ស្រុក​បន្ទាយ​អម្ពិល ខេត្ត​ឧត្តរមានជ័យ បាន​រារាំង​រថយន្ត​ដឹក​ព្រះ​ពុទ្ធ​បដិមា​ដែល​កសាង​អំពី​ថ្ម​ជាង​១០​ព្រះអង្គ នៃ​ក្រុម​សហការី​របស់​​សាមណេរ ម៉ម សូណង់ដូ នាយក​វិទ្យុ​សំបុក​ឃ្មុំ FM105 MHZ មិន​ឲ្យ​បាន​​យក​ទៅ​ដាក់​ក្នុង​ទី​វត្ត​ព្រំសីមារង្សី នៅ​លើ​ខ្នង​ភ្នំ​ដងរែក នៃ​ភូមិ​ជប់គគីរ​ខាងកើត ឃុំ​អម្ពិល ជាប់​ព្រំដែន​ខ្មែរ-​ថៃ​នោះ​ទេ។

0:00 / 0:00

សាមណេរ ម៉ម សូណង់ដូ ដែល​កំពុង​ធ្វើ​ធម្ម​យាត្រា​ដោយ​ថ្មើ​ជើង​ចេញ​ពី​ទីក្រុង​ភ្នំពេញ ជាមួយ​ព្រះសង្ឃ​ជាង​១០​អង្គ ដូន​ជី និង​សហការី​របស់​លោក ឆ្ពោះ​ទៅ​កាន់​តំបន់​ព្រំដែន​ខ្មែរ-​ថៃ ដើម្បី​បួង​សួង​សុំ​ឲ្យ​មាន​សុខ​សន្តិភាព ដោយ​ចំណាយ​ពេល​អស់​ប្រមាណ​ជាង​១០​ថ្ងៃ​មក​ហើយ បាន​មាន​ថេរដីកា​កាល​ពី​ថ្ងៃ​ទី​១៩ វិច្ឆិកា ថា ៖ «អាជ្ញាធរ​បាន​ទប់ស្កាត់​​រហូត​មក​ដល់​ថ្ងៃ​នេះ​អត់​ទាន់​បាន​ចេញ​ទៅ​រួច​ទេ។ អាត្មា​សូម​រំឭក​ថា អាត្មា​បាន​សុំ​ការ​អនុញ្ញាត​សាងសង់​ព្រះវិហារ​នៅ​ព្រំសីមារង្សី​រួច​ហើយ តាំង​ពី​មេ​ភូមិ មេ​ឃុំ មេ​ស្រុក ធម្មការ​រហូត​ទៅ​ដល់​អភិបាល​ខេត្ត ហើយ​អាត្មា​មាន​ចម្ងល់​ថា បើ​សិន​អនុញ្ញាត​ឲ្យ​សង់​ព្រះវិហារ​ហើយ មូលហេតុ​អ្វី​ក៏​គេ​មាន​ការ​តឹង​តែង​អំពី​ដង្ហែ​រូប​បដិមាករ​ទៅ​វត្ត​ជប់គគីរ?»

ព្រះសាមណេរ ម៉ម សូណង់ដូ បាន​មាន​ពុទ្ធ​ដីកា​ទៀត​ថា ព្រះអង្គ​មិន​ជំទាស់​ទេ​​ប្រសិន​បើ​អាជ្ញាធរ​ចង់​ពិនិត្យ​មើល ហើយ​តម្រូវ​ឲ្យ​ព្រះអង្គ​សុំ​អនុញ្ញាត​ច្បាប់​ទៀត​នោះ ប៉ុន្តែ​អាជ្ញាធរ​មូលដ្ឋា​ន​នោះ​បាន​អូស​បន្លាយ​ពេល​យូរ​ឆ្ងាយ​ពេក ដូចជា​មិន​សម​ស្រប​ទៅ​នឹង​រដ្ឋ​ធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា ដែល​ព្រះ​ពុទ្ធ​សាសនា​​គឺជា​សាសនា​របស់​រដ្ឋ។

អភិបាល​ស្រុក​បន្ទាយអម្ពិល លោក ចាប ផាត បាន​ធ្វើ​ការ​ពន្យល់​បញ្ហា​នេះ​មិន​បាន​ច្បាស់​លាស់ ដោយ​លោក​មាន​ប្រសាសន៍​ថា ដោយសារ​តែ​សភាពការណ៍​ព្រំដែន​ទី​នោះ​កំពុង​ច្របូក​ច្របល់​នៅ​ឡើយ ត្រូវ​រង់ចាំ​ឲ្យ​បាន​ប្រសើរ​សិន និង​ម្តង​លោក​មាន​ប្រសាសន៍​ថា ត្រូវ​រង់ចាំ​ឲ្យ​មាន​ការ​សុំ​ច្បាប់​ត្រឹម​ត្រូវ និង​មាន​ការ​អនុញ្ញាត​ពី​អភិបាល​ខេត្ត​ឧត្តរមានជ័យ​ជា​មុន​សិន។

លោក ចាប ផាត មាន​ប្រសាសន៍​ដូច្នេះ ៖ «មូល​ហេតុ​សភាព​ការណ៍​ព្រំដែន​វា​កំពុង​តែ​ច្របូក​ច្របល់ ឲ្យ​នៅ​សិន មិន​ទាន់​ឲ្យ​ទៅ​ទេ ចាំ​ឲ្យ​ថា ស្ងប់ស្ងាត់​ស្រួល​បន្តិច​ចាំឲ្យ​ទៅ។ ចាំ​ឲ្យ​លោក​រត់​ការ​លិខិត ឲ្យ​ឯកឧត្តម​អភិបាល​ខេត្ត​គាត់​សម្រេច​យ៉ាង​ម៉េច»

អ្នក​ស៊ើប​អង្កេត​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​ឧត្តរមានជ័យ លោក ស្រី ណារ៉េន បាន​មាន​ប្រសាសន៍​ថា លោក​បាន​ទទួល​ព័ត៌មាន ហើយ​បាន​ជួប​ជាមួយ​ប្រជាពលរដ្ឋ​នៅ​តំបន់​ផ្សារ​បន្ទាយអម្ពិល បាន​ប្រាប់​ថា ព្រះ​ពុទ្ធ​បដិមា​បាន​ដង្ហែ​ទៅ​ដល់​ទី​នោះ ហើយ​ត្រូវ​​បាន​សមត្ថកិច្ច​មាន​ប៉ូលិស បាន​ទៅ​រារាំង​មិន​ឲ្យ​ហែ​យក​ទៅ​ដាក់​វត្ត​ជប់គគីរ​ខាងកើត​នោះ​ទេ។ លោក​ថា អាជ្ញាធរ​និយាយ​ថា ការ​ដង្ហែ​នោះ​ពុំ​មាន​ច្បាប់។

ភ្នាក់ងារ​សិទ្ធិ​មនុស្ស​ដដែល​បាន​មាន​ប្រសាសន៍​ថា គ្រាន់​តែ​ដង្ហែ​បដិមា​យក​ទៅ​ដាក់​វត្ត​នៅ​ជាយ​ដែន​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​គោរព​បូជា​នោះ ហាក់​មិន​ចាំ​បាច់​មាន​ច្បាប់​តឹង​រ៉ឹង​ពេក​ទេ ពីព្រោះ​កន្លង​មក​លោក​បាន​ឃើញ​មនុស្ស​ខ្លះ​គេ​តែង​ជាវ​ព្រះពុទ្ធ​បដិមា​យក​ទៅ​ដាក់​វត្ត​ដែរ ប៉ុន្តែ​មិន​ចាំ​បាច់​មាន​សុំ​ច្បាប់​ផង ហើយ​គេ​នឹង​បន្ត​ឃ្លាំ​មើល​បញ្ហា​នេះ៕