នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីនាព្រឹកថ្ងៃពុធ លោក ស៊ូរីយ៉ា ស៊ូបេឌី ជាអ្នករាយការណ៍ពិសេសបស់អង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជាអំពីសិទ្ធិមនុស្សដែលទើបបានតែងតាំងថ្មីថ្លែងថា លោកបានសួរលោក Christophe Peschoux រួចហើយ អំពីរឿងដែល ឌុច បានចោទថា លោក Peschoux ជាអ្នកជួយរៀបចំឲ្យ ឌុច ភៀសខ្លួនចេញពីប្រទេសកម្ពុជាកាលពីឆ្នាំ១៩៩៩នោះ។
លោក ស៊ូរីយ៉ា ស៊ូបេឌី ថ្លែងយ៉ាងដូច្នេះថា ៖ «ខ្ញុំមិនយល់ថា គាត់ធ្វើរឿងហ្នឹងដើម្បីរឿងអ្វីនោះទេ អ៊ីចឹងវាមានការពិបាកណាស់សម្រាប់ខ្ញុំក្នុងការយល់អំពីរឿងនេះ ប៉ុន្តែពិតណាស់ លោក ប៉េសូ បដិសេធការចោទទម្លាក់កំហុសលើគាត់នោះ។ ខ្ញុំបានស្ដាប់ប្រសាសន៍លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ហើយខ្ញុំក៏បានស្ដាប់លោក ប៉េសូ ដែរ នៅលើទិដ្ឋភាពនៃព័ត៌មានទាំងនេះ ខ្ញុំនឹងយកទៅពិចារណាដើម្បីធ្វើអនុសាសន៍ឲ្យបានត្រឹមត្រូវ»។
សូមជម្រាបថា កាលពីថ្ងៃទី២២ ខែមេសា អតីតមេគុកទួលស្លែង កាំង ហ្កេកអ៊ាវ ហៅ ឌុច បានថ្លែងជាសាធារណៈក្នុងសាលាក្តីខ្មែរក្រហមថា លោក Christophe Peschoux បានទៅជួបគាត់នៅឯខេត្តបាត់ដំបង ហើយប្រាប់គាត់ឲ្យភៀសខ្លួនចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសថៃដើម្បីទៅជ្រកកោននៅឯប្រទេសប៊ែលហ្ស៊ិកក្នុងឋានៈជាជនភៀសខ្លួននយោបាយ។
នៅក្នុងជំនួបនាពេលថ្មីៗនេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានស្នើឲ្យលោក ស៊ូរីយ៉ា ស៊ូបេឌី សើរើអំពីរឿងនេះដើម្បីបញ្ជាក់ការពិតនិងបញ្ជូនឯកសារពាក់ព័ន្ធករណីនេះទៅស្ថាប័នសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីសផងដែរ។
លោក ស៊ូរីយ៉ា ស៊ូបេឌី ថ្លែងបន្តថា លោក Christophe Peschoux នឹងសហការជាមួយមន្ត្រីរដ្ឋាភិបាលខ្មែរដើម្បីបន្តស្រាវជ្រាវរឿងនេះ ៖ «នៅពេលដែលខ្ញុំជួបជាមួយលោក ឱម យ៉ិនទៀង ជាទេសរដ្ឋមន្រ្តីនោះ គាត់មានប្រសាសន៍ថា គាត់ពិតជាចង់ជួបលោក Christophe Peschoux ដើម្បីជជែកឲ្យយល់គ្នាថាតើត្រូវចាត់ការរឿងនេះយ៉ាងដូចម្ដេច? ដូច្នេះខ្ញុំសង្ឃឹមថា នឹងមានកិច្ចសហការដ៏ល្អរវាងមន្រ្តីការិយាល័យយើងនៅទីនេះ និងមន្រ្តីរដ្ឋាភិបាលកម្ពុជា»។
កាលពីឆ្នាំ១៩៩៩ ឌុច រស់នៅដោយមានសេរីភាពនៅក្នុងខេត្តបាត់ដំបង បើទោះបីជាគេដឹងថា ឌុច ធ្លាប់ជាមេគុកទួលស្លែង ដែលទទួលខុសត្រូវលើការសម្លាប់រង្គាលមនុស្សប្រមាណ១ម៉ឺន៦ពាន់នាក់នាអំឡុងរបបខ្មែរក្រហមនោះក៏ដោយ។
កាលណោះដែរ លោក Christophe Peschoux គឺប្រធានអង្គភាពឃ្លាំមើលនិងការពារសិទ្ធិមនុស្សនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជា។
បច្ចុប្បន្ន លោកក៏កំពុងបន្តធ្វើការក្នុងប្រទេសកម្ពុជាក្នុងតួនាទីជាប្រធានការិយាល័យនៃអង្គការសហប្រជាជាតិដដែលនោះ៕
