នៅក្នុងសេចក្តីប្រកាសព័ត៌មានដែលផ្សព្វផ្សាយនៅថ្ងៃពុធនេះ លោក ឡេអង់ដ្រូ ដេសពុយ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ បានថ្លែងថា ៖ "ដើម្បីអាចការពារកូនក្តីរបស់ខ្លួនបានប្រកបដោយប្រសិទ្ធភាព មេធាវីមិនត្រូវស្ថិតនៅក្រោមការគំរាមកំហែងឬបំភិតបំភ័យ និងមិនត្រូវជាគោលដៅសម្រាប់ការចោទប្រកាន់ឬទណ្ឌកម្មខាងវិន័យដោយសារតែបានធ្វើការងារដើម្បីជាប្រយោជន៍ដល់កូនក្តីខ្លួននោះឡើយ"។
លោក ឡេអង់ដ្រូ ដេសពុយ បានគូសបញ្ជាក់ថា ៖ "សកម្មភាពប្រឆាំងនឹងមេធាវីនៅក្នុងប្រទេសកម្ពុជានាពេលថ្មីៗនេះហាក់ដូចជាបង្ហាញនូវនិន្នាការថ្មីដ៏គួរឲ្យព្រួយបារម្ភ ដែលអាចនឹងធ្វើឲ្យមានការប៉ះពាល់ដល់ការអនុវត្តន៍មុខវិជ្ជាជីវៈច្បាប់"។
សេចក្តីប្រកាសព័ត៌មានបានលើកឡើងនូវករណីមួយចំនួនដែលក្នុងនោះរួមមានទាំងករណីមួយកាលពីសប្តាហ៍មុនទាក់ទងនឹងមេធាវីការពារក្តីឲ្យសមាជិកាសភាមួយរូបនៃគណបក្សប្រឆាំងដែលបានប្តឹងចោទប្រកាន់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ពីបទបរិហារកេរិ៍្តនោះ ត្រូវបានទទួលការចោទប្រកាន់ពីបទបរិហារកេរិ៍្ត ហើយប្រឈមមុខនឹងការគំរាមកំហែងបណ្តេញចេញពីគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។
លោក ឡេអង់ដ្រូ ដេសពុយ ក៏បានធ្វើការរំឭកដល់រាជរដ្ឋាភិបាលកម្ពុជាពីកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់អន្តរជាតិដូចដែលមានចែងនៅក្នុងគោលការណ៍ជាមូលដ្ឋានរបស់អង្គការសហប្រជាជាតិស្តីពីតួនាទីរបស់មេធាវី ដែលបញ្ជាក់យ៉ាងច្បាស់ថា ៖ "មេធាវីមិនត្រូវក្លាយជាមុខសញ្ញាជាមួយនឹងកូនក្តីរបស់ខ្លួនឬជាមួយបុព្វហេតុកូនក្តីរបស់ខ្លួនដោយសារការបំពេញតួនាទីរបស់ខ្លួននោះឡើយ។ រដ្ឋាភិបាលត្រូវធានាថា មេធាវីអាចបំពេញមុខវិជ្ជាជីវៈទាំងអស់របស់ខ្លួនដោយគ្មានការបំភិតបំភ័យ ការបន្ទុចបង្អាក់ ការយាយីឬការជ្រៀតជ្រែកដែលមិនត្រឹមត្រូវឡើយ។ មេធាវីមិនត្រូវទទួលរងឬត្រូវបានគំរាមកំហែងដោយការចោទប្រកាន់តាមផ្លូវតុលាការឬរដ្ឋបាល ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចឬទណ្ឌកម្មឯទៀត ចំពោះសកម្មភាពណាមួយដែលខ្លួនបានធ្វើស្របតាមបទដ្ឋានតួនាទីនិងបញ្ញតិ្តក្រមសីលធម៌មុខវិជ្ជាជីវៈ ដែលត្រូវបានទទួលស្គាល់នោះឡើយ"។
សូមបញ្ជាក់ថា លោក ឡេអង់ដ្រូ ដេសពុយ ដែលមានឋានៈជាអ្នករាយការណ៍ពិសេសផ្នែកភាពឯករាជនៃចៅក្រមនិងមេធាវីរបស់អង្គការសហប្រជាជាតិ មានអាណត្តិខុសគ្នាដាច់ស្រឡះពីលោកសាស្ត្រាចារ្យ Surya Subedi អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា៕
