មន្ត្រី​អ.ស.ប.​នឹង​មក​កម្ពុជា​ដើម្បី​ជជែក​អំពី​បញ្ហា​សាលាក្ដី​ខ្មែរ​ក្រហម

អគ្គលេខាធិការ​រង​នៃ​អង្គការ​សហប្រជាជាតិ (អ.ស.ប.) លោក Peter Taksoe-Jensen នឹង​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​នៅ​សប្តាហ៍​នេះ​ដើម្បី​ជួប​ជជែក​ស្តីពី​បញ្ហា​សាលាក្តី​ខ្មែរ​ក្រហម​ជាមួយ​លោក សុខ អាន ឧបនាយក​រដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត DPA ដែល​បាន​ដក​ស្រង់​សេចក្តី​រាយការណ៍​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ បាន​ឲ្យ​ដឹង​ថា លោក Taksoe-Jensen បាន​ស្នើ​សុំ​ជួប​ពិភាក្សា​ជាមួយ​មេ​ដឹកនាំ​ខ្មែរ ខណៈ​ការ​ចោទ​ប្រកាន់​ជុំវិញ​រឿង​អាស្រូវ​ពុក​រលួយ​ក្នុង​សាលាក្តី​ខ្មែរ​ក្រហម​កំពុង​តែ​កើត​មាន។

សូម​ជម្រាប​ថា សាលាក្តី​ខ្មែរ​ក្រហម​ដែល​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​២០០៦​នោះ គ្រោង​នឹង​ចាប់​ផ្តើម​បើក​ការ​កាត់​សេចក្តី​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​នៅ​ដើម​ឆ្នាំ​២០០៩​ខាង​មុខ​នេះ៕