សាមណេរ ម៉ម សូណង់ដូ ដែលកំពុងធ្វើធម្មយាត្រាដោយថ្មើជើងចេញពីទីក្រុងភ្នំពេញ ជាមួយព្រះសង្ឃជាង១០អង្គ ដូនជី និងសហការីរបស់លោក ឆ្ពោះទៅកាន់តំបន់ព្រំដែនខ្មែរ-ថៃ ដើម្បីបួងសួងសុំឲ្យមានសុខសន្តិភាព ដោយចំណាយពេលអស់ប្រមាណជាង១០ថ្ងៃមកហើយ បានមានថេរដីកាកាលពីថ្ងៃទី១៩ វិច្ឆិកា ថា ៖ «អាជ្ញាធរបានទប់ស្កាត់រហូតមកដល់ថ្ងៃនេះអត់ទាន់បានចេញទៅរួចទេ។ អាត្មាសូមរំឭកថា អាត្មាបានសុំការអនុញ្ញាតសាងសង់ព្រះវិហារនៅព្រំសីមារង្សីរួចហើយ តាំងពីមេភូមិ មេឃុំ មេស្រុក ធម្មការរហូតទៅដល់អភិបាលខេត្ត ហើយអាត្មាមានចម្ងល់ថា បើសិនអនុញ្ញាតឲ្យសង់ព្រះវិហារហើយ មូលហេតុអ្វីក៏គេមានការតឹងតែងអំពីដង្ហែរូបបដិមាករទៅវត្តជប់គគីរ?»។
ព្រះសាមណេរ ម៉ម សូណង់ដូ បានមានពុទ្ធដីកាទៀតថា ព្រះអង្គមិនជំទាស់ទេប្រសិនបើអាជ្ញាធរចង់ពិនិត្យមើល ហើយតម្រូវឲ្យព្រះអង្គសុំអនុញ្ញាតច្បាប់ទៀតនោះ ប៉ុន្តែអាជ្ញាធរមូលដ្ឋាននោះបានអូសបន្លាយពេលយូរឆ្ងាយពេក ដូចជាមិនសមស្របទៅនឹងរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា ដែលព្រះពុទ្ធសាសនាគឺជាសាសនារបស់រដ្ឋ។
អភិបាលស្រុកបន្ទាយអម្ពិល លោក ចាប ផាត បានធ្វើការពន្យល់បញ្ហានេះមិនបានច្បាស់លាស់ ដោយលោកមានប្រសាសន៍ថា ដោយសារតែសភាពការណ៍ព្រំដែនទីនោះកំពុងច្របូកច្របល់នៅឡើយ ត្រូវរង់ចាំឲ្យបានប្រសើរសិន និងម្តងលោកមានប្រសាសន៍ថា ត្រូវរង់ចាំឲ្យមានការសុំច្បាប់ត្រឹមត្រូវ និងមានការអនុញ្ញាតពីអភិបាលខេត្តឧត្តរមានជ័យជាមុនសិន។
លោក ចាប ផាត មានប្រសាសន៍ដូច្នេះ ៖ «មូលហេតុសភាពការណ៍ព្រំដែនវាកំពុងតែច្របូកច្របល់ ឲ្យនៅសិន មិនទាន់ឲ្យទៅទេ ចាំឲ្យថា ស្ងប់ស្ងាត់ស្រួលបន្តិចចាំឲ្យទៅ។ ចាំឲ្យលោករត់ការលិខិត ឲ្យឯកឧត្តមអភិបាលខេត្តគាត់សម្រេចយ៉ាងម៉េច»។
អ្នកស៊ើបអង្កេតសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តឧត្តរមានជ័យ លោក ស្រី ណារ៉េន បានមានប្រសាសន៍ថា លោកបានទទួលព័ត៌មាន ហើយបានជួបជាមួយប្រជាពលរដ្ឋនៅតំបន់ផ្សារបន្ទាយអម្ពិល បានប្រាប់ថា ព្រះពុទ្ធបដិមាបានដង្ហែទៅដល់ទីនោះ ហើយត្រូវបានសមត្ថកិច្ចមានប៉ូលិស បានទៅរារាំងមិនឲ្យហែយកទៅដាក់វត្តជប់គគីរខាងកើតនោះទេ។ លោកថា អាជ្ញាធរនិយាយថា ការដង្ហែនោះពុំមានច្បាប់។
ភ្នាក់ងារសិទ្ធិមនុស្សដដែលបានមានប្រសាសន៍ថា គ្រាន់តែដង្ហែបដិមាយកទៅដាក់វត្តនៅជាយដែនឲ្យប្រជាពលរដ្ឋខ្មែរគោរពបូជានោះ ហាក់មិនចាំបាច់មានច្បាប់តឹងរ៉ឹងពេកទេ ពីព្រោះកន្លងមកលោកបានឃើញមនុស្សខ្លះគេតែងជាវព្រះពុទ្ធបដិមាយកទៅដាក់វត្តដែរ ប៉ុន្តែមិនចាំបាច់មានសុំច្បាប់ផង ហើយគេនឹងបន្តឃ្លាំមើលបញ្ហានេះ៕
