ឌុច ថា មន្ត្រី​អ.ស.ប.​ប៉ុនប៉ង​នាំ​គាត់​ភៀស​ខ្លួន​ចេញ​ពី​កម្ពុជា​នា​ឆ្នាំ​១៩៩៩

កាំង ហ្កេក​អ៊ាវ ហៅ ឌុច បាន​ថ្លែង​ថា កាល​ពី​ឆ្នាំ​១៩៩៩ គឺ​មាន​មន្ត្រី​នៃ​អង្គការ​សហប្រជាជាតិ (អ.ស.ប.) មួយ​ក្រុម​បាន​ទៅ​ជួប​គាត់ ហើយ​ថា​នឹង​ជួយ​រៀបចំ​ឲ្យ​គាត់​ភៀស​ខ្លួន​ចាកចេញ​ពី​ប្រទេស​កម្ពុជា ទៅ​កាន់​ប្រទេស​ប៊ែលហ្ស៊ិក​ក្នុង​ឋានៈ​ជា​ជន​ភៀស​ខ្លួន​នយោបាយ។

0:00 / 0:00

ឌុច បាន​ថ្លែង​នៅ​ក្នុង​ការ​ជំនុំ​ជម្រះ​ក្ដី​នា​ថ្ងៃ​ពុធ ទី​២២ ខែ​មេសា​នេះ​ទៀត​ថា កាល​ណោះ មន្ត្រី​នៃ​អង្គការ​សហប្រជាជាតិ គឺ​លោក Christophe Peschoux បាន​ទៅ​ជួប​គាត់​នៅ​ឯ​បាត់ដំបង។

បន្ទាប់​ពី​សាកសួរ​គាត់​រួច​នា​ល្ងាច​ថ្ងៃ​ទី​៣ ខែ​ឧសភា ឆ្នាំ​១៩៩៩ មន្ត្រី​នោះ​ប្រាប់​ថា ចង់​ឲ្យ​គាត់​ចេញ​ទៅ​ប្រទេស​ប៊ែលហ្ស៊ិក ៖ «Peschoux (ប៉េស្សូ) ... គេ​ប្រាប់​ខ្ញុំ​ថា Peschoux បាន​រត់​ចុះ​រត់​ឡើង​ពេញ​មួយ​សកល​លោក​ដើម្បី​ឲ្យ​ខ្ញុំ​ទៅ​សុំ​ជ្រក​កោន ដើម្បី​ឲ្យ​ខ្ញុំ​ទៅ​ជ្រកកោន​ក្នុង​ឋានៈ​ជា​ជន​ភៀស​ខ្លួន​នយោបាយ ហើយ​ដល់​ចុង​បញ្ចប់​គេ​ថា រក​មិន​បាន ឥឡូវ​ទៅ​ជាប់​គុក​នៅ​ប៊ែលហ្ស៊ិក​ទៅ។ ខ្ញុំ​ហួស​ចិត្ត។ ដល់​អ៊ីចឹង​ខ្ញុំ​សួរ​ទៅ​វិញ ខ្ញុំ​ថា​ទៅ​ប៊ែលហ្ស៊ិក​ហ្នឹង បើ​សិន​ជា​គេ​កាត់​ទោស​ខ្ញុំ​មិន​ដល់​មួយ​ជីវិត ខ្ញុំ​នៅ​សល់​ទោស​ខ្លះ​ត្រឡប់​មក​វិញ ខ្ញុំ​បាន​លុយ​ឯណា​ជិះ​កប៉ាល់​ហោះ?»

ឌុច បន្ត​ថា នៅ​គ្រា​នោះ គាត់​ក៏​បាន​ព្យាយាម​បដិសេធ​សំណើ​នោះ​ផង​ដែរ ៖ «ក៏​ប៉ុន្តែ​គេ​នៅ​តែ​បង្ខំ​ចិត្ត​ឲ្យ​ខ្ញុំ​ទៅ ឲ្យ​លុយ​ខ្ញុំ ៥០​ដុល្លារ ឲ្យ​ខ្ញុំ​ជិះ​ឡាន​ទៅ ឲ្យ​ខ្ញុំ​ចេញ​ទៅ​ហួស​ប៉ោយប៉ែត​ទៅ ទៅ​ឲ្យ​ប៉ូលិស​អន្តរជាតិ​ចាប់​ខ្ញុំ​នៅ​ទី​ហ្នុង ហើយ​គេ​បញ្ជូន​ទៅ​ប៊ែលហ្ស៊ិក​តាមរយៈ​ហ្នឹង។ ខ្ញុំ​ហួស​ចិត្ត»

ហើយ ឌុច ចោទ​ថា​អ្វី​ដែល​មន្ត្រី​អង្គការ​សហប្រជាជាតិ​ធ្វើ​នោះ គឺ​មិន​ត្រឹម​ត្រូវ​ទេ ៖ «ប៉េស្សូ ធ្វើ​ដូច​ចោរ​អ៊ីចឹង។ ប្រទេស​គេ​មាន​អធិបតេយ្យ ម៉េច​មិន​ឯកភាព​គ្នា​ជាមួយ​រដ្ឋាភិបាល​សិន? នេះ​ជា​សេចក្ដី​សន្និដ្ឋាន​របស់​ខ្ញុំ។ បើ​ខ្ញុំ​មាន​ទោស​ត្រឹមតែ​សន្និដ្ឋាន សុំ​ទទួល​ទោស»

លោក Christophe Peschoux មិន​ទាន់​អាច​ទាក់ទង​ដើម្បី​បំភ្លឺ​រឿង​ដែល ឌុច ទម្លាយ​ចេញ​នោះ​នៅ​ឡើយ​ទេ។

សូម​ជម្រាប​ថា កាល​ឆ្នាំ​១៩៩៩ លោក Christophe Peschoux បាន​ធ្វើ​ការងារ​ក្នុង​ប្រទេស​កម្ពុជា ដោយ​មាន​តួនាទី​ជា​ប្រធាន​អង្គភាព​ឃ្លាំ​មើល​និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​ការិយាល័យ​ឧត្តម​ស្នងការ​នៃ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​ប្រទេស​កម្ពុជា ហើយ​បច្ចុប្បន្ន​លោក​គឺ​ជា​ប្រធាន​ការិយាល័យ​អង្គការ​សហប្រជាជាតិ​ខាង​លើ​នោះ។

អ្នក​ស្រាវជ្រាវ​ខ្មែរ​មួយ​រូប​ដែល​បាន​ដឹង​រឿង​នោះ បាន​ថ្លែង​ថា អ្វី​ដែល ឌុច លើក​ឡើង គឺ​ជា​រឿង​មិន​ត្រឹម​ត្រូវ​ទាំង​ស្រុង​ទេ។

កាំង ហ្កេក​អ៊ាវ ហៅ ឌុច ធ្លាប់​ជា​មេគុក​ទួលស្លែង​នៃ​របប​ខ្មែរ​ក្រហម។ បន្ទាប់​ពី​ការ​ដួល​រលំ​របប​ខ្មែរ​ក្រហម ឌុច បាន​រស់​នៅ​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា​ដោយ​ប្តូរ​ឈ្មោះ ថា ហង់ ពិន។

ឌុច ត្រូវ​អាជ្ញាធរ​ខ្មែរ​ចាប់​ខ្លួន​ក្នុង​ឆ្នាំ​១៩៩៩ ហើយ​បច្ចុប្បន្ន​ត្រូវ​សាលាក្តី​វិសាមញ្ញ​កំពុង​បន្ត​ជំនុំ​ជម្រះ​រឿង​ក្តី​ដែល​គាត់​ទទួល​ខុស​ត្រូវ​លើ​ការ​សម្លាប់​មនុស្ស​ក្នុង​របប​ខ្មែរ​ក្រហម៕