ពលរដ្ឋ​នៅ​ខេត្ត​ឧត្តរមានជ័យ​បារម្ភ​ខ្លាច​​អាជ្ញាធរ​បង្ខំ​ឱ្យ​រុះរើ​លំនៅឋាន

ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​រស់​នៅ​ជិត​តំបន់​ព្រំដែន​ខ្មែរ-​ថៃ នៃ​ខេត្ត​ឧត្តរមានជ័យ សំដែង​ការ​ព្រួយ​បារម្ភ​ខ្លាច​ក្រែង​អាជ្ញាធរ​បង្ខំ​ឱ្យ​ពួក​គេ​រុះរើ​លំនៅឋាន​ចាក​ចេញ​ពី​ភូមិចាស់ ដែល​ធ្លាប់​រស់​នៅ​​​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

ការ​ព្រួយ​បារម្ភ​នេះ កើត​ឡើង​បន្ទាប់​ពី​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​មួយ​ចំនួន​បាន​ចុះ​ទៅ​វាស់វែង​ដីធ្លី​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​នៅ​តំបន់​ពួកគេ​ ហើយ​ផ្ទៃដី​ផ្នែក​ខ្លះ​នៃ​ភូមិ​របស់​ពួកគេ​មិន​ត្រូវ​បាន​គេ​វាស់​វែង​ឱ្យ​ឡើយ។

អ្នក​ភូមិ​គោកច័ន្ទគីរី នៃ​សង្កាត់​កូនក្រៀល ក្រុង​សំរោង​ ប្រមាណ​ជាង ៦០​គ្រួសារ បាន​ឱ្យ​ដឹង​ថា ពួកគេ​មិន​ចង់​ចាក​ចេញ​ពី​ភូមិ​ដែល​រស់នៅ​ជាច្រើន​ឆ្នាំ​មក​ហើយ​ទេ ពីព្រោះ​តែ​​ពួកគេ​មាន​ដាំ​​​ដំណាំ​ ជា​ច្រើន​បាន​ផល​អាច​ជួយ​ជីវភាព​ប្រចាំ​ថ្ងៃ​បាន​ទៅ​ហើយ។

ការ​ថ្លែង​បែប​នេះ បន្ទាប់​ពី​ក្រុម​យុវជន​ស្ម័គ្រចិត្ត​វាស់វែង​ដីធ្លី​ បាន​ទៅ​ដល់​ភូមិ​របស់​គេ​ធ្វើការ​វាស់វែង​ផ្នែក​ខ្លះ​នៃ​ផ្ទៃដី​នៅ​ក្នុង​ភូមិ ចំណែក​ឯ​មួយ​ផ្នែក​ទៀត​ដែល​មាន​ប្រជាពលរដ្ឋ​រស់​នៅ​ជាង ៦០​គ្រួសារ​ គឺ​មិន​បាន​វាស់វែង​ដើម្បី​ធ្វើ​កម្មសិទ្ធិ​នៅ​ឡើយ។

បុរស​ម្នាក់​ក្នុង​ចំណោម​អ្នក​ភូមិ​គោកច័ន្ទគីរី ជា​ច្រើន​ទៀត ដែល​ទាមទារ​ឱ្យ​មាន​ការ​វាស់វែង​ដីធ្លី និង​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​សម្រាប់​ពួកគាត់។ គាត់​បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១៣ ខែ​សីហា ថា នៅ​ក្នុង​ភូមិ​របស់​គាត់​ទាំង​មូល គឺ​គេ​វាស់វែង​ដី​ឱ្យ​តែ​ប្រជាពលរដ្ឋ​ដែល​តាំង​ទី​លំនៅ​ប៉ែក​ខាង​ត្បូង​ផ្លូវ​ប៉ុណ្ណោះ ចំណែក​ឯ​អ្នក​រស់​នៅ​ប៉ែក​ខាង​ជើង​ផ្លូវ​ជាង ៦០​គ្រួសារ​ទៀត គឺ​មិន​មាន​ការ​វាស់វែង​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ដី​ធ្លី​ឱ្យ​ទេ។

បុរស​ដដែល​បាន​អះអាង​ថា កាល​ពី​ពេល​ថ្មីៗ អាជ្ញាធរ​ក្រុង​សំរោង បាន​ចេញ​លិខិត​ជូន​ដំណឹង​មួយ​ ឱ្យ​ប្រជាពលរដ្ឋ​ប៉ែក​ខាង​ជើង​ផ្លូវ​នៃ​ភូមិ​គោកច័ន្ទគីរី រុះ​រើ​លំនៅឋាន​ទៅ​រស់​នៅ​កន្លែង​ថ្មី​មួយ​ទៀត ហើយ​អ្នក​ភូមិ​មិន​ចង់​ចាក​ចេញ​ពី​កន្លែង​ដែល​គេ​ធ្លាប់​រស់​នៅ​ទេ៖ «គេ​អត់​វាស់​ឱ្យ​ខាង​ជើង​ផ្លូវ ឭ​ពាក្យ​ចចាមអារ៉ាម​ខ្លះ​ថា ទុក​ជម្រក​កងទ័ព ហើយ​កង​ទ័ព​ថា អត់​មាន​ទេ គេ​អត់​ដឹង​ទេ។ ឯកឧត្ដម គន់ គីម ដែល​គាត់​មក​សម្ពោធ​សាលារៀន​នៅ​គោកច័ន្ទគីរី​ហ្នឹង​និយាយ​ថា ហាម​កាប់ព្រៃ​បន្ត​ទៀត ហើយ​បើ​បង​ប្អូន​ដែល​រស់​នៅ​កន្លែង​ណា​ឱ្យ​វាស់​ឱ្យ​គាត់​កន្លែង​ហ្នឹង​ទៅ។ ដល់​ពេល​ឥឡូវ​បែរ​ជា​ចេញ​ពី​សាលា​ក្រុង​ថា ឱ្យ​ពួក​ខ្ញុំ​រុះរើ។ យក​ទៅ​ដាក់​នៅ​ព្រៃ​ស្រោង ហើយ​ធ្វើ​យ៉ាង​ម៉េច​ទៅ ឈូស​ឆាយ​ឱ្យ​ក៏​មិន​ឈូស ហើយ​នៅ​ឯ​ណោះ វា​គ្មាន​ទឹក គ្មាន​អី​ប្រើប្រាស់​ទៀត»

លោក នួន សំណាង ជា​តំណាង​ភូមិ​គោកច័ន្ទគីរី នោះ បាន​មាន​ប្រសាសន៍​ថា កន្លែង​ដែល​អ្នក​ភូមិ​ប្រមាណ ៦៨​គ្រួសារ កំពុង​រស់នៅ ​គឺ​វា​ប៉ះពាល់​នឹង​ផ្លូវ​យុទ្ធសាស្ត្រ​របស់​កងទ័ព​សម្រាប់​ការពារ​ព្រំដែន ហើយ​អាជ្ញាធរ​សង្កាត់​កូនក្រៀល និង​ក្រុង​សំរោង បាន​តម្រូវ​ឱ្យ​ប្រជាពលរដ្ឋ​ទាំង​នោះ​រុះ​រើ​លំនៅ​ទៅ​រស់​នៅ​កន្លែង​ថ្មី​មួយ​ទៀត។

តំណាង​ភូមិ​ដដែល​បាន​បញ្ជាក់​ថា លោក​បាន​ដើរ​រក​ដី​ថ្មី​ដែល​នៅ​ជាប់​គ្នា និង​ភូមិ​ដដែល​នោះ ដោយ​ប្រាប់​ឱ្យ​អ្នក​ភូមិ​រុះរើ​ទៅ​រស់​នៅ​លើ​ដី​ថ្មី​នោះ ព្រម​ទាំង​ធ្វើ​កម្ម​សិទ្ធិ​ឱ្យ​ផង ក៏ប៉ុន្តែ​ប្រសិន​បើ​ប្រជាពលរដ្ឋ​ មិន​ចង់​ទៅ​រស់នៅ​គឺ​មិន​មាន​ការ​បង្ខំ​ទេ។

អ្នកស្រី ណាក កមល ជា​អភិបាល​រង​ក្រុង​សំរោង បាន​បញ្ជាក់​ថា បើ​តាម​អ្នក​ស្រី​ដឹង គឺ​ក្រុម​យុវជន​ស្ម័គ្រចិត្ត​បាន​ចុះ​ទៅ​វាស់វែង​ដីធ្លី​នៅ​ភូមិ​គោកច័ន្ទគីរី នោះ រួច​រាល់​អស់​ហើយ ក៏​ប៉ុន្តែ​អ្នក​ស្រី​មិន​ទាន់​ដឹង​ច្បាស់​ទេ​ថា តើ​ចំណុច​ណា​មួយ​នៃ​ភូមិ​នោះ​ដែល​មិន​ទាន់​បាន​វាស់វែង៖ «ខ្ញុំ​បាន​ស្ដាប់​ឭ​បង​អ៊ីចឹង បង​ក៏​ដឹង​តាម​ប្រជាពលរដ្ឋ​មក​ដែរ។ ខ្ញុំ​អត់​ទាន់​និយាយ​ថា​យ៉ាង​ម៉េច​បាន​ដែរ ដោយសារ​តែ​មិន​ថា​នៅ​ចំណុច​ត្រង់​ណា​នៃ​ភូមិ​នោះ»

អាជ្ញាធរ​ក្រុង​សំរោង បាន​ពន្យល់​ថា ភូមិ​គោកច័ន្ទគីរី ទាំង​មូល គឺ​ជា​ភូមិ​ឧបសម្ពន្ធ​ថ្មី​ដែល​មិន​ទាន់​ មាន​ការ​ទទួល​ស្គាល់​ពី​ក្រសួង​មហាផ្ទៃ​នៅ​ឡើយ។ ដី​ភូមិ​នោះ​មួយ​ផ្នែក​គឺ​មាន​ដីកា​របស់​រដ្ឋាភិបាល​ កាត់​ឆ្វៀល​ចំនួន​ជាង ២.១០០​ហិកតារ​ សម្រាប់​​បម្រុង​ទុក​​​​ធ្វើ​​ទីតាំង​កងទ័ព​ដែល​ការពារ​ព្រំ​ដែន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។