សេចក្តីថ្លែងការណ៍ដដែលនោះបន្តថា ការឲ្យប្រជាពលរដ្ឋនៃក្រុម៧៨ចាកចេញពីលំនៅឋានរបស់ខ្លួនមុនការស្នើសុំសិទ្ធិកម្មសិទ្ធិលើដីធ្លីរបស់គាត់បានត្រូវសម្រេចដោយយន្តការរដ្ឋបាលឬប្រព័ន្ធយុត្តិធម៌ពាក់ព័ន្ធ គឺជាសញ្ញាមួយប្រាប់ទៅសហគមន៍ដទៃទៀតថា អាជ្ញាធរមានសមត្ថកិច្ចនឹងអាចអនុវត្តដូចគ្នានេះដែរ បើទោះបីជាប្រជាពលរដ្ឋទាំងនោះមានសិទ្ធិកាន់កាប់ស្របច្បាប់ក៏ដោយ ក៏ផលប្រយោជន៍នៃការអភិវឌ្ឍនឹងអាចមានប្រៀបលើនីតិវិធីត្រឹមត្រូវនិងច្បាប់ភូមិបាលបានដែរ។
ក្នុងសេចក្តីថ្លែងការណ៍នោះដែរ ការិយាល័យនៃឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាបានសង្កត់ធ្ងន់ថា ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះការបង្ខំឲ្យចាកចេញក៏ដូចជាការបណ្តេញចេញប្រជាពលរដ្ឋក្រីក្រដទៃទៀតនៅទីក្រុងបានបង្ហាញអំពីអសមត្ថភាពនៃប្រព័ន្ធគ្រប់គ្រងរដ្ឋបាលដីធ្លី ជាពិសេសគឺកម្មវិធីចេញប័ណ្ណកម្មសិទ្ធិដីធ្លី និងការធានានូវសុវត្ថិភាពនៃការកាន់កាប់ដីធ្លីសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនគិតពីឋានៈសង្គម ទីតាំងឬទ្រព្យសម្បត្តិរបស់ពួកគេឡើយ។
សេចក្តីថ្លែងការណ៍ដដែលនេះបន្តថា អនុលោមតាមអនុសាសន៍របស់អ្នកជំនាញការអង្គការសហប្រជាជាតិនិងដៃគូអភិវឌ្ឍន៍នានា យើងខ្ញុំសុំជំរុញឲ្យរាជរដ្ឋាភិបាលគិតគូរយ៉ាងហ្មត់ចត់ដល់ការអនុវត្តរាល់ការបណ្តេញចេញ ហើយត្រូវរង់ចាំរហូតដល់មានក្របខ័ណ្ឌច្បាប់មួយច្បាស់លាស់បានត្រូវអនុម័តឡើងដើម្បីធ្វើការណែនាំការអនុវត្តនៃការបណ្តេញចេញប្រកបដោយវិចារណញ្ញាណនិងការតាំងទីលំនៅថ្មីរបស់អ្នកទាំងនោះ៕
