មន្រ្តី​អ.ស.ប៖ សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​មិន​ទាន់​គ្រប់​គ្រាន់​តាម​បទដ្ឋាន​អន្តរជាតិ

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ថ្លែង​ថា ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា​នៅ​មិន​ទាន់​គ្រប់​គ្រាន់​តាម​បទដ្ឋាន​អន្តរជាតិ​ទេ បើ​ទោះ​ជា​មាន​ការ​រីក​ចម្រើន​ក្នុង​វិស័យ​ជា​ច្រើន​ក្តី។

0:00 / 0:00

ស្ថានភាព​ខ្វះខាត​នៃ​ការ​គោរព​និង​ការពារ​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា​ក្រោម​បទដ្ឋាន​អន្តរ​ជាតិ ត្រូវ​បាន​អ្នក​រាយ​ការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ ស្តី​ពី​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា គឺ​លោក ស៊ូយ៉ា ស៊ូប៊ែឌី (Surya Subedi) ថ្លែង​ឡើង​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​ដែល​រៀប​នឹង​បញ្ចប់​បេសកកម្ម​រយៈ​ពេល​ពីរ​សប្តាហ៍​របស់​លោក កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ ទី​២៦ មករា ឆ្នាំ​២០១០។

លោក ស៊ូយ៉ា ស៊ូប៊ែឌី បាន​ថ្លែង​យ៉ាង​ដូច្នេះ ៖ ៖ "អ្វី​ដែល​ខ្ញុំ​លើក​នេះ វា​សំដៅ​ទៅ​លើ​ច្បាប់​មួយ​ចំនួន​ ហើយ​និង​ការ​អនុវត្ត​ខ្លះ នៅ​មិន​ទាន់​បាន​បំពេញ​ទៅ​តាម​អ្វី​ដែល​តម្រូវ​ឲ្យ​ទៅ​តាម​បទដ្ឋាន​អន្តរជាតិ​ដែល​ប្រទេស​កម្ពុជា​បាន​ទទួល​យក"

លោក ស៊ូយ៉ា ស៊ូប៊ែឌី ថ្លែង​បញ្ជាក់​ថា បទដ្ឋាន​អន្តរជាតិ​នេះ គឺ​លោក​សំដៅ​ទៅ​រក​បទដ្ឋាន​នានា​ដែល​មាន​ចែង​នៅ​ក្នុង​សន្ធិសញ្ញា​សិទ្ធិ​មនុស្ស​ដែល​ប្រទេស​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន។

លោក ស៊ូយ៉ា ស៊ូប៊ែឌី បន្ត​ថា នៅ​ក្នុង​ដំណើរ​បេសកកម្ម​របស់​លោក​លើក​ទី​ពីរ​នេះ លោក​មាន​ការ​លើក​ទឹក​ចិត្ត​ច្រើន​ដោយ​ភាព​រីក​ចម្រើន​ដែល​ប្រទេស​កម្ពុជា​មាន ជាមួយ​នឹង​ឆន្ទៈ​រដ្ឋាភិបាល​កម្ពុជា​ដែល​ចង់​ធ្វើ​ការ​ជាមួយ​លោក​ក្នុង​ការ​កំណត់​បញ្ហា​និង​ដោះស្រាយ​បញ្ហា​ទាំង​នោះ​រួម​គ្នា។

នៅ​ក្នុង​ទិសដៅ​ពង្រឹង​និង​ផ្តល់​អំណាច​ថែម​ទៀត​ដល់​អង្គការ​ក្រៅ​រដ្ឋាភិបាល លោក ស៊ូយ៉ា ស៊ូប៊ែឌី ថ្លែង​ថា ក្នុង​ជំនួប​ជាមួយ​លោក​នាយករដ្ឋមន្តី្រ ហ៊ុន សែន លោក​បាន​លើក​ឡើង​អំពី​គំនិត​ផ្តួច​ផ្តើម​ក្នុង​ការ​បង្កើត​យន្តការ​ថ្មី​មួយ​ដែល​មាន​ឈ្មោះថា វេទិកា​រដ្ឋាភិបាល​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ដើម្បី​ឲ្យ​ភាគី​ទាំង​ពីរ​អាច​ពិភាក្សា​បញ្ហា​សិទ្ធិ​មនុស្ស​រួម​គ្នា​បាន។ លោក ស៊ូយ៉ា ស៊ូប៊ែឌី ថ្លែង​ទៀត​ថា លោក​នាយករដ្ឋមន្តី្រ ហ៊ុន សែន បាន​ទទួល​យក​គំនិត​ផ្តួច​ផ្តើម​នេះ។

វេទិកា​រដ្ឋាភិបាល​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ត្រូវ​បាន​ស្វាគមន៍​ដោយ​ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក គឺ​លោក ធន សារាយ ដោយ​លោក​មាន​ប្រសាសន៍​ថា គំនិត​នេះ​ក៏​ជា​និន្នាការ​មួយ​ដែល​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចង់​បាន ដើម្បី​លើក​យក​បញ្ហា​នានា​ដាក់​ជូន​រដ្ឋាភិបាល​ដោះស្រាយ​ដែរ។

លោក ធន សារាយ បន្ត​ថា ៖ «ប៉ុន្តែ​ឥឡូវ​យើង​គិត​ថា ក្នុង​ដំណើរ​ដំបូង​បើ​សិន​ជា​រដ្ឋាភិបាល​លោក​មាន​ឆន្ទៈ​ដែរ​នៅ​ក្នុង​ការ​សហការ​នេះ យើង​ក៏​គួរ​តែ​ធ្វើ​កិច្ចការ​នេះ​សហការ​ជាមួយ​រាជ​រដ្ឋាភិបាល​យើង​ដែរ ដើម្បី​ចង់​ផ្ទៀងផ្ទាត់​មើល​ថា តើ​យើង​អាច​ធ្វើ​កិច្ចការ​នេះ​សហការ​បាន​ល្អ​ប្រសើរ​ជា​ជាង​យើង​ធ្វើការ​ទិតៀន​តែ​ឯក​ឯង»

ក្រៅ​ពី​ការ​ស្វាគមន៍​គំនិត​ផ្តួចផ្តើម​ឲ្យ​មាន​យន្តការ​ពិភាក្សា​ថ្មី លោក ធន សារាយ ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ក៏​មាន​សុទិដ្ឋិនិយម​ចំពោះ​ដំណើរ​បេសកកម្ម​ក្នុង​អាណត្តិ​ការងារ​របស់​លោក ស៊ូយ៉ា ស៊ូប៊ែឌី ផង​ដែរ ដោយ​លោក​បញ្ជាក់​ថា លោក ស៊ូយ៉ា ស៊ូប៊ែឌី មាន​របៀប​ធ្វើការ​ថ្មី​ដើម្បី​ធ្វើ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​ក្នុង​ការ​លើក​ស្ទួយ​និង​ការពារ​សិទ្ធិ​មនុស្ស។

ក៏​ប៉ុន្តែ​លោក​ថ្លែង​បន្ត​ថា ៖ «នេះ​ជា​របៀប​ធ្វើការ​មួយ​ខុស​ពី​មុន ហើយ​ខ្ញុំ​ក៏​ចាំ​មើល​ដែរ​ថា តើ​នៅ​ពេល​ខាង​មុខ​គាត់​នឹង​អាច​ដោះស្រាយ​បញ្ហា​មួយចំនួន​ដែល​កើត​ឡើង​ជា​កង្វល់​នៅ​ក្នុង​សង្គម​យើង​បាន​យ៉ាង​ណា​នោះ? នេះ​ជា​បញ្ហា​មួយ​ដែរ​ដែល​យើង​សង្ឃឹម»

លោក ស៊ូយ៉ា ស៊ូប៊ែឌី គ្រោង​ធ្វើ​ទស្សនកិច្ច​នៅ​ខេត្ត​បាត់ដំបង រយៈ​ពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃ​ទី​២៧ និង​២៨ មករា ហើយ​នឹង​បញ្ចប់​បេសកកម្ម​របស់​លោក​នៅ​ឯ​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​២៩ មករា ឆ្នាំ​២០១០៕